បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 02-06

ក្រុមព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អអាចដណ្តើមបានគ្រាប់បាល់ ៤ទល់និង២ ជាមួយក្រុម Shan United FC ក្នុងជំនួបយប់មិញ

#ក្រុមព្រះខ័នរាជស្វាយរៀង# #TNAOT SPORT# #សង្គម# #ព័ត៌មានសង្គម#

2045

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើបានយ៉ាងល្អដែលអាចប្រកួតយកឈ្នះក្រុម Shan United FC របស់ប្រទេសមីយ៉ាន់ម៉ាក្នុងលទ្ធផល ៤-២ នៅក្នុងការប្រកួតចុងក្រោយបញ្ចប់ពូល A កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៃពានរង្វាន់ក្លឹបជើងឯកអាស៊ាន (ASEAN Club Championship Shopee Cup 2024-2025)។

 ក្នុងចំណោម ៤គ្រាប់ដែលក្រុមព្រះខ័នរាជស្វាយរៀងសម្រេចបាន មាន២គ្រាប់រកបានដោយកីឡាករ Bounphachan នៅនាទីទី២០ និងនាទី៣៣ និង២គ្រាប់ទៀតរកបានដោយកីឡាករ Christian Roque Silveira Dos Santos នៅនាទីទី១៦ និងនាទីទី៧៦ ខណៈ២គ្រាប់របស់ក្រុម Shan United FC រកបានដោយកីឡាករ Ye Yint Aung នៅនាទីទី៧ និងដោយកីឡាករ Moussa Paul Bakayoko នៅនាទីទី៧៥។

 ឆ្លងកាត់៥ប្រកួតដូចៗគ្នានៅក្នុងពូល A ក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះ២ ស្មើ១ និងចាញ់១ មាន៧ពិន្ទុ ឡើងមកឈរនៅចំណាត់ថ្នាក់លេខ៣ ចំណែកក្រុម Shan United FC ចាញ់ទាំង៥ប្រកួត ឈរបាតតារាងក្នុងចំណោម៦ក្រុម។ ចំពោះ២ក្រុមដែលបានឈរនៅកំពូលតារាងក្នុងពូល A ដែលបានកក់កៅអីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួមមាន៖ ក្រុម BG Pathum United របស់ថៃ ចំណាត់ថ្នាក់លេខ១ មាន១១ពិន្ទុ និងក្រុម PSM Makassar របស់ឥណ្ឌូណេស៊ី ចំណាត់ថ្នាក់លេខ២ មាន១០ពិន្ទុ។ ដោយឡែកសម្រាប់ពូល B មាន២ក្រុមលើកំពូលតារាង គឺក្រុម Cong An Hannoi របស់វៀតណាម ចំណាត់ថ្នាក់លេខ១ មាន១២ពិន្ទុ ឡើងដោយស្វ័យប្រវត្តិ ខណៈក្រុម Buriram United ចំណាត់ថ្នាក់លេខ២ មាន៧ពិន្ទុ ដោយក្នុងពូល B នេះនៅសល់១ប្រកួតទៀតដូចៗគ្នា ដើម្បីបញ្ចប់វគ្គសន្សំពិន្ទុ។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ក្លឹបជើងឯកអាស៊ាន (ASEAN Club Championship Shopee Cup 2024-2025) សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺក្រុម PSM Makassar នឹងប្រកួតជាមួយក្រុម Cong An Hannoi ខណៈក្រុមក្រុម BG Pathum United ប្រកួតជាមួយក្រុម Buriram United ដែលជើងទី១នឹងត្រូវប្រកួតនាថ្ងៃទី២ ខែមេសា ហើយជើងទី២ នឹងប្រកួតនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ ចំពោះការប្រកួតវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើង២ជើងដែរ គឺនៅថ្ងៃទី១៤ ខែឧសភា និងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)