បង្ហោះផ្សាយ

ខ្មែរ

Reach

· 2019-03-18

កម្ពុជាត្រូវរៀបចំខ្លួន ដើម្បីចាប់យកឱកាស ពីការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ក្នុងក្របខ័ណ្ឌបដិវត្តន៍ឧស្សាទីកម្មទី៤

0

ភ្នំពេញៈ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តម ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ហើយជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងបរិបទសកលភាវូបនីយកម្មនេះ កម្ពុជាពិតជាមិនអាច ចៀសផុតពីការទទួលរងនូវផលប៉ះពាល់ ទាំងវិជ្ជមាន និងអវិជ្ជមានពីបដិវត្តន៍ឧស្សាហកម្មទី៤។

លោករដ្ឋលេខាធិការ បានបន្ដថា កម្ពុជាត្រូវរៀបចំខ្លួនឱ្យបានល្អ និងផ្តល់ការឆ្លើយតបឱ្យបានទាន់ពេល ដើម្បីចាប់យកឱកាសពីការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ក្នុងក្របខ័ណ្ឌបដិវត្តឧស្សាទីកម្មទី៤ ជាពិសេស នៅ ក្នុងសម័យឌីជីថលនេះ។ លោករដ្ឋលេខាធិការ បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “គោលនយោបាយ និងទិសដៅ នៃសេដ្ឋកិច្ច ឌីជីថលកម្ពុជា” ដែល រៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងធនាគារពិភពលោក មានរយៈពេល២ថ្ងៃ។

លោករដ្ឋលេខាធិការ បញ្ជាក់ថា កម្ពុជាត្រូវតែយកចិត្តទុកដាក់ផងដែរ អំពីផលវិបាក និងបច្ច័យ នៃបច្ចេកវិទ្យាមកលើសង្គមជាតិ ពិសេស ផលអវិជ្ជមានមកលើសង្គម ដូចជាគម្លាតជំនាញ និងគម្លាតចំណូលជាដើម។ លើសពីនេះទៅទៀត យើងក៏ត្រូវមានការគិតគូរដល់ការផ្លាស់ប្តូរខាងទស្សនៈ និងឥរិយាបថរបស់មនុស្ស នៅក្នុងសង្គមថែមទៀត។ កម្ពុជាអាចនឹងត្រូវប្រើរយៈពេលវែង ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច កសាង និងប្រែក្លាយសង្គមកម្ពុជាឱ្យក្លាយជាសង្គមឌីជីថលមួយ ដែលមានការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់បម្រើដល់មនុស្ស និងការរស់នៅរបស់ប្រជាជន។

លោករដ្ឋលេខាធិការ បានបន្ដថា ថ្វីដ្បិតតែយើងត្រូវការពេលវេលាយូរ តែយើងក៏មិនអាចអូសបន្លាយបានដែរ ដោយសារយើងត្រូវតែធ្វើកិច្ចការនេះ ចាប់ពីពេលនេះតទៅ។ រីឯការរៀបចំអនុវត្តសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា នឹងផ្តល់នូវអត្ថប្រយោជន៍ចម្បងៗចំនួន៤ដល់សង្គមជាតិរបស់យើង មានជាអាទិ៍ គឺទី១-ការបង្កើនប្រសិទ្ធភាព និងផលិតភាពសេដ្ឋកិច្ច ក៏ដូចជាការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈរបស់រដ្ឋគ្រប់ប្រភេទ និងក្នុងសកម្មភាពធុរកិច្ច។ ទី២-ការតភ្ជាប់ប្រជាជនកម្ពុជាទៅនឹងចរន្តនៃសកលភាវូបនីយកម្ម ទីផ្សារ និងបច្ចេកវិទ្យាពិភពលោក ដ៏ដូចជា ដើម្បីទទួលបាននូវព័ត៌មាន,ចំណេះដឹង,ទស្សនៈ និងររៀបនៃការរស់នៅថ្មី។ ទី៣-បដិវត្តន៍ឧស្សាហកម្មទី៤ ជាពិសេសក្នុងវិស័យឌីជីថល ដែលផ្អែកលើអ៊ីនធើរណិត ហើយវានឹងធ្វើឱ្យមានពិពិធកម្មកាន់តែខ្លាំងក្លាឡើង នៅក្នុងវិស័យកសិកម្ម, ឧស្សាហកម្ម និងសេវាកម្ម ពីវិស័យមួយទៅវិស័យមួយទៀត។ ទី៤-វិស័យឌីជីថលនឹងក្លាយទៅចន្ទុល ឬជាក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ចថ្មី ហើយនិងដើរតួនាទីដ៏សំខាន់ រហូតក្លាយជាចំណែកមួយ នៅក្នុងសេដ្ឋកិច្ចជាតិ៕ ដោយ៖ សោម ចន្ថា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស