បង្ហោះផ្សាយ

ខ្មែរ

plncambodia news

· 2020-03-19

អនុភាពសេដ្ឋកិច្ចចិន

#សេដ្ឋកិច្ច# #អាជីវកម្ម# #សង្គម# #អនុភាព# #សហរដ្ឋអាមេរិក#

554

នៅចំពោះមុខការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិន និងចំពោះការវាយប្រហារពីសេដ្ឋកិច្ចសហរដ្ឋអាមេរិក

នៅចំពោះមុខការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិន និងចំពោះការវាយប្រហារពីសេដ្ឋកិច្ចសហរដ្ឋអាមេរិក ចិននៅតែរក្សាបានភាពរឹងមាំផ្នែកសេដ្ឋកិច្ច។ ក្នុងរយ:កាល ៣០ ឆ្នាំ ចុងក្រោយនេះ កំណើនសេដ្ឋកិច្ចចិនមានសំទុះខ្លាំងក្លា គឺកំណើនមានរហូតដល់ 9.6 ភាគរយ ជាប្រចាំឆ្នាំជាបន្តបន្ទាប់ ។ ប៉ុន្តែ ក្នុងឆ្នាំ ២០១៩ និង ២០២០ នេះ កំណើនសេដ្ឋកិច្ចចិនធ្លាក់មកទាបមិនធ្លាប់មាន គឺវាកើនដែរ តែវាកើនតិចជាងពេលកន្លងមក ដោយកើនបានត្រឹម 6.1 ភាគរយប៉ុណ្ណោះក្នុង ១ ឆ្នាំ។

យោងតាមតួរលេខ ក្នុងគេហទំព័រប៊ីប៊ីស៊ីដតខំ(bbc.com) អ្នកវិភាគសេដ្ឋកិច្ចចិនមួយចំនួននិយាយថា តួរលេខធ្លាក់ចុះពិតប្រាកដនៃកំណើនរបស់សេដ្ឋកិច្ចចិនអាចតិចជាង 6.1 ភាគរយ នេះទៅទៀត។ ការធ្លាក់ចុះនៃកំណើននេះ អាចបណ្តាលមកពីកត្តា ៣ ។ ទី ១ ដោយសារសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ទី ២ ការធ្លាក់ចុះតម្រូវការក្នុងស្រុករបស់ខ្លួន ទី ៣ ការផ្ទុះឡើងនៃជម្ងឺរាលដាលមួយចំនួន ដូចជា ជម្ងឺគ្រុនក្តៅជ្រូក ហៅថា ស្វាញហ្វ៊ីវ័រ swine fever និងជម្ងឺខ្យល់ដង្ហើម ដែលបង្កដោយវីរុសវូហាន-ឬវីរុសកូរ៉ូណា ក្នុងពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការធ្លាក់ចុះនេះ មិនមែនជារឿងធ្ងន់ធ្ងរសម្រាប់ប្រទេសចិនទេ វាគ្រាន់តែធ្វើឲ្យអ្នកដឹកនាំចិន និងអ្នកធ្វើគោលនយោបាយចិនឈឺក្បាល រវល់ច្រើន ក្នុងការរកវិធីទប់ទល់តែប៉ុណ្ណោះ។

ដោយពួកគេដឹងថា ស្ថេរភាពនយោបាយ វាពឹងអាស្រ័យទៅលើសុខភាពរបស់សេដ្ឋកិច្ច។ ហេតុនេះ បានជាថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិន យកចិត្តទុកដាក់ក្នុងរឿងសេដ្ឋកិច្ចណាស់ ក្នុងរយ:ពេល ៤០ ឆ្នាំ កន្លងមកនេះ ។បើទោះជា ត្រូវប្រឈមនឹងបញ្ហា សេដ្ឋកិច្ចចិនអត់ទាន់រង្គោះរង្គើរទេ។ សង្រ្គាមពាណិជ្ជកម្មដែលសហរដ្ឋអាមេរិកចាត់ការចិននោះ មានផលប៉ះតិចតួចប៉ុណ្ណោះ ចំពោះសេដ្ឋកិច្ចចិន។ ដោយសារការដាក់ពន្ធគយ ការប្រើវិធីរាំងខ្ទប់ របស់រដ្ឋបាលត្រាំ ការនាំចេញរបស់ចិនទៅសហរដ្ឋអាមេរិកធ្លាក់ចុះ អស់ 8 ភាគរយ ក្នុងឆ្នាំ ២០១៩ មែន ប៉ុន្តែការនាំចេញរបស់ចិនសរុបនៅក្នុងពិពភលោកធ្លាក់ចុះតែ 0.03 ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៩ ។ នេះគឺដោយសារ ចិនអាចនាំចេញទៅប្រទេសជាច្រើនផ្សេងទៀតក្រៅពីសហរដ្ឋអាមេរិក ដូចជា សហគមន៍អឺរ៉ុប សហគមន៍អាស៊ាន និងប្រទេសម៉ុចស៊ិកកូ ។

ហើយម្យ៉ាងទៀត ដោយសារក្រុមហ៊ុនចិន មានសមត្ថភាពប្រកួតប្រជែង និងមានថាមពល ក្នុងការវាយលក់ចូលទីផ្សារថ្មីៗជាច្រើន បើទោះជានៅក្នុងបរិយាកាសសេដ្ឋកិច្ចពិភពលោកដែលកំពុងតែតានតឹង។ វិធីមួយទៀត ដើម្បីឲ្យដឹងថា សេដ្ឋកិច្ចចិនមានអនុភាពប៉ុណ្ណា គឺប្រើការប្រៀបធៀបចំណូលក្នុងស្រុកសរុបប្រចាំឆ្នាំ ហ្គ្រស ដ-មេសស្ទិក ប្រ៉-ដាក់ស៍(Gross Domestic Product) ហៅកាត់ថា ជីឌីភី(GDP) របស់ចិនជាមួយនឹង ជីឌីភីរបស់សហរដ្ឋអាមេរិក បញ្ចូលទៅក្នុងសេដ្ឋកិច្ចពិភពលោកទាំងមូល។

យោងតាមតួលេខពីគេហទំព័រ ហ្វបស៍ដត់ខំ (forbes.com) ជីឌីភីរបស់ចិន មាន 14.2 លានលានដុល្លារសហរដ្ឋអាមេរិក កំណើនសេដ្ឋកិច្ចជាប្រក្រតីរបស់ចិនមានចំនួន 9.6 ភាគរយ មានន័យថា ចិនកំពុងចាក់បំពេញឲ្យសេដ្ឋកិច្ចពិភពលោកចំនួនប្រមាណ 1.36 លានលាន ដុល្លារសហរដ្ឋអាមេរិកប្រចាំឆ្នាំ។

ចំណែកសហរដ្ឋអាមេរិកវិញ ជីឌីភីមាន 20.5 លានលានដុល្លារសហរដ្ឋអាមេរិក កំណើនសេដ្ឋកិច្ចជាប្រក្រតីមានប្រមាណ 3.5 ភាគរយ ហើយសេដ្ឋកិច្ចអាមេរិកអាចចាក់បំពេញចូលសេដ្ឋកិច្ចពិភពលោកបានតែ 0.7 លានលានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះប្រចាំឆ្នាំ គឺតិចជាងវិភាគទានចូលរួមរបស់ចិនប្រហែល ២ ដង ។សម្រាប់ពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចចិននៅរឹងមាំ ប៉ុន្តែទៅអនាគត ចិននៅតែមានកត្តាប្រឈមដែលត្រូវដោះស្រេាយ។

យោងតាមគេហទំព័រ ប៊ីស៊ីនឹសអ៊ិនសាយដ័រដតខំ (businessinsider.com) កត្តាប្រឈមទាំងនោះមានដូចជា ទី១ ការថយចុះចំនួនប្រជាជនចិនដែលនឹងកើតមានក្នុងពេលខាងមុខ និងទី២ កំណើនចំណូលប្រជាជនថ្នាក់កណ្តាល ដែលធ្វើឲ្យសហគ្រាសផលិតកម្មជាច្រើនរើរោងចក្រចេញពីចិនទៅរកប្រទេសដទៃ ដែលមានថ្លៃឈ្នួលពលកម្មការងារទាបជាងចិន។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស