បង្ហោះផ្សាយ

ខ្មែរ

Roumjong

· 2019-05-06

ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ដ៏​របស់​អាមេរិក​នឹង​ចូល​មកកាន់​ទីផ្សារ​កម្ពុជា​

0

ភ្នំពេញ៖ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ដ៏ធំប្រចាំនៅសហរដ្ឋអាមេរិក នឹងចូលមកបង្ហាញខ្លួននៅលើទីផ្សារកម្ពុជា ដែលជាការបង្ហាញឱ្យឃើញពីទីផ្សារអចលនទ្រព្យនៅកម្ពុជាកាន់តែធ្វើពិធិធកម្ម និងកំពុងអភិវឌ្ឍន៍គួរឲ្យកត់សំគាល់។

នាយិកាក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ Century21 Cambodia លោកស្រី Grace Rachny Fong បានបង្ហើបប្រាប់ឱ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី៣ ឧសភានេះថា ក្នុងអំឡុងឆ្នាំ២០១៩នេះ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិក នឹងចូលមកប្រកួតប្រជែងនៅលើទីផ្សារអចលនទ្រព្យកម្ពុជា។

លោកស្រីបានបញ្ជាក់ថា ជាមួយនឹងវត្តមានក្រុមហ៊ុនដ៏ធំ ដែលមានអាយុកាលជាង៣០ឆ្នាំ មកពីសហរដ្ឋអាមេរិកមួយនេះ វាជាការបង្ហាញឱ្យឃើញពីការអភិវឌ្ឍន៍ និងជាសញ្ញាវិជ្ជមាននៃវិស័យអចលនទ្រព្យនៅក្នុងប្រទេសយើង ហើយក៏ជាការរួមចំណែកក្នុងការជួយជំរុញ និងពង្រឹងវិស័យនេះឱ្យកាន់តែល្អប្រសើរ តាមរយៈការប្រកួតប្រជែងគ្នាដើម្បីទទួលបានចំណែកទីផ្សារ។

លោកស្រីបានបន្តទៀតថា “ជាធម្មតា មុនពេលគេសម្រេចចិត្តមកបង្ហាញខ្លួននៅប្រទេសណាមួយ គឺពួកគេបានសិក្សាយ៉ាងច្បាស់ពីស្ថានភាពនយោបាយ ស្ថានភាពសេដ្ឋកិច្ច ក៏ដូចជាសក្តានុពលផងដែរ”។លោកស្រីបន្តថា “ជាក់ស្ដែងដូចជាក្រុមហ៊ុន Century 21 Cambodia ជាដើម មុនពេលទទួលបានសិទ្ធិ ធ្វើជាការិយាល័យតំណាងប្រចាំនៅកម្ពុជា គឺក្រុមហ៊ុនមេបានសិក្សាយ៉ាងលម្អិត ទាំងកេរ្តិ៍ឈ្មោះរបស់អ្នកតំណាងស្នើសុំ ទាំងកេរ្តិ៍ឈ្មោះក្រុមហ៊ុន ជាពិសេស ភាពរីកចម្រើននៃសេដ្ឋកិច្ច និងកម្រិត GDP ក្នុងស្រុកផងដែរ”។

លោកស្រី Grace Rachny Fong បានបន្តថា ចរន្តនៃការវិនិយោគលើវិស័យអចល្រព្យនៅកម្ពុជា កំពុងតែមានភាពផុលផុស ដែលវាជាអាចជាឱកាសល្អសម្រាប់ពួកគេក្នុងការទទួលបានភាគលាភ ឬប្រាក់ចំណេញត្រឡប់ទៅវិញបានយ៉ាងងាយ”។

សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Advance Real Estate លោក ប៉ូ អ៊ាវគង់ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃដដែលនេះថា វាមិនមានអ្វីដែលក្ដីព្រួយបារម្ភនោះទេ អ្វីដែលសំខាន់នោះត្រង់ថា តើក្រុមហ៊ុនអចលនទ្រព្យដែលធំមួយនោះ មកបម្រើលើផ្នែកទីផ្សារមួយណាក្នុងវិស័យអចលនទ្រព្យ ជាក្រុមហ៊ុនភ្នាក់ងារឬជាក្រុមហ៊ុនវិនិយោគ ឬជាប្រភេទក្រុមហ៊ុនដែលលក់កេរ្តិ៍ឈ្មោះ (លក់ Franchise) បន្ត។

លោកបន្តទៀតថា “វាជារឿងដែលល្អចំពោះវិស័យមួយនេះ ព្រោះនៅពេលដែលមានក្រុមហ៊ុនធំៗ ចូលមកកាន់តែច្រើន វានឹងធ្វើឱ្យក្រុមហ៊ុនតូចៗនៅក្នុងស្រុកព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួន ទៅលើគុណភាពនៃសេវាកម្មរបស់ខ្លួនដើម្បីមានលទ្ធភាពអាចប្រកួតប្រជែង រក្សា និងទទួលបានចំណែកទីផ្សាររបស់ខ្លួន”៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)