TNAOT News

· 2020-10-09

​ធ្វើសកម្មភាពបានសម្រេច លុះ​​២​ថ្ងៃ​ក្រោយមក​អស់លក្ខណ៍​

#ជនសង្ស័យ# #​ម៉ូតូ# #សង្គម# #​តុលាការ​# #នយោបាយជាតិ#

4694

ខេត្តសៀមរាប ​៖ ​យុវជន​ម្នាក់​ធ្វើសកម្មភាព​លួច​ម៉ូតូ​​មួយគ្រឿង​បាន​សម្រេច​កាលពីវេលាម៉ោង​៥​និង​​​៣០នាទីល្ងាច​​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប​ ខេត្ត​សៀមរាប ​រួច​គេច​ខ្លួន​អស់​រយៈពេល​២​ថ្ងៃ ក៏​ត្រូវ​បាន​កម្លាំង​នគរ​បាល​ស្រុក​បន្ទាយ​ធ្វើការ​ឃាត់ខ្លួន និង​ប្រគល់​ឱ្យមក​កម្លាំង​នគរបាល​ក្រុង​សៀមរាប ធ្វើការ​សួរនាំ​បន្ត រួច​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្តសៀមរាប​ចាត់ការតាម​នីតិវិធី​។

ហេតុ​ការ​ណ៍​ឃាត់ខ្លួន​ជនសង្ស័យ​​ម្នាក់​ខាងលើនេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី​៧ កញ្ញា ឆ្នាំ​២០២០ ខណៈ​ជន​នោះ​​ជិះ​​ម៉ូតូ​បំរុង​យក​​ទៅ​​បញ្ចាំ​នៅ​ឃុំ​ព្រះ​ដាក់​ ក៏​ត្រូវ​សមត្ថកិច្ច​​មានការ​សង្ស័យ​ក៏​​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។ជនសង្ស័យ​ឈ្មោះ វុ​ធ វាសនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ស្រុ​កំណើត​នៅ​ភូមិ​បុស្ស ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។​ ដោយឡែកម៉ូតូមួយគ្រឿងដែលត្រូវជនសង្ស័យ​លួចម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ សៀមរាប​១J-៥២៦៤ ​។​

លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ក្រុង​សៀមរាប បាន​បញ្ជាក់​ថា ​នៅវេលាម៉ោងកើតហេតុ​ខាងលើ​ ជនសង្ស័យ​បានធ្វើសកម្មភាព​​លួច​ម៉ូតូ​មួយគ្រឿង​របស់ជន​រង​គ្រោះ​ឈ្មោះ​ចាន់ សុភាព ភេទ​ស្រី អាយុ​៤៧​ឆ្នាំ​ រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ខណៈ​ពេល​​ជន​រង​គ្រោះ​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ​មិន​បាន​ដក​សោចេញ ។

​លោក​បាន​បញ្ជាក់​បន្ថែម​ថា លុះដល់​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២០ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប សហការ​ជាមួយ កម្លាំង​នគរបាល​ស្រុក​បន្ទាយស្រី ធ្វើការ​ឃាត់ខ្លួន ខណៈ​ពេល​ជនសង្ស័យ​យក​ម៉ូតូ​ដែល​លួច​បាន​ពី​ក្រុង​សៀមរាប​បំរុង​យក​ទៅ​បញ្ចាំ​នៅ​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

ក្រោយ​ពី​​ធ្វើការ​សាកសួរ​ ជនសង្ស័យ​មិន​ព្រម​ឆ្លើយ​សារភាព​ទេ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី លុះ​ដល់​ពេល​នាំ​យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ទើប​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​តែ​ម្នាក់ឯង​ប្រាកដ​មែន​។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ។​ ចំណែក​ម៉ូតូ​​ត្រូវ​បាន​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​ហើយ​៕​

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស