បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-10

មន្ទីរប្រឆាំងគ្រឿងញៀន ព្រមានចាត់វិធានការផ្លូវច្បាប់លើម្ចាស់គណនីហ្វេសបុកមួយដែលរិះគន់អាជ្ញាធរ លើករណីបង្ក្រាបការជួញដូរគ្រឿងញឿនមួយកន្លែង

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #មន្ទីរប្រឆាំងគ្រឿងញៀន#

2475

មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកនេះបានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយរងការរិះគន់តាមបណ្តាញសង្គម និងសារព័ត៌មានមួយចំនួនដែលបានបង្ហោះវីដេអូ និងរូបថតនៅលើបណ្តាសង្គមពីសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងភូមិសាស្ត្រខណ្ឌដង្កោ។

ជុំវិញការផ្សព្វផ្សាយនេះ ក្រុមប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀន បានលើកឡើងថា នៅថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានប្រតិបត្តិការចុះបង្ក្រាបករណីកែច្នៃសារធាតុញៀនខុសច្បាប់ ប្រព្រឹត្តិនៅផ្ទះលេខ១២ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ (ស្រី១) និងដកហូតយកសារធាតុញៀន និងសារធាតុផ្សំប្រមាណជិត ៣០០គីឡូក្រាម រួមទាំងសម្ភារវេចខ្ចប់ និងម៉ាស៊ីនសម្រាប់កែច្នៃសារធាតុញៀនមួយចំនួនទៀត។

បន្ទាប់ពីស្តាប់ចម្លើយជនសង្ស័យសារភាព និងឆ្លងតាមការស៊ើបអង្កេត កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ និងមេខ្លោង ដោយសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យពីរនាក់ដែលកំពុងលាក់ខ្លួនក្នុងភូមិសាស្ត្រសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យ៉ាងណាមិញ បន្ទាប់ពីចាប់ជនខ្លួនសង្ស័យទាំងពីរនាក់ខ្លួនរួចមក កម្លាំងជំនាញក៏បញ្ជូនបន្តទៅមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានស្តាប់ចម្លើយ និងបានធ្វើតេស្តទឹកនោមជាលទ្ធផលបានបញ្ជាក់ថា មុខសញ្ញាទាំងពីរនាក់ មិនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនខាងលើនោះទេ ប៉ុន្តែជនសង្ស័យទាំងពីរនាក់ មានការពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ដោយកម្លាំងសមត្ថកិច្ចបានចាប់រឹបអូសយកសារធាតុញៀនមួយកញ្ចប់ទៀតផង។

គួររំលឹកថា កំឡុងពេលឃាត់ខ្លួនមុខសញ្ញាទាំងពីរនាក់ខាងលើ គឺមានប្រជាពលរដ្ឋបានថតវីដេអូ និងរូបភាព ហើយបានបង្ហោះដោយចោទប្រកាន់មកលើសមត្ថកិច្ច ដោយបង្កើតឱ្យមានការបញ្ចេញមតិ ធ្វើឱ្យប៉ះពាល់កិត្តិយសរបស់កងកម្លាំងជំនាញ ជាពិសេសធ្វើឱ្យបែកធ្លាយព័ត៌មានសម្ងាត់ ដែលប្រតិបត្តិការស៊ើបអង្កេតរបស់សមត្ថកិច្ចមិនទាន់បានបញ្ចប់។

យ៉ាងណាមិញ ក្នុងនាមអង្គភាពអនុវត្តច្បាប់ មន្ទីរប្រឆាំងគ្រឿងញៀន ស្នើឱ្យម្ចាស់គណនីឈ្មោះ Pheavy Fc និងសារព័ត៌មានផ្សេងៗ ដែលមានយកព័ត៌មាននេះទៅផ្សព្វផ្សាយបន្ត សូមកែតម្រូវនូវការផ្សព្វផ្សាយរបស់ខ្លួនជាបន្ទាន់បើមិនដូច្នេះទេ មន្ទីរប្រឆាំងគ្រឿងញៀននឹងចាត់វិធានការតាមផ្លូវច្បាប់៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)