បង្ហោះផ្សាយ

ខ្មែរ

Andrew

· 2019-05-04

អ្នកជំនាញ​ព្រមាន​ ​៖​ ​ការទិញ​ដី​ដោយ​មិនដឹង​ពី​សាវតារ​ច្បាស់​ប្រយ័ត្ន​ទឹកភ្នែក​

0

ភ្នំពេញ៖ នៅពេលបច្ចុប្បន្ននេះ ដោយសារតែតម្រូវការនៃការស្នាក់នៅមានការកើនឡើងយ៉ាងខ្លាំង ជានៅពេលដែលតម្លៃដីនៅក្នុងក្រុងកាន់តែឡើងខ្ពស់បានធ្វើឱ្យមនុស្សជាច្រើនសម្រុកទៅទិញដីដែលស្ថិតនៅតាមជាយក្រុងដើម្បីសាងសង់លំនៅដ្ឋាន។ ការទិញទាំងអស់នោះត្រូវបានអ្នកជំនាញផ្នែកអចលនទ្រព្យព្រមានថា ចំពោះការទិញដីសម្រាប់សាងសង់លំនៅដ្ឋានវាជារឿងដែលប្រសើរ ប៉ុន្តែគួរសិក្សាឱ្យបានច្បាស់ពីប្រវត្តិនៃដី ដើម្បីចៀសវាងមានបញ្ហាវិវាទនៅពេលក្រោយ។

វាពិតជាចាំបាច់ណាស់សម្រាប់អ្នកទិញដីដែលត្រូវតែពិនិត្យលើសាវតារ ឬព័ត៌មានថា ប្រសិនបើមានករណីដីនោះនៅជាប់បំណុលពន្ធរដ្ឋមិនបានដោះស្រាយ ឬអ្នកទិញមិនបានពិនិត្យលើចំណុចនេះទេ ដូច្នេះគេមិនអាចផ្ទេរកម្មសិទ្ធិ (កាត់ឈ្មោះ) ឱ្យមកអ្នកទិញបានទេ លុះត្រាតែមានការដោះស្រាយបំណុលនោះរួចទើបអាចផ្ទេរកម្មសិទ្ធិបាន។

លោក គីម ហ៊ាង នាយកក្រុមហ៊ុន Khmer Real Estate បានទទួលស្គាល់ថា ការពិនិត្យមើល ឬដឹងពីសាវតារដីមុនពេលសម្រេចចិត្ដទិញគឺជារឿងចាំបាច់ និងត្រឹមត្រូវបំផុត ព្រោះវាអាចធ្វើឱ្យដំណើរការទិញ-លក់ និងផ្ទេរសិទ្ធិប្រព្រឹត្ដទៅដោយគ្មានបញ្ហា។ លោកបានបញ្ជាក់ថា ៖ « បច្ចុប្បន្នប្រជាជន អ្នករកស៊ី ឬមន្រ្ដីរាជការមួយចំនួនពួកគាត់គ្មានបទពិសោធ ឬវិធីក្នុងការពិនិត្យលើសាវតារដីទេ ដូច្នេះដើម្បីចៀសវាងនូវបញ្ហាទាំងឡាយនៅពេលពួកគាត់ទិញ (ដី) ដែលមានតម្លៃថ្លៃៗពួកគាត់គួរតែពឹងលើក្រុមហ៊ុនអាជីព ឬភ្នាក់ងារអចលនទ្រព្យក្នុងការពិនិត្យលើព័ត៌មានដីទាំងនោះ ព្រោះក្រុមហ៊ុនអាជីពគេមានទំនាក់ទំនងច្រើន ជាពិសេសគេដឹងពីវិធីសាស្រ្ដក្នុងការពិនិត្យមើលសាវតារដី»។

លោកបានបន្តទៀតថា ៖ «ប្រសិនបើយើងមិនបានពិនិត្យសាវតារដីឱ្យបានច្បាស់លាស់ទេនោះ វានឹងអាចបង្កជាបញ្ហា។ ខ្ញុំឧទាហរណ៍ថា មនុស្សមា្នក់មានដីមួយកន្លែងគាត់មិនដែលបានបង់ពន្ធប្រចាំឆ្នាំសោះ ជួនកាលគាត់អាចមិនដឹងអំពីព័ត៌មាននៃការបង់ពន្ធនោះ ឬអាចគាត់ដឹងដែរតែជាប់រវល់ធ្វើការងាររកស៊ី ដូច្នេះគាត់អត់ខ្វល់ គាត់អត់បង់អ្វីទាំងអស់។ ពេលគាត់ចង់លក់អចលនទ្រព្យដែលគាត់មិនបានបង់ពន្ធប្រចាំឆ្នាំ និងពន្ធមិនប្រើប្រាស់អចលនទ្រព្យរាប់ឆ្នាំមកហើយនោះ បូករួមនឹងត្រូវគេពិន័យទៀតផង វាមានចំនួនទឹកប្រាក់ច្រើន ដូច្នេះពេលគាត់គិតដល់បំណុលពន្ធឃើញច្រើន ក៏ចាប់ផ្ដើមមានគំនិតថា មន្រ្ដីពន្ធដារធ្វើបាបប្រជាជន ប៉ុន្ដែយើងត្រូវដឹងថា ច្បាប់គឺច្បាប់ » ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា ៖ «បើទោះបីជាយើងទិញដីតូច ឬធំក៏ដោយ ក៏ចាំបាច់បំផុតដែលអ្នកទិញត្រូវតែដឹងពីសាវតារដីឱ្យបានច្បាស់លាស់ ព្រោះការដឹងព័ត៌មាននឹងមិនធ្វើឱ្យយើងជួបបញ្ហាប្រឈមទេ។ វាមិនមែនសុទ្ធតែការទិញដីដោយមិនបានដឹងពីសាវតារដីត្រូវតែជួបនឹងបញ្ហានោះទេ ប្រសិនបើអ្នកលក់ ឬអ្នកវិនិយោគនោះស្មោះត្រង់ជាមួយអ្នកទិញ វាជារឿងល្អនឹងមិនមានបញ្ហាអ្វីសម្រាប់អតិថិជនទេ ប៉ុន្ដែបើពួកគាត់មិនស្មោះត្រង់នឹងអតិថិជន ហើយអ្នកទិញមិនបានដឹងពីព័ត៌មានក្បាលដីច្បាស់ទៀតនោះ បញ្ហាប្រឈមនឹងកើតឡើង»។

លោកបានបញ្ជាក់ទៀតថា ៖ « វិធីដើម្បីបញ្ចៀសនូវហានិភ័យ អ្នកទិញត្រូវតែចេះស្វែងរកភ្នាក់ងារដើម្បីស្រាវជ្រាវពីព័ត៌មានក្បាលដីដែលគាត់ចង់ទិញនោះ។ តាមពិតទៅវាមិនមានការចំណាយអ្វីច្រើនទេ ប្រសិនបើគាត់សិក្សាគុណគូរការចំណាយលើអ្វីដែលគាត់បានធ្វើដោយខ្លួនឯង ដូចជាការស្វែងរកទិញ ឬធ្វើអ្វីផ្សេងៗត្រូវចំណាយប្រហែលគ្នា តែគាត់បាត់ព័ត៌មានច្រើន។ ផ្ទុយទៅវិញបើគាត់រកភ្នាក់ងារអចលនទ្រព្យដែលមានកេរ្ដិ៍ឈ្មោះ ឬក្រុមហ៊ុនមានឈ្មោះក្នុងសង្គមជួយគាត់នឹងទទួលបានភាពកក់ក្ដៅ » ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស