ទសប៉ាកកា

· 2020-06-18

ពួកគេទាំងពីរជាមិត្តដ៏ស្មោះត្រង់បំផុតក្នុងជីវិត តែសំខាន់ត្រង់ថា ចង់បានមិត្តមួយណានៅកំដរ!

#រឿងនិទាន និងប្រលោមលោក# #សមត្ថភាព# #ដៃគូស្មោះត្រង់# #កម្សាន្ត# #សេចក្តីទុក្ខ#

29519

គ្មានទេ មនុស្សដែលកើតមកមិនចេះមានទុក្ខ។ ហើយសុខ និងទុក្ខជាដៃគូស្មោះត្រង់បំផុតសម្រាប់ជីវិតមនុស្ស ពួកគេនឹងមិនចាកចេញពីជីវិតរបស់យើងឡើយ វាគ្រាន់តែចូលចិត្តលាក់ខ្លួន លេងបិតពួនអោយយើងស្វែងរកវាប៉ុណ្ណោះ។ 

សុខ និងទុក្ខ អាចលេចរូបរាងឡើងគ្រប់ពេលដែលយើងត្រូវការវា មិនមែនដូចដែលគ្រប់គ្នាតែងតែគិតកន្លងមកថា ពួកវាជាអ្នកចូលមកជីវិតអ្នកដោយខ្លួនវានោះទេ។ 

មនុស្សចូលចិត្តអោយសមត្ថភាពសេចក្តីទុក្ខ មកបញ្ជាជីវិត ហើយរុញច្រានសេចក្តីសុខអោយចាកឆ្ងាយ។ ហេតុអ្វី?

មុននឹងអ្នកតវ៉ានឹងសំណេរមួយនេះ សូមអ្នកពិចារណារឿងមួយជាមួយខ្ញុំសិន...

- តើយើងចាំបាច់ត្រូវខ្វល់ពីពាក្យបង្អាប់បន្ទោសរបស់អ្នកដទៃចំពោះយើងឬអត់?

- តើយើងចាំបាច់ត្រូវធ្វើខ្វល់នឹងសុខទុក្ខអ្នកដទៃដែលមិនធ្លាប់ខ្វល់ពីយើងវិញដែរឬអត់?

- តើយើងចាំបាច់ត្រូវធ្វើគ្រប់យ៉ាងដើម្បីអ្នកដទៃរហូតបំផ្លាញក្តីសុខខ្លួនឯងឬអត់?

- ហើយចាំបាច់អត់ ដែលត្រូវយកពាក្យមាក់ងាយរបស់អ្នកដទៃមកគិតអោយស្មុគស្មាញចិត្ត ដល់ថ្នាក់លែងនឹកនាបាយទឹក?

- ហេតុអ្វី ត្រូវខូចចិត្តព្រោះមនុស្សដែលមិនបានស្រលាញ់ខ្លួន?

- ម៉េចបានជាត្រូវយំ ព្រោះតែអ្នកដទៃដែលមិនដែលអោយតម្លៃខ្លួនទៅវិញ?

គេធ្វើបាបយើង ឬយើងអនុញ្ញាតដោយខ្លួនឯង? គេត្រឹមតែជាមនុស្សក្រៅខ្លួន ដែលមានវត្តមាននៅក្នុងចិត្ត និងបេះដូងរបស់យើងប៉ុណ្ណោះ។ ហើយយើងរឹតតែមិនចាំបាច់ត្រូវប្រគល់ remote បញ្ជាចិត្តយើងទៅគេនោះដែរ។ អត់មានអ្នកណាមកលុបបំបាត់ក្តីសុខចេញពីជីវិតយើងបានទេ បើយើងមិនចង់។ 

ប្រាកដហើយ ក្តីសុខ និងទុក្ខ វានៅវិលវល់ជុំវិញខ្លួនយើងហ្នឹងឯង។ ភាពរីករាយ តែងតែបង្ហាញរូបរាងជាស្នាមញញឹមអោយមនុស្សដែលចេះអោយតម្លៃវាបានឃើញជាប់ជានិច្ច។ ដូច្នេះបើសិនជាអ្នកមិនអាចស្វែងរវាឃើញនោះទេ សេចក្តីទុក្ខនឹងរុំជាប់ប្រាណអ្នកមិនខាន៕

អេ! ខ្ញុំជាភាពរីករាយនោះហើយ ខ្ញុំស្រលាញ់អ្នកដែលកំពុងអាននេះ កុំភ្លេចនាំខ្ញុំទៅកាន់ពិភពលោករបស់អ្នកណា៎... អរគុណ!

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)