បង្ហោះផ្សាយ

ខ្មែរ

sopheaktra

· 2019-04-30

មន្រ្តីកម្ពុជាទៅឈ្វេងយល់ពីការគ្រប់គ្រងលេខពិសេសផ្ទាល់ខ្លួន សម្រាប់ការចុះបញ្ជីរថយន្ត នៅទីក្រុងហុងកុង

0

លោក សួន វ៉ាន់ហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកកម្ពុជា នៅដើមសប្តាហ៍នេះ បានដឹកនាំគណៈប្រតិភូមួយក្រុមទៅជួបពិភាក្សាជាមួយនឹងលោក Reginald CHAN អនុប្រធាន នៃគណៈកម្មការគ្រប់គ្រង និងចេញអាជ្ញាប័ណ្ណយានយន្តហុងកុង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ នៅក្នុងការគ្រប់គ្រងយានយន្ត ការចេញអាជ្ញាប័ណ្ណឲ្យយានយន្ត អាចធ្វើចរាចរណ៍នៅលើផ្លូវសាធារណៈ ការស្នើសុំចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន និងការដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន។

នៅក្នុងជំនួបពិភាក្សានោះ រដ្ឋបាលនៃទីក្រុងហុងកុងក៏បានចែករំលែកនូវបទពិសោធន៍ ក៏ដូចជា លិខិតបទដ្ឋានពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រង និងការអនុវត្តច្បាប់ជុំវិញការលក់លេខចុះបញ្ជីយានយន្ត និងការអនុវត្តច្បាប់ រឹតបន្តឹងទៅលើការគ្រប់គ្រងអាជ្ញាប័ណ្ណរបស់យានយន្តផងដែរ។

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ បានរៀបចំនូវសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង និងចេញស្លាកលេខយានយន្ត និងកំពុងរៀបចំនីតិវិធី ស្នើសុំទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីផ្តល់សុពលភាព ក្នុងការអនុវត្តប្រើប្រាស់ ក្នុងពេលឆាប់ៗខាងមុខនេះ។

លេខពិសេសផ្ទាល់ខ្លួននេះមានលក្ខណៈពិសេសបន្ថែមដូចខាងក្រោម៖

១- លេខពិសេសផ្ទាល់ខ្លួនអនុញ្ញាតអក្សរឡាតាំង និងលេខមិនលើសពី៨ខ្ទង់ ដើម្បីផ្តល់ជម្រើសសំបូរបែបជូនប្រជាពលរដ្ឋ

២- ម្ចាស់យានយន្តអាចរក្សាទុកលេខរថយន្តពេលដែលរថយន្តត្រូវបានលក់ និងផ្ទេរកម្មសិទ្ធិទៅឱ្យបុគ្គលទី២

៣- លេខពិសេសផ្ទាល់ខ្លួនមួយចំនួននឹងត្រូវបានដាក់ដេញថ្លៃ ដើម្បីជំរុញការប្រមូលចំណូលមិនមែនសារពើពន្ធជូនរដ្ឋ។

គួរបញ្ជាក់ដែរថា ទីក្រុងហុងកុងបានអនុវត្តយន្តការដេញថ្លៃលេខពិសេសផ្ទាល់ខ្លួននេះ តាំងពីឆ្នាំ១៩៩៧មក ។ នៅក្នុងប្រវត្តិនៃការដេញថ្លៃលេខយានយន្ត លេខដែលមានតម្លៃខ្ពស់ជាងគេបំផុត មានតម្លៃរហូតទៅដល់១៨លានដុល្លារហុងកុង ដែលស្មើនឹងប្រមាណ២,៥លានដុល្លារសហរដ្ឋអាមេរិក៕ ST

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)