
TNAOT News
· 03-18
ក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល ត្រូវបានលែងជាលើកដំបូងទៅក្នុងតំបន់ដាច់ស្រយាលឆ្ងាយពីមនុស្សក្នុងឧទ្យានជាតិវីរៈជ័យ
#NEW NEWS# #ក្រពើភ្នំ# #សង្គម# #ឧទ្យានជាតិវីរៈជ័យ# #ព័ត៌មានសង្គម#
2651
អង្គការសត្វព្រៃ និងរុក្ខជាតិ ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលថ្នាក់ ក្រោមជាតិបានលែងក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល ជាលើកដំបូង ទៅក្នុងតំបន់ដាច់ស្រយាលឆ្ងាយពី មនុស្សក្នុងឧទ្យានជាតិវីរៈជ័យនៃប្រទេសកម្ពុជា បន្ទាប់ពីប្រភេទនេះបានបាត់វត្តមានពីឧទ្យានជាតិនេះក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។
ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ក្រុមអ្នកស្រាវជ្រាវបានសិក្សាវាយតម្លៃអំពីប្រភេទទីជម្រកសមស្របហើយបានរកឃើញតំបន់ដាច់ស្រយាលជាមួយនឹងលក្ខខណ្ឌជម្រកដ៏ល្អបំផុតសម្រាប់ ប្រភេទក្រពើភ្នំនៅឧទ្យានជាតិវីរៈជ័យនេះ។ ជាមួយនឹងការលែងនេះ ក៏មានការប្រើឧបករណ៍កត់ត្រាសម្លេង ដើម្បីតាមដានការបំផ្លាស់ទី និងការរស់រានមានជីវិតរបស់សត្វក្រពើភ្នំ ដែលជាការផ្តល់នូវទិន្នន័យដ៏មានសារសំខាន់ក្នុងការងារអភិរក្ស និងស្តារវត្តមានក្រពើភ្នំប្រភេទនេះ។
លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិ លើកឡើងថា៖ “ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ អង្គការសត្វព្រៃ និងរុក្ខជាតិ និងដៃគូរដ្ឋាភិបាលរបស់យើងរួមទាំងសហគមន៍ មូលដ្ឋានផងដែរ បាននិងកំពុងប្រឹងប្រែងធ្វើយ៉ាងណាការពារ និងអភិរក្សក្នុងការស្តារប្រភេទនេះកុំឲ្យផុត ពូជពីក្នុងធម្មជាតិ ជាមួយនឹងលទ្ធផលវិជ្ជមាន និងសន្ទុះនៃការអភិរក្សនិងកិច្ចសហការ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ “ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូ ជាពិសេសអង្គការសត្វព្រៃ និងរុក្ខជាតិ នៅក្នុងការអភិរក្សនិងបង្កើនវត្តមានសត្វក្រពើភ្នំក្នុងធម្មជាតិនៅប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ននេះ យើងបានសហការព្រលែងសត្វក្រពើភ្នំពូជសុទ្ធ សរុបចំនួន ១២លើក ទៅក្នុងព្រៃធម្មជាតិនៃតំបន់ជួរភ្នំក្រវាញ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថានបាន និងកំពុងអនុវត្តច្បាប់យ៉ាងតឹងរឹងក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ រួមមាន ធនធានសត្វព្រៃ ដែលមានសារៈសំខាន់សម្រាប់មនុស្សជាតិ។ ក្រសួងបានប្តេជ្ញា និងគាំទ្រក្នុងការ អនុវត្តគ្របខណ្ឌជីវៈចម្រុះសកលស្តីពីការទប់ស្កាត់កុំឲ្យមានភាពផុតពូជនៃសត្វព្រៃណាមួយឡើយ ខណៈក្រពើភ្នំជាប្រភេទដ៏កម្របំផុតនៅលើពិភពលោក ប៉ុន្តែយើងសង្កេតឃើញប្រភេទ នេះមានវត្តមានច្រើនជាងគេនៅប្រទេសកម្ពុជា តាមរយៈកិច្ចប្រឹងប្រែងរបស់យើងទាំងអស់គ្នា។
រហូតមកដល់បច្ចុប្បន្ននេះ ក្រពើភ្នំពូជសុទ្ធជិត២០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិ ដាច់ស្រយាលពីមនុស្សរស់នៅ និងមានសុវត្ថិភាពនៅតំបន់ជួរភ្នំក្រវាញ ភាគនិរតីនៃប្រទេសកម្ពុជា និងមានសំបុកពងកូនក្រពើភ្នំចំនួន៦០ក្បាល ត្រូវបានរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញនេះផងដែរ។ ដោយឡែក តាមរយៈប្រវត្តិនៃឧទ្យានជាតិវីរៈជ័យដែលធ្លាប់មានវត្តមានក្រពើភ្នំធម្មជាតិរស់នៅតាំងពីយូរយារណាស់មកហើយ ដូច្នេះកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារវត្តមានប្រភេទនេះ នៅក្នុងតំបន់នេះ អាចនឹង ទទួលបានជោគជ័យ៕
សម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)