បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-13

ដឹងការពិតហើយ! នៅពីក្រោយករណីបុគ្គលិកខ្មែរបម្រើការនៅកាស៊ីណូ Gold City ត្រូវជនជាតិចិនចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់

#​កាស៊ីណូ# #ទារុណកម្ម# #ជំរិតទារប្រាក់# #NEW NEWS# #ខេត្តក្រចេះ# #សង្គម# #ព័ត៌មានសង្គម#

2839

បើយោងតាមសេចក្ដីបំភ្លឺព័ត៌មាន របស់អធិការដ្ឋាននគរបាលស្រុកស្នួល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ជុំវិញករណី «បុគ្គលិកខ្មែរបម្រើការនៅកាស៊ីណូ Gold City ក្នុងស្រុកស្នួល ខេត្តក្រចេះ ត្រូវជនជាតិចិនចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់ ១៥០០០ដុល្លារ»។យោងតាមការលើកឡើងពីសមត្ថកិច្ចជំនាញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានឈ្មោះ ខ.ស. បានប្តឹងរាយការណ៍មកសមត្ថកិច្ចជំនាញពាក់ព័ន្ធ ទៅនឹងករណីមានការចាប់បង្ខាំងមនុស្ស និងប្រើអំពើហិង្សា នៅចំណុចកាស៊ីណូ Gold City ក្រោយពីទទួលបាន ព័ត៌មាននេះ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តក្រចេះ បានបញ្ជាឱ្យអធិការដ្ឋាននគរបាលស្រុកស្នួល ចុះធ្វើការស្រាវជ្រាវបន្ទាន់ ដោយសហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិត្រពាំងស្រែ ដែលជាលទ្ធផលបានរកឃើញមានជនរងគ្រោះចំនួន ០៣នាក់ ដែលត្រូវបានមេការឃាត់ទុក។ ជាក់ស្តែង តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះទាំង ៣នាក់ មុនពេលកើតហេតុនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ពួកគេត្រូវបានឈ្មោះ ធ.ប. បបួលធ្វើការរៀបចំគម្រោងធ្វើបៀឲ្យភ្ញៀវឈ្នះលុយពីខាងកាស៊ីណូ ហើយពេលដែលភ្ញៀវលេងឈ្នះ ពួកគេនឹងទទួលបានលុយភាគរយពីភ្ញៀវ ពេលនោះពួកគេទាំង ០៣នាក់ បានយល់ព្រមសហការ។

ទោះបីជាយ៉ាងណា រហូតដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឈ្មោះ ធ.ប. ក៏បានចែកលុយដែលជា ភាគរយដែលភ្ញៀវបានឈ្នះពីកាស៊ីណូមកឲ្យពួកគេទាំង ០៣នាក់ ដោយក្នុងម្នាក់ទទួលបានលុយចំនួន ៨០០ដុល្លារ ហើយឈ្មោះ ធ.ប. បានគេចខ្លួនមិនឃើញមកធ្វើការ។ លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គម្រោងដែលខ្លួនបានរៀបចំត្រូវបានបែកធ្លាយព័ត៌មានដល់ខាងកាស៊ីណូ និងមានជនជាតិចិនចំនួន ០៤នាក់ ដែលជាមេការ បានមកសួរនាំដល់បន្ទប់ជួល ដោយប្រើហិង្សា និងបាននាំពួកគេទាំង ០៣នាក់ មកឃាត់ទុកក្នុង បន្ទប់រដ្ឋបាលកាស៊ីណូ Gold City។

យ៉ាងណាមិញ ក្រោយសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ជនជាតិចិនទាំង ០៤នាក់ ដែលជាមេការ បានគេចខ្លួនបាត់។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ អធិការដ្ឋាននគរបាលស្រុកស្នួល បាននឹងកំពុងស្រាវជ្រាវស្វែងរកជនសង្ស័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

អូនតា លេខកូដ63230368

· 03-13

👌👌

Ravich Ravich

· 03-13

ល្បិចកលពាលស៊ីពាល នេះមិនងាប់ត្រូវបានជួយទាន់បើយូបន្តិចបែបងាប់តៃហោង

  • 1
ទៅកាន់

ការណែនាំពិសេស