
plncambodia news
· 2020-03-19
តើប្រទេសចិនអាចដកឌុយ ចេញពីបច្ចេកវិទ្យាសហរដ្ឋអាមេរិកបានឬនៅ?
#ឌុយ# #បច្ចេកវិទ្យា# #វិទ្យាសាស្ត្រ# #សហរដ្ឋអាមេរិក#
760
កាលពី ៣ ឆ្នាំមុន មនុស្សជាច្រើននិយាយថា ចិនអាចពឹងលើបច្ចេកវិទ្យាសហរដ្ឋអាមេរិកបាន គឺវាប្រសើរជាង ចិនបង្កើតបច្ចេកវិទ្យាដោយខ្លួនឯង
“កាលពី ៣ ឆ្នាំមុន មនុស្សជាច្រើននិយាយថា ចិនអាចពឹងលើបច្ចេកវិទ្យាសហរដ្ឋអាមេរិកបាន គឺវាប្រសើរជាង ចិនបង្កើតបច្ចេកវិទ្យាដោយខ្លួនឯង។ ប៉ុន្តែ បច្ចុប្បន្ននេះ បើអ្នកណាម្នាក់និយាយដូច្នេះ មានន័យថា អ្នកនោះបានដេកលក់អស់ ៣ ឆ្នាំហើយ។” នេះបើតាមសម្តីរបស់លោក យ៉ាន មិង នាយកសហព័ន្ធកុំព្យូទ័រប្រទេសចិន ។
ទំនាស់ជូរចត់រវាងចិននិងសហរដ្ឋអាមេរិកនៅក្នុងវិស័យបច្ចេកវិទ្យា បង្កការពិបាកដល់ភាគីជាច្រើន រួមទាំងស្ថាប័នរដ្ឋនិងឯកជន ក្នុងប្រទេសទាំងពីរ។ តាំងពីដើមឆ្នាំ ២០១៩ មក ទីក្រុងវ៉សស្ហិងតុន(Washington) បានប្រើមធ្យោបាយរាំងខ្ទប់ ក្នុងគោលបំណងកាត់ផ្តាច់ក្រុមហ៊ុនចិនទាំងឡាយ ឲ្យដាច់ចេញពីខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងសហរដ្ឋអាមេរិក ក្នុងនោះមានដូចជា ក្រុមហ៊ុនទូរគមនាគមន៍ចិន ហ្វ៉ា វ៉េ (Hauwei) ជាដើម។ ចំណាត់ការលើក្រុមហ៊ុនបច្ចេកវិទ្យាចិនទាំងនោះ ក៏ព្រោះតែសហរដ្ឋអាមេរិកសំអាងលើហេតុផលសន្តិសុខរបស់ខ្លួន ។ ផលវិបាកនៃសង្រា្គមត្រជាក់ពាណិជ្ជកម្ម ចិន-អាមេរិក បែបនេះ ធ្វើឲ្យទីក្រុងប៉េកាំងនិងក្រុមអ្នករកស៊ីចិនជាច្រើន កំពុងតែសិក្សាវាយតម្លៃចំពោះការពឹងផ្អែកទៅលើបច្ចេកវិទ្យាសហរដ្ឋអាមេរិក ។
ចង់ឬមិនចង់ ដំណោះស្រាយគឺត្រូវតែបង្កើតបច្ចេកវិទ្យាដោយខ្លួនឯង គ្រប់គ្រងដោយខ្លួនឯង ម្ចាស់ការដោយខ្លួនឯង។ ក៏ប៉ុន្តែ នៅក្នុងយុទ្ធនាការបង្កើតបច្ចេកវិទ្យាដោយខ្លួនឯងនេះ ចិនត្រូវប្រឈមនឹងរឿងសំខាន់ពីរ។ ទី១ គឺបញ្ហា hardware ពិសេសគឺចិនត្រូវបង្កើតឈីបកុំព្យូទ័រ(computer chip)ខ្លួនឯង និងទីពីរ គឺបញ្ហាអ្នកជំនាញខាងបច្ចេកវិទ្យា ដែលចិនត្រូវរកមកបំពេញចន្លោះខ្វះខាត ដើម្បីបំពេញតម្រូវការយ៉ាងសំបើម។បញ្ហាទី ១ ខាង Hardware នោះ គឺចិនត្រូវចេះឌីសាញនិងផលិតឧបករណ៍ចម្លងចរន្តអគិសនីពាក់កណ្តាល ដែលគេហៅថា សីមីខុនដាក់ធ័រ(semiconductor) ហើយនិងត្រូវផលិតឈីបសម្រាប់កុំព្រូទ័រ ដោយខ្លួនឯង ដែលសមត្ថភាពនេះ ប្រទេសចិនដើរក្រោយសហរដ្ឋអាមេរិកឆ្ងាយគួរសម។ ឈីប គឺជាផ្នែកសំខាន់បំផុតមួយ បើចិនចង់រស់ដោយខ្លួនឯង ក្នុងវិស័យផលិតកុំព្យូទ័រគ្រប់ប្រភេទ។ ជាការពិត ក្រុមហ៊ុនចិនមួួយចំនួន ដូចជា ហ្សាវមី(Xiaomi) និង ហ្វ៉ា វ៉េ (Huawei) មានសមត្ថភាពឌីសាញ chip ដោយខ្លួនឯងដើម្បីផលិតទូរស័ព្ទឆ្លាតរបស់ខ្លួន។
ប៉ុន្តែ ការដែលអាចឌីសាញ chip ដែលទំនើប កម្រិតខ្ពស់ មានគុណភាពខ្ពស់ ដូចជា ប្រភេទម៉ៃក្រូប្រ៉ូសេសស័រ(microprocessor) ដែលអាចយកទៅប្រកួតប្រជែងជាមួយក្រុមហ៊ុនអ៊ុនថែលស៍ Intel’s ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកបាន គឺចិនត្រូវការពេលវាលាយ៉ាងតិចក៏ ១ ទសវត្សទៀតដែរ។ចំណែកឯបញ្ហាទី ២ ខាងជំនាញវិញ ក៏មិនខុសពីបញ្ហាខាងឈីប hardware និង software ដែរ ចិនប្រើតែរបស់បរទេសលោកខាងលិច។ ឥឡូវនេះ រដ្ឋាភិបាលកុម្មុយនីស្តចិន កំពុងតែចាត់វិធានការណ៍ប្រម៉ាញ់រកអ្នកជំនាញ ដូចជា ទាក់ទាញអ្នកជំនាញការទាំងបរទេស រួមទាំងជនជាតិចិន ដែលរស់នៅក្រៅស្រុក ឲ្យត្រឡប់មកធ្វើការក្នុងស្រុកវិញ។ ការទាក់ទាញនេះ ផ្តល់ផលប្រយោជន៍លើកទឹកចិត្តជាច្រើនដូចជា ការលើកលែងពន្ធ ការផ្តល់ធនធានសម្រាប់ការស្រាវជ្រាវ ផ្តល់ទីធ្លា ផ្តល់ការិយាល័យ ផ្តល់ទីកន្លែងសម្រាប់ធ្វើពិសោធន៍ ។ ការលើកទឹកចិត្តនេះ ចិនក៏ធ្វើជាមួយអ្នកជំនាញក្នុងស្រុកដែរ ។ នៅក្នុងដំណើរផ្លូវឈ្ពោះទៅរកស្វយ័តភាពផ្នែកបច្ចេកវិទ្យា ប្រទេសចិនត្រូវជួបការលំបាកក្នុងការរក្សាទំនាក់ទំនងជាមួយពិភពលោកទំនើបខាងក្រៅ ប្រទេសចិនត្រូវការពេលវាលាថែមទៀត ប្រទេសចិនត្រូវការបទពិសោធន៍បន្ថែមទៀត ដើម្បីដើរឲ្យទាន់លោកខាងលិចខាងវិស័យបច្ចេកវិទ្យា។ ក៏ប៉ុន្តែ មិនយូរប៉ុន្មាន ប្រទេសចិននឹងសម្រេចបានស្វ័យភាពផ្នែកបច្ចេកវិទ្យា ហើយបើគ្មានការអាក់ខាន ចិនមុខជានឹងនាំមុខពិភពលោកថែមទៀត។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)