បង្ហោះផ្សាយ

ខ្មែរ

Oudom

· 2019-04-12

តំបន់ទេសចរណ៍សំខាន់ៗរំពឹងថា នឹងទទួលបានភ្ញៀវទេសចរច្រើនក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ

0

ខណៈពេលដែលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ នឹងចូលមកដល់នាថ្ងៃអាទិត្យទី១៤ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ តំបន់ទេសចរណ៍សំខាន់ៗនៅទូទាំងប្រទេស រំពឹងថានឹងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទៅទស្សនា និងកម្សាន្តកើនឡើង។

ខែមេសា ជាពេលដែលសីតុណ្ហភាពឡើងខ្ពស់បំផុត ប៉ុន្តែក្តីរំពឹងនៃការជួបជុំសប្បាយជាមួយបងប្អូនសាច់ញាតិនៅតាមបណ្តាខេត្តគឺសំខាន់ ហើយវារឹតតែសំខាន់ទៅទៀត គឺការដើរលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា តាមបណ្តាខេត្ត ដោយសារអំឡុងពេលចូលឆ្នាំ ជាពេលឈប់សម្រាករយៈពេលវែង ក្នុងចំណោមបុណ្យធំៗនៅកម្ពុជា ដែលមានដូចជា បុណ្យអុំទូក បុណ្យភ្ជុំបិណ្ឌជាដើម ។ល។

ក្រសួងទេសចរណ៍បានដៅការរំពឹងរបស់ខ្លួនថា ប្រជាពលរដ្ឋកាន់តែច្រើន នឹងធ្វើដំណើរកម្សាន្តក្នុងអំឡុងពេលសម្រាកបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ។ ក្រសួងលើកឡើងថា ការត្រៀមរៀបចំ និងបង្កើតផលិតផលទេសចរណ៍ថ្មីនៅតាមតំបន់គោលដៅទេសចរណ៍ ជាកត្តាជំរុញឲ្យមានការទាក់ទាញប្រជាពលរដ្ឋខ្មែរដែលចូលចិត្តដើរកម្សាន្ត កាន់តែខ្លាំង។

ទាក់ទងនឹងកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសឈប់សម្រាករយៈពេលបីថ្ងៃខាងមុននេះ លោក ជុក ជំនោរ មន្រ្តីអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា មិនទាន់មានការព្យាករណ៍ជាក់លាក់ណាមួយចំពោះចំនួនភ្ញៀវទេសចរដើរកម្សាន្តនៅឡើយទេ តែលោករំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើង ដោយសារកត្តាសុខសន្តិភាព ជីវភាពប្រជាពលរដ្ឋកាន់តែធូរធារ ជាពិសេសការខិតខំពង្រឹង និងពង្រីកសេវាកម្ម នៅតាមតំបន់គោលដៅទេសចរណ៍ និងការបង្កើតផលិតផលថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាម្តងហើយម្តងទៀត។

គួររំលឹកដែរថា កាលពីអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាលពីឆ្នាំ២០១៨ ភ្ញៀវទេសចរប្រមាណជាង៥លាននាក់បានដើរលេងកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន ៥.១១២.៩៦៩ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៨៨.១៩១ នាក់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស