leakhena

· 2019-03-18

អស់ស្ទះ! ស្កាត់ពីខេត្តកំពង់ស្ពឺមកឆក់នៅភ្នំពេញចៃដន្យជាប់ខ្នោះរបស់សមត្ថកិច្ច

0

រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ឃាត់ខ្លួនបានក្រោយពេលធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃមួយគ្រឿងពីក្មេងប្រុសស្រី២នាក់ បណ្តាលឱ្យដួលម៉ូតូរងរបួសទាំង២នាក់់បងប្អូន។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១:៣០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុង ភូមិចំកាឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បើយោងតាមសម្តីរបស់ក្មេងប្រុសស្រីរងគ្រោះខាងលើ បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុពួកគេជិះម៉ូតូឌុបគ្នាចេញពីផ្ទះបំរុងនិងទៅសាលារៀន លុះដល់ចំនុចផ្លូវជាតិលេខ៤មុខផ្សារជម្ពូវ័ន្តសង្កាត់ចោមចៅ៣ ក៏លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីក្មេងស្រីដែលកំពុងជិះម៉ូតូបណ្តាលឱ្យដួលម៉ូតូរងរបួសរលាត់ដៃជើង។

ក្រោយពេលជនសង្ស័យធ្វើសកម្មភាពឆក់បានសម្រេចហើយ ពួកគេបានព្យាយាមជិះម៉ូតូរត់គេខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋបានឃើញហេតុការណ៍នោះ នាំគ្នាជិះម៉ូតូដេញស្រែកផ្អើលឆោឡោដល់កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបទី២ ដែលកំពុងល្បាតពួនស្ទាក់ក្នុងមូលដ្ឋានបានធ្វើការឡោមព័ទ្ធឃាត់ខ្លួនបានទាំង២នាក់ ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាស្វាគមន៍បែកមុខ ទើបសមត្ថកិច្ចដឹកបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី២ ដើម្បីធ្វើការសាកសួរបន្តនិងធ្វើការឆែកឆេរក្នុងកែបម៉ូតូរបស់ជនសង្ស័យបានរកឃើញកាំបិតមួយដើមដែលពួកគេលាក់ទុក។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកគេទាំង២នាក់បានជិះម៉ូតូមកពីខេត្តកំពង់ស្ពឺ មករកឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅពេលឱកាសល្អសម្រាប់ពួកគេ តែសំណាងអាក្រក់ត្រូវបានសមត្ថកិច្ចចាប់បាន។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ ទី១ឈ្មោះ ឌីន សំអូន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ ខុន សៀងហួត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងសាក់រូប ស្នាក់នៅខេត្តកំពង់ស្ពឺជាមួយគ្នា។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីឃុំខ្លួនបណ្តោះអាសន្ននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ សួងសាម

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស