kuon

· 2019-06-05

វិធីសាស្រ្តងាយៗ! មិនបាច់តែងខ្លួន​ស្អាត​ពេកក៏​មិន​​ខ្វះ​អ្នក​​ចូល​ចិត្ត​​​ចង់​​ក្បែរ​​ ឲ្យ​​តែ​មាន​​​ចរិត​ ៥ យ៉ាង​នេះ​….

0

គ្មាននរណាម្នាក់កើតមក ចង់ឲ្យមនុស្សនៅជុំវិញខ្លួនស្អប់ខ្ពើមនោះទេ។ អ្នកខ្លះមានអត្តចរិតល្អទន់ភ្លន់ គួរឲ្យរាប់អានតាំងពីកំណើតមកម្ល៉េះ ប៉ុន្តែអ្នកខ្លះវិញ ទាល់តែត្រូវហ្វឹកហាត់បន្តិចសិន ទើបអាចផ្លាស់ប្តូរទៅជាល្អប្រសើរបាន។ ចង់ឲ្យគេឯងចូលចិត្តចង់នៅក្បែរ មិនស្ថិតនៅលើរូបសម្រស់ខាងក្រៅតែមួយមុខឡើយ។ សំខាន់បើអ្នកមានអត្តចរិត ៥ យ៉ាងនេះក្នុងខ្លួន ទោះមិនប្រឹងក៏មិនខ្វះអ្នកស្រលាញ់ចូលចិត្តចង់រាប់អានដែរ។

១. គ្មានគំនិតអវិជ្ជមាន គនិតអវិជ្ជមាន នឹងនាំឲ្យអ្នកក្លាយជាមនុស្សអាក្រក់ដោយមិនដឹងខ្លួន។ គ្មាននរណាគេចង់ដើរជាមួយមនុស្សដែលគិតចង្អៀត ឬចូលចិត្តចូលតួកម្សត់នោះទេ។ ក្រៅពីបង្កផលប៉ះពាល់ដល់អ្នកដទៃហើយ វាក៏អាចបំផ្លាញអារម្មណ៍ផ្ទាល់ខ្លួនដែរ។ នៅជិតមនុស្សអវិជ្ជមានយូរៗ អ្នកដែលអាចរងឥទ្ធិពលអាក្រក់មុនគេ គឺអ្នកនៅជិតខ្លួននេះឯង។ ប៉ុន្តែបើអ្នកជាមនុស្សវិជ្ជមាន គ្រប់គ្នានឹងរីករាយ កក់ក្តៅនឹងនៅជិត ពិសេសគឺគេហ៊ាននិយាយអ្វីត្រង់ៗចេញពីចិត្តផងដែរ។

២. បើកចំហពីចំណុចខ្សោយខ្លះ ចង់ឲ្យមានមនុស្សនៅក្បែរយល់ពីចិត្តអ្នក លុះត្រាតែអ្នកចេះបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយនរណាម្នាក់ បង្ហាញពីចំណុចខ្សោយខ្លះនិងអារម្មណ៍ពិតឲ្យគេបានដឹង។ បើអ្នកខំប្រឹងធ្វើជារឹងមាំគ្រប់ពេល ហើយលាក់អារម្មណ៍ពិតនោះ គេឯងនឹងយល់ថា អ្នកមិនត្រូវការជំនួយឬការលើកទឹកចិត្តអ្វីទាំងអស់។ យ៉ាងណាមិញ ភាពស្និទ្ធស្នាលអាចកើតមានឡើង ដោយសារតែការយល់ពីគ្នាស៊ីជម្រៅ យល់ពីបេះដូងរបស់គ្នាទៅវិញទៅមក។

៣. យកចិត្តទុកដាក់ជាមួយមនុស្សជុំវិញខ្លួន គន្លឹះធ្វើឲ្យគ្រប់គ្នានឹករឭកចង់នៅក្បែរអ្នកគ្រប់ពេល គឺការយកចិត្តទុកដាក់ ចេះជួយយកអសារមនុស្សជុំវិញខ្លួន ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ កុំរំពឹងច្រើនពេក ថាអ្នកដទៃនឹងមកជួយអ្នក តែត្រូវនឹកគិតថា តើអ្នកអាចជួយអ្វីបានខ្លះដល់ពួកគេ។ ទោះបីជាពេលខ្លះ អ្នកត្រូវនិយាយប្រកែកក៏ដោយ ប៉ុន្តែទឹកចិត្តល្អ មិនរលាយសាបសូន្យទេ ហើយវានៅតែធ្វើឲ្យគេនឹកឃើញដល់អ្នកជានិច្ច។

៤. ត្រូវធ្វើអ្វីដែលជាខ្លួនឯង ”ធ្វើជាខ្លួនឯង” ពាក្យមួយឃ្លានេះ ឧស្សាហ៍ឭគេនិយាយណាស់នាសម័យបច្ចុប្បន្ន ប៉ុន្តែក៏គួរតែអនុវត្តដូចគ្នា។ នៅពេលអ្នកស្គាល់ច្បាស់និងហ៊ានទទួលយកនូវអ្វីដែលខ្លួនមាន អ្នកដទៃក៏ចូលចិត្តនិងចងចាំអ្នកទុកជារៀងរហូតដែរ។ ការធ្វើអ្វីដែលជាខ្លួនឯង មិនចម្លងអ្នកណា មិនលាក់ពុត គឺជាចំណុចខ្លាំងនិងទាក់ទាញបំផុតដែលគួរមានជាប់ខ្លួន។

៥. គោរពឲ្យតម្លៃអ្នកដទៃ ចេះគោរពឲ្យតម្លៃខ្លួនឯង តែកុំភ្លេចធ្វើបែបនេះជាមួយអ្នកដទៃផង មិនថាគេមានទ្រព្យសម្បត្តិ ឬវណ្ណៈតូចទាបយ៉ាងណាក៏ដោយ។ មនុស្សម្នាក់ៗ មានជីវិតលើលោក គួរគោរពឲ្យតម្លៃដូចគ្នា។ វាមិនត្រឹមតែអាចបង្ហាញពីគុណធម៌របស់អ្នកប៉ុណ្ណោះ ទេ សូម្បីអ្នកដទៃមើលមក ក៏គិតថាអ្នកជាមនុស្សគួរឲ្យស្រលាញ់រាប់អានដែរ។ យ៉ាងណាក្តី ត្រូវចាំថា ការគោរព ក៏មានព្រំដែនដែរ ដាច់ខាតកុំបណ្តោយឲ្យគេជិះជាន់ លើទង្វើល្អនិងកាយវិការទន់ភ្លន់របស់អ្នក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស