បង្ហោះផ្សាយ

ខ្មែរ

plncambodia news

· 2020-03-19

ទីក្រុងនៅភពអង្គាររបស់លោក អ៊ីឡន ម៉ាស នឹងកើតឡើងមិនហួសឆ្នាំ ២០៥០

#អ៊ីឡន ម៉ាស# #បច្ចេកវិទ្យា# #វិទ្យាសាស្ត្រ# #ភពអង្គារ#

496

ក្រៅពីជាមហាសេដ្ឋីប៊ីលាននែរ និងជាសហគ្រិនដ៏ជោគជ័យក្នុងកម្រិតប្រហាក់ប្រហែលលោក ស្ទីវ ចបស៍ ដែរ លោក អ៊ីឡន ម៉ាស ត្រូវបានគេស្គាល់ដោយរហ័សនាមមួយទៀតថា ជាបុរសរ៉ុកកែត ឬ ជាអាយរ៉ន់មែន ពិតប្រាកដក្រៅខ្សែភាពយន្ត។ រហ័សនាមនេះ បានមកដោយសារ កាលពីឆ្នាំ ២០១៥ ក្រុមហ៊ុន ស្ប៉េសអិកស៍ របស់លោក បានធ្វើបដិវត្តមុនគេ ក្នុងការបង្កើតកាំជ្រួចរ៉ុកកែតឈ្មោះ ស្ប៉េសអិកស៍-ហ្វលខន់-ណាញ ដើម្បីបង្ហោះយាន្តអវកាស ឲ្យហោះចូលក្នុងគន្លងគោចរផែនដី ហើយបញ្ជាធុងរ៉ុកកែតដែលប្រើអស់ហ្គាស ឲ្យចុះចតមកលើដី ឬមកលើនាវាដ្រូនលើសមុទ្ទវិញ បានដោយជោគជ័យ ដោយមិនទម្លាក់ចោលក្នុងសមុទ្ទដូចទម្លាប់មុនៗ ។

ជោគជ័យនេះធ្វើឲ្យលោកអាចប្រកួតប្រជែងជាមួយរដ្ឋាភិបាលនានា ជាមួយក្រុមហ៊ុនអវកាសនានា ពេញពិភពលោក ដោយកាត់បន្ថយការចំណាយបង្ហោះកាំជ្រួចអវកាសមួយលើកៗ ពីតម្លៃមធ្យម ១៥២ លាន ដែលអង្គការណាហ្សាធ្លាប់ចំណាយ មកត្រឹមតែ ៦២ លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។ លោកមានបំណងនឹងប្រើរ៉ុកកែតដដែលនេះ ជាច្រើនសារឡើងវិញឲ្យបាន ១០០ ដង ហើយបើដូច្នេះមែន តម្លៃចំណាយហោះទៅទីអវកាស ១ លើកៗ នឹងធ្លាក់ពី ៦២ លាន មកត្រឹមតែ ២ លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។ តាមការពិត នេះគ្រាន់គឺជាជំហានដំបូងមួយប៉ុណ្ណោះ នៃគម្រោងការដ៏មហិមារបស់លោក អ៊ីឡន ម៉ាស ក្នុងការកសាងទីក្រុង បង្កើតអាណានិគមនៅភពអង្គារ ដោយយកមនុស្សទៅរស់នៅនោះ ហើយមិនត្រឡប់មកវិញ ឲ្យបាន ១ លានអ្នក មិនអោយហួសឆ្នាំ ២០៥០ ។

លោក អ៊ីឡន ម៉ាស មានគោលបំណងចង់ឲ្យមនុស្សក្លាយជាពូជអន្តរភព ដើម្បីជៀសវាងពីមហន្តរាយណាមួយមកកំទេចផែនដី ក្នុងអនាគតឆាប់ៗ ។រហូតមកដល់ពេលនេះ ក្រុមហ៊ុន ស្ប៉េសអិកស៍ បានសាកល្បងគម្រូ ប្រូថូថាយ យាន្តអវកាស ឈ្មោះ ស្តារហ៊្សីប (Starship) ឬហៅថា ប៊ីអេហ្វអារ ប៊ិក-ហ្វលខន់-រ៉ុកកែត ដោយប្រើបន្តុបពីលើកាំជ្រួចខ្នាតយក្ស ១ ទៀតដែលមានឈ្មោះ ស៊ូភ័រ-ហេវី ដែលជាជំនាន់ទី ៣ របស់កាំជ្រួចស៊េរីដំបូង ហ្វលខន់-ណាញ។ តួរយាន្តស្តារហ៊្សីប នោះក៏ជាជាប្រភេទកាំជ្រួចដ៏ធំដាច់ដោយឡែកមួយដែរ ។ ជារួម យាន្តអវកាសស្តាហ៊្សីបនេះទាំងមូលរួមគ្នា មានប្រវែងមុខកាត់ ៩ ម៉ែត្រ មានកំពស់ ១១៨ ម៉ែត្រ ធំជាង និងខ្ពស់ជាងយាន្តអាវកាស ដឹកមនុស្សទៅឋានព្រះច័ន្ទ កាលទសវត្សឆ្នាំ ១៩៦០ ទៅទៀត។

យាន្តស្តារហ៊្សីបទាំងមូល អាចដឹកមនុស្សជាមួយនឹងសំភារ:បានរហូតដល់ ១០០ នាក់ ហើយនឹងត្រូវគេបង្ហោះសាកល្បងលើកដំបូងនៅឆ្នាំ ២០២០ នេះ។លោក អ៊ីឡន ម៉ាស និយាយថា ដើម្បីឲ្យអាចបង្កើតទីក្រុងទី១ ដោយមានពលរដ្ឋ ១ លាននាក់ ដែលអាចរស់ដោយខ្លួនឯង ប្រកបដោយនិរន្តរភាពលើភពអង្គារ ក្រុមហ៊ុន ស្ប៉េសអិកស៍ ត្រូវការពេលវេលា ២០ ឆ្នាំ ត្រូវការផលិតយាន្តអវកាសស្តារហ៊្សីប ១០០០ គ្រឿង ដោយផលិត ១០០ គ្រឿងក្នុង ១ ឆ្នាំៗ និងត្រូវចំណាយតែ ២ លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ សម្រាប់យាន្តស្តារហ៊្សីបហោះដឹកជញ្ជូនទៅភពអង្គរ ១ លើកៗ ។ក្នុងរយ:ពេល ២៥ ខែម្តង ភពផែនដីនិងភពអង្គារគោចរខិតជិតគ្នាជាងមុន នោះជាឧ៌កាសល្អក្នុងការធ្វើដំណើរទៅមកពីផែនដីទៅភពអង្គារ។

ហេតុនេះ ក្នុង ១ ថ្ងៃៗ យាន្តស្តាហ៊្សីប ៣ គ្រឿងនឹងត្រូវហោះចេញពីផែនដី ហើយក្នុងរយ:ពេល ១ខែ នឹងហោះចេញឲ្យអស់ ១០០០ គ្រឿង ។ ការធ្វើដំណើរ នឹងត្រូវការពេល ៣ ខែដើម្បីហោះពីផែនដីទៅភពអង្គារ ។ថ្ងៃចេញដំណើរដំបូង គឺនៅឆ្នាំ ២០២២ ដោយគ្មានមនុស្សទៅជាមួយ យាន្តស្តារហ៊្សីបនឹងត្រូវដឹកសំភារ: គ្រៀងបរិក្ខារ វត្ថុធាតុដើមសំខាន់ៗ ទៅមុន ដើម្បីសាងសង់រោងចក្រឥន្ធន:កាំជ្រួច សាងសង់មធ្យោបាយទ្រទ្រង់ជីវិត ទីជម្រក និងម៉ូឌីលកសិដ្ឋានធំៗ ។

ការសាងសង់នឹងប្រើមនុស្សយន្ត និងបច្ចេកវិទ្យា 3D។ នៅឆ្នាំ ២០២៤ ជាពេលដែលនឹងចាប់ផ្តើមដឹកមនុស្សរាប់រយអ្នកទៅ ហើយពេលចុះចតលើភពអង្គារភ្លាម ការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ និងទីជម្រក បន្តបន្ថែមទៀត នឹងចាប់ផ្តើមភ្លាមដែរ។ យាន្តស្តាហ៊្សីបនឹងត្រូវចាក់បំពេញឥន្ធន: ដែលបង្កើតនៅភពអង្គារ ដើម្បីធ្វើដំណើរត្រឡប់មកផែនដីវិញ ដោយខ្លួនទទេ។ ហើយជាបន្តបន្ទាប់ ២ ឆ្នាំម្តងៗ ការដឹកជញ្ជូនទៅភពអង្គារ នឹងដំណើរការក្នុងរយ:ពេលពី ១០ ទៅ ១២ ឆ្នាំ។

លោក ម៉ាស ប្រកាសថា លោកក៏នឹងចូលរួមក្នុងដំណើរចាកចេញពីផែនដី ទៅរស់នៅភពអង្គារនេះដែរ ដោយលោកចង់ប្រើជីវិតចុងក្រោយ និងចង់ទុកផ្នូររបស់លោកនៅនឹងភពក្រហមនេះ ហើយលោកប្រកាសថា កម្មវិធីនេះ សម្រាប់មនុស្សគ្រប់គ្នា អ្នកណាក៏អាចដាក់ពាក្យទៅបានដែរ បើអត់លុយ អាចខ្ចីមុនបាន ហើយនឹងមានការងារធ្វើច្រើនណាស់ នៅទៅនោះ។ តើលោកអ្នកណាខ្លះ ចាប់អារម្មណ៍?

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស