បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-05-25

អណ្តើកហ្លួងជាប្រភេទសត្វកម្រមានតែនៅខេត្តកោះកុងប៉ុណ្ណោះ

#កសិកម្ម# #ក្រសួងកសិកម្ម# #សង្គម# #ខេត្តកោះកុង# #ហ្លួង# #អណ្តើក#

1621

កោះកុង៖ អណ្តើកហ្លួងជាប្រភេទសត្វកម្រហើយមានតែនៅខេត្តកោះកុងតែប៉ុណ្នោះសម្រាប់ប្រទេសកម្ពុជា។ ក្រៅពីនេះ គឺនៅមានតាមបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសឥណ្ឌា ម៉ាឡេស៊ី បង់ក្លាដែស។ នេះបើតាម លោក អិត ហ៊ុល អ្នកបច្ចេកទេសមណ្ឌលចិញ្ចឹមអណ្តើកសរសៃ ខេត្តកោះកុង។

អ្នកជំនាញរូបនេះបញ្ជាក់ថា ​មានតែនៅខេត្តកោះកុងទេ ដែលមានលក្ខណ:បរិស្ថាន ធម្មជាតិទឹក ចំណី និងខ្សាច់ពងកូន ល្អប្រសើរសម្រាប់សត្វនេះរស់នៅបន្តពូជបាន។ រហូតមកទល់បច្ចុប្បន្នកសិដ្ឋានភ្ញាស់កូនបាន ៤៥៦ក្បាល ថែរក្សាក្នុងមណ្ឌលអភិរក្ស ២០៤ក្បាល ចិញ្ចឹមថែរក្សាក្នុងមណ្ឌលខេត្តសៀមរាប ២៧ក្បាល លែងចូលក្នុងព្រែកធម្មជាតិដោយបំពាក់ឧបករណ៍តាមដានចំនួន ៨៦ក្បាល និងចំនួន ១៣៩ក្បាលទៀត បានលែងចូលតាមបឹង ព្រែកធម្មជាតិ។

​អញ្ជើញចុះត្រួតពិនិត្យ​មណ្ឌលចិញ្ចឹមអណ្តើកសរសៃ (អណ្តើកហ្លូង) របស់អង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society​,WCS) នៅភូមិទួលគគី ឃុំទួលគគី ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង កាលពីចុងសប្តាហ៍នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ ​បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពអភិរក្សសត្វអណ្តើកហ្លួង ដែលជាសត្វមានដោយកម្រ និងជិតផុតពូជ និងជាពិសេស ជាសត្វប្រចាំភូមិសាស្រ្តនៃដឹកដីខេត្តកោះកុង។

លោករដ្ឋមន្ត្រី បានស្នើសុំឱ្យរដ្ឋបាលជលផល និងសាកលវិទ្យាល័យភូមិន្ទកសិកម្មបញ្ជូនមន្រ្តី និងនិស្សិតមកសិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍ក្នុងបំណងលើកកម្ពស់សមត្ថភាពការងារស្រាវជ្រាវ បង្កាត់ពូជ ចំណី ក្សេត្របរិស្ថាននៃជីវិតរស់នៅ និងអភិរក្ស ដើម្បីបង្កើនចំនួនកូនញាស់ សម្រាប់យកទៅលែងក្នុងបឹង ព្រែក និងដៃសមុទ្រធម្មជាតិ។ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរដ្ឋបាលជលផល សហការជាមួយអង្គការ ដើម្បីរៀបចំចងក្រងឯកសារផ្លូវច្បាប់ ក្នុងបំណងការពារ និងអភិរក្សសត្វអណ្តើកហ្លូងរបស់យើងឱ្យបានគង់វង្សតរៀងទៅ ៕ ដោយ៖ ប៊ុនធឿន  

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស