បង្ហោះផ្សាយ

ខ្មែរ

plncambodia news

· 2020-03-19

បន្តិចទៀត ស្រួលហើយ! ភាពយន្តក្លាយជាការពិត យើងនឹងអាចជិះតាក់ស៊ីហោះបាន

#តាក់ស៊ីហោះ# #ហេដ្ឋារចនាសម្ព័ន្ធ# #អាល្លឺម៉ង់# #បច្ចេកវិទ្យា# #វិទ្យាសាស្ត្រ#

475

យោងតាមប្រភពពត៌មាន ដ៏គួរឲ្យជឿជាក់ ពីកាសែតហ្វាយនែនហ្សល ថែមស៍ (Financil Times) ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញបំផុតមួយរបស់ប្រទេសជប៉ុនគឺក្រុមហ៊ុន Toyota

យោងតាមប្រភពពត៌មាន ដ៏គួរឲ្យជឿជាក់ ពីកាសែតហ្វាយនែនហ្សល ថែមស៍ (Financil Times) ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញបំផុតមួយរបស់ប្រទេសជប៉ុន គឺក្រុមហ៊ុន Toyota បានបោះទុនចូលរួមហ៊ុនក្នុងគម្រោងថ្មី ចំនួន ៣៩៤ លានដុល្លារសហរដ្ឋអាមេរិក ជាមួយក្រុមហ៊ុន ចបប៊ី អេវីអេស្ហិន (Joby Aviation ) ដែលត្រូវបានបង្កើតកាលពីឆ្នាំ ២០០៩ ដើម្បីផ្តល់សេវាដឹកអ្នកដំណើរ តាមតាក់ស៊ីហោះ Flying Taxi មិនឲ្យហួសពីឆ្នាំ ២០២៣ នេះទេ នៅក្នុងសហរដ្ឋអាមេរិក។ ការចូលរួមទុនរបស់ Toyota ធ្វើឲ្យគម្រោងតាក់ស៊ីហោះ ទទួលបានទុនសរុបឡើងដល់ចំនួន ៧២០ លានដុល្លារសហរដ្ឋអាមេរិកហើយ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងការវិនិយោគលើវិស័យតាក់ស៊ីអាកាស។

ក្រុមហ៊ុនចបប៊ី ប្រកាសថា ខ្លួនមានយាន្តហោះប្រើចរន្តអគ្គិសនី ដែលអាចដឹកអ្នកដំណើរ ៤ អ្នក អាចហោះឡើងនិងចុះចតដោយត្រង់ ហើយនឹងអាចធ្វើដំណើររហូតដល់ល្បឿន ២០០ ម៉ៃល៍ក្នុង ១ ម៉ោង ក្នុងរង្វង់ចំងាយច្រើនជាង ១៥០ ម៉ៃល៍ ។ លោក ចូបិន បិវវើត (JoeBen Bevirt) នាយកប្រតិបត្តិរបស់ក្រុមហ៊ុនចបប៊ី(Joby) និយាយកាលពីថ្ងៃពុធថា ” កិច្ចសហការជាមួយ Toyota នេះ វាតំណាងឲ្យការពុះពារខាងហិរញ្ញវត្ថុនិងខាងធនធាន ដែលមិនធ្លាប់មានពីមុនមកសម្រាប់ពួកយើងនិងសម្រាប់វិស័យថ្មីនេះ ពីសំណាក់ក្រុមហ៊ុនផលិតរថយន្តនាំមុខគេក្នុងពិភពលោក”។ លោក ស្ហ៊ិហ្គេគិ តូម៉ូយ៉ាម៉ា (Shigeki Tomoyama) នាយកប្រតិបត្តិនៃក្រុមហ៊ុនតូយ៉ូតា ក៏នឹងចូលរួមធ្វើជាសមាជិកក្នុងគណ :កម្មការនាយក(board of directors)នៃក្រុមហ៊ុនចបប៊ីនេះដែរ។

រឿងដែលសំខាន់មួយទៀត ក្រុមហ៊ុនតាក់ស៊ីដ៏ល្បីលាញ ឈ្មោះ អ៊ុយ ប៊័រ (Uber) ក៏បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនចបប៊ី សម្រាប់រយ:ពេលជាច្រើនឆ្នាំ ក្នុងការផ្តល់ការគ្រប់គ្រងនិងប្រើប្រាស់លំហរអាកាស ហេដ្ឋារចនាសម្ព័ន្ធចំណតលើអាកាស និងអ៊ិនធ័រហ្វេសសម្រាប់អតិថិជន (customer interfaces)។ ជាការពិតណាស់ អ៊ុយប៊័រ ក៏មានមែកធាងគម្រោងផ្តល់សេវាតាក់ស៊ីហោះរបស់ខ្លួនផ្ទាល់ដែរ ដែលមានឈ្មោះថា អិលល័រវេត (Elevate) ហើយកាលពីសប្តាហ៍មុននេះ បានបង្ហាញផែនការរួមមួយ ជាមួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូង គឺ ក្រុមហ៊ុន ហ្យ៉ន់ដេ (Hyundai) ក្នុងការបង្កើតតាក់ស៊ីហោះរួមគ្នា ដោយដាក់ទិសដៅ ចេញប្រតិបត្តិការរកស៊ី នៅឆ្នាំ ២០២៣។

មិនមែនមានតែក្រុមហ៊ុនចបប៊ីតែមួយ ដែលមានមហិច្ឆតាបង្កើតសេវ៉ាតាក់ស៊ីហោះនេះទេ នៅមានក្រុមហ៊ុនដទៃទៀត ដូចជា ក្រុមហ៊ុនអាល្លឺម៉ង់ ឈ្មោះ វ៉ូឡូខបទ័រ (Volocopter) ដែលជាគូរប្រជែង បានទទួលការចូលរួមទុនពីក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញរបស់ប្រទេសអាល្លឺម៉ង់ មែរស៊ីដេស បិនស៍ (Mercedes Benz) ចំនួន ៨១ លានយូរ៉ូ ដោយសង្ឃឹមថា នឹងចូលបម្រើសេវ៉ាតាក់ស៊ីហោះនេះដែរ ក្នុងប្រទេសសិង្ហបុរី យ៉ាងយូរត្រឹមឆ្នាំ ២០២២ ។ ក្រុមមហ៊ុនអាល្លឺម៉ង់មួយទៀត ឈ្មោះ លិល លៀម (Lilium) ដែលក៏ជាគូរប្រជែងដែរ បានទទួលទុនចំនួន ១០១ លានដុល្លារសហរដ្ឋអាមេរិក ដោយសង្ឃឹមថា នឹងចេញបម្រើទីផ្សារផ្តល់សេវាតាក់ស៊ីហោះ ក្នុងឆ្នាំ ២០២៥៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស