
Mliss
· 2019-07-26
ស្រឡាញ់ជីវិត! អ្នកបើកបរទាំងឡាយមិនគួរធ្វើទង្វើគ្រោះថ្នាក់ប្រាំមួយយ៉ាងនេះ
#ទង្វើគ្រោះថ្នាក់# #ចំណេះដឹង# #អ្នកបើកបរ# #អប់រំ និងការងារ#
0
គ្រោះថ្នាក់ចរាចរណ៍កំពុងបង្កជាកង្វល់មួយសម្រាប់អ្នកធ្វើដំណើរ មិនថានៅកម្ពុជា ឬនៅប្រទេសដទៃឡើង។ នៅសហរដ្ឋអាមេរិក គ្រោះថ្នាក់ចរាចរណ៍ត្រូវបានគេចាត់ទុកថាជាកក្តាធ្វើឲ្យមនុស្សស្លាប់ច្រើនជាងគេក្នុងចំណោមកត្តាផ្សេងទៀត ដែលអាចមានអ្នកស្លាប់រហូតដល់៣៥ ០០០នាក់ក្នុងមួយឆ្នាំ។ នេះបើតាមការដកស្រង់ទិន្ន័យរបស់វែបសាយ Road and Track ពីស្ថាប័នជាតិសុវត្ថិភាពចរាចរណ៍មួយរបស់អាមេរិក។
បើតាមការចុះផ្សាយរបស់វែបសាយចរាចរណ៍មួយមានឈ្មោះថាRoad and Track យ៉ាងហោចណាស់មានទង្វើប្រាំមួយយ៉ាង គ្រោះថ្នាក់បំផុតដែលអ្នកបើកបរមួយចំនួនបាននឹងកំពុងធ្វើ។
១. ការបើកបរក្នុងស្ថានភាពស្រវឹង៖ គ្រឿងស្រវឹងកាត់បន្ថយសមត្ថភាពអ្នកបើកក្នងការគ្រប់គ្រងស្ថានការណ៍ពេលធ្វើចរាចរណ៍ ជាពិសេសមានប្រតិកម្មយឺតនៅពេលជួបហេតុការណ៍ណាមួយ។
២. បើកបរក្នុងស្ថានភាពងងុយ៖ មិនខុសពីបើកបរក្នងុស្ថានភាពស្រវឹងដែរ ពេលងងុយនឹងធ្វើឲ្យអ្នកបើកបរមានប្រតិកម្្មយឺតពេលជួបហេតការណ៍ណាមួយ ឬមិនអាចធ្វើអ្វីបានទាល់តែសោះពេលបំរុងនឹងបុកឬប៉ះទង្គិចគ្នា។
៣. បើកបរលើសល្បឿនកំណត់៖ ការសិក្សាមួយបង្ហាញថាការបើកបរលើសល្បឿនកំណត់ជាកត្តាធំទីពីរធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីការបើកបរក្នុងស្ថានភាពស្រវឹង។ ការបើកបរកាន់តែលឿន ឱកាសក្នុងការប៉ះទង្កិច ឬបុកក៏កាន់តែខ្ពស់។
៤. ប្រើទូរស័ព្ទនៅពេលបើកបរ៖ ការផ្ញើសារ ឬលើកទទួលទូរស័ព្ទនៅពេលបើកបរ បានរំខានដល់ការបើបបរ ដែលចំណុចនេះបាន ធ្វើឲ្យភ្នែករបស់អ្នកបើកបរបែរចេញពីផ្លូវ និងមិនបានឃើញយាននៅខាងមុខមានការប្រែប្រួលចលនាបែបណា ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់។
៥. ការបើកបរក្នុងល្បឿនលឿនពេលអាកាសធាតុមិនល្អ៖ ពេលអាកាសធាតុមិនល្អដូចជាមានភ្លៀងអ្នកបើកបរត្រូវបន្ថយល្បឿន ដើម្បីជៀសវាងគ្រោះថ្នាក់។ អ្នកបើកបរខ្លះមិនធ្វើដូចនេះទេ គឺនៅតែបើកបរក្នុងល្បឿនលឿន ហើយងាយនឹងបង្កគ្រោះថ្នាក់ដោយសារផ្លូវរអិល។
៦. ការបើកបរមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព៖ ការសិក្សាមួយនៅអាមេរិករកឃើញថាខ្សែក្រវ៉ាត់សុវត្ថិភាពបានជួយសង្គ្រោះជីវិតអ្នកក្នុងរថយន្ត៧៥ ០០០នាក់ចន្លោះពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ ពេលមានគ្រោះថ្នាក់ចរាចរណ៍។ ពោងសុវត្ថិភាពមិនអាចជួយសង្គ្រោះអ្នកក្នុងរថយន្តបានពេញលេញនោះទេបើអ្នកទាំងនោះមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)