
Eang
· 2019-05-30
ខេត្តត្បូងឃ្មុំ ផ្ដួលសៀមរាប លើកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៣
0
ក្រុមបាល់ទាត់ជម្រើសខេត្តត្បូងឃ្មុំ បានយកឈ្នះខេត្តសៀមរាប ១-០ ដើម្បីគ្រងតំណែងជើងឯក ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៣ គ្រាដែលលេខ៣ បានទៅខេត្តរតនគិរី ដែលយកឈ្នះខេត្តកោះកុង ៣-១ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋានវិសាខា កាលពីម្សិលមិញ ។
ខេត្តត្បូងឃ្មុំ និងសៀមរាប បានបញ្ចប់ការប្រកួតដ៏តានតឹងបំផុត ហើយមានកីឡាករ ២រូប (ត្បូងឃ្មុំម្នាក់ និងសៀមរាបម្នាក់) ត្រូវបានអាជ្ញាកណ្ដាល ពិន័យកាតក្រហមទៀតផង ។ ប៉ុន្ដែដែលមិននឹកស្មាន ក្រោយក្រុមទាំងពីរ បញ្ចប់ការប្រកួត ៤៥នាទីដំបូងស្មើគ្នា ០-០ កីឡាករ លី រមី ក៏បានទាត់បំប៉ោងសំណាញ់ទីខេត្តសៀមរាប ១គ្រាប់ នៅដើមតង់ទី២ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះ ដែលធ្វើឲ្យត្បូងឃ្មុំ ក្លាយជាម្ចាស់ពានតែម្ដង ។
នេះគឺជាជោគជ័យគួរឲ្យមានមោទកភាព សម្រាប់ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ ក្នុងនាមជាខេត្តកូនពៅ ដែលអាចគ្រងជើងឯកពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៣ ។ អ្វីដែលពិសេស តាំងពីវគ្គជម្រុះក្នុងពូល រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ខេត្តត្បូងឃ្មុំ បានទទួលជ័យជម្នះគ្រប់ការប្រកួត មិនស្គាល់ស្មើ ឬក៏ចាញ់ម្ដងឡើយ ។
សម្រាប់ក្រុមដណ្ដើមបានជ័យលាភី ក្នុងការប្រកួតពានរង្វាន់របស់ ប្រមុខថ្នាក់ដឹកនាំនេះដែរ លេខ១ ខេត្តត្បូងឃ្មុំ ទទួលបាន ១៥លានរៀល, លេខ២ ខេត្តសៀមរាប ទទួលបាន ៧,៥លានរៀល និងលេខ៣ ខេត្តរតនគិរី ទទួលបាន ៥លានរៀល ។ ឯពានគ្រូល្អ បានទៅគ្រូត្បូងឃ្មុំ លោក ផល រស្មីពេជ្រ គ្រូ ទទួលបាន ៥០ម៉ឺនរៀល, កីឡាករល្អ បានទៅកីឡាករត្បូងឃ្មុំ សំអាត រ៉ាវី ទទួលបាន ៥០ម៉ឺនរៀល និងកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ បានទៅកីឡាករខេត្តកោះកុង ម៉ាត់ អ៊ីហ្សា ទទួលបាន ៥០ម៉ឺនរៀល ។
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)
暂无评论