បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-11

កម្ពុជាត្រៀមលក្ខណៈទាញយកសក្តានុពលពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាត់បន្ថយហានិភ័យ

#សង្គម# #បច្ចេកវិទ្យា# #ព័ត៌មានសង្គម# #TNAOT DIGI# #សិប្បនិម្មិត#

2115

ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) បានរៀបចំសិក្ខាសាលាក្នុងគោលបំណងពង្រីកសក្តានុពលនៃបញ្ញាសិប្បនិម្មិត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាសង្គម។

សិក្ខាសាលាថ្នាក់ជាតិស្តីពី "ការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត" ត្រូវបានរៀបចំឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួម ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រសួងស្ថាប័ន សាកលវិទ្យាល័យ និងវិស័យឯកជន ប្រមាណ២០០នាក់។ 

ឯកឧត្តម ហែម វណ្ណឌី បានមានប្រសាសន៍ថា ភាពចាំបាច់នៃកិច្ចសហការរវាងវិស័យឯកជន និង សាធារណៈ គឺ ជាការជំរុញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅកម្ពុជាឲ្យមានលក្ខណៈបរិយាបន្ន ទំនួលខុសត្រូវ និងឆ្ពោះទៅមុខរួមគ្នាក្នុងទិសដៅតែមួយ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ «សិក្ខាសាលាថ្នាក់ជាតិនេះមានគោលដៅតម្រង់ទិស និងលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជំរុញកម្ពុជាឱ្យមានផលិតភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រសិទ្ធផល នៅគ្រប់ដំណើរអភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច»។

លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងពីតួនាទីសំខាន់របស់ AI ក្នុងការអភិវឌ្ឍ ដោយសង្កត់ធ្ងន់លើភាពចាំបាច់នៃបរិយាបន្ន ដោយលោកបានលើកឡើងថា៖ «AI ត្រូវតែអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា ដោយធានាថាគ្មានពលរដ្ឋណាត្រូវបានផាត់ចោលទេ។

លោកបានបន្ថែមថា ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាល វិស័យធុរកិច្ច អ្នកស្រាវជ្រាវ និងជាពិសេសយុវជន ត្រូវចូលរួមឲ្យបានសកម្មក្នុងការរៀបចំយុទ្ធសាស្ត្រជាតិស្តីពី AI ដើម្បីធ្វើយ៉ាងណាឱ្យយុទ្ធសាស្ត្រនេះមានលក្ខណៈអនុវត្តជាក់ស្តែង មានបរិយាបន្ន និងស្របតាមគោលដៅអភិវឌ្ឍន៍របស់កម្ពុជា»។

គួរបញ្ជាក់ថា បញ្ញាសិប្បនិម្មិតត្រូវបានព្យាករថានឹងជំរុញផលិតផលក្នុងស្រុករបស់អាស៊ានពី ១០% ទៅ ១៨% ឬប្រមាណ ១ ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០៣០៕

សម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

អូនតា លេខកូដ63230368

· 03-11

👍👍

  • 1
ទៅកាន់

ការណែនាំពិសេស