TNAOT News

· 03-26

អាជីវករលក់កាំភ្លើងបាញ់ទឹក និងម៉្សៅហុយ អះអាងថា មុខរបរមួយនេះ នៅតែពេញនិយមនាពិធីបុណ្យចូលឆ្នាំខ្មែរ

#ចូលឆ្នាំខ្មែរ# #NEW NEWS# #កាំភ្លើង# #សង្គម# #អាជីវករ# #បាញ់ទឹក# #ព័ត៌មានសង្គម#

2562

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ នាពេលខាងមុខនេះ ដែលប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខណៈអាជីវករនៅតាមតូប និងតាមផ្សារធំៗនានា ក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមលក់ជាបណ្តើរៗនូវគ្រឿងរណ្តាប់តុបតែងលម្អផ្ទះ និងឧបករណ៍ល្បែងប្រជាប្រិយខ្មែរជាហូរហែរ។

ក្នុងនោះ គេក៍សង្កេតឃើញមានការដាក់លក់កាំភ្លើងបាញ់ទឹក និងម្ស៉ៅ។ ការបាញ់ទឹក និងលេងប៉ាតម៉្សៅ នៅក្នុងសង្រ្កាននិងពិធីបុណ្យចូលឆ្នាំខ្មែរ បានក្លាយជាសកម្មភាពដ៍ពេញនិយមខ្លាំងពីស្រទាប់យុវជនក្នុងឱកាសចូលឆ្នាំខ្មែរ ត្បិតមិនមែនជាប្រពៃណី វប្បធម៌ខ្មែរក៏ដោយ។

លោកស្រី សួន សុភាព អាជីវករលក់ដូរផ្សារអូឬស្សី បានប្រាប់សារព័ត៌មាន Tnaot News កាលពីព្រឹកម្សិលមិញថា មកទល់និងពេលនេះ លោកស្រីសង្កេតឃើញថា ការលក់កាំភ្លើងបាញ់ទឹក និងម៉្សៅ នៅក្នុងផ្សារអូឬស្សីពុំសូវលក់ដាច់ខ្លាំងដូចទៅនិងឆ្នាំទៅ។

លោកស្រីបានបន្ថែមថា កាលពីឆ្នាំ២០២៣ អាជីវកម្មលក់កាំភ្លើងបាញ់ទឹក និងម្សៅហុយ ហាក់ទទួលបានការគាំទ្រ និងលក់ដាច់ខ្លាំងបំផុត ជាពិសេសអំឡុងពិធីបុណ្យចូលឆ្នាំបីថ្ងៃនៅសង្រ្កានវត្តភ្នំ។

លោកស្រីលើកឡើងថា៖ “ឆ្នាំនេះ ខ្ញុំសង្កេតឃើញថាអត្រាលក់កាំភ្លើងបាញ់ទឹក និងម្សៅហុយ លក់ដាច់ជាធម្មតាទៅដូចទៅនិងឆ្នាំមុន”។ លោកស្រីបានបន្ថែមថា កាំភ្លើងបាញ់ទឹក គឺលក់ទៅប្រភេទនិងខ្នាតតូចឬធំ ដែលជាមធ្យមតម្លៃចាប់ពី៣០០០រៀល ទៅ ២៨០០០រៀល។

លើកឡើងស្រដៀងគ្នា លោក តុប កញ្ញា អាជីវករលក់ដូរនៅផ្សារអូឬស្សី បានប្រាប់អោយដឹងកាលពីម្សិលមិញថា ឱ្យតែកៀកកិតខិតមកដល់បុណ្យចូលឆ្នាំប្រពៃណីខ្មែរ លោកធ្វើការកម្មង់កាំភ្លើងបាញ់ និងម្សៅហុយ ដើម្បីធ្វើការដាក់លក់ជូនអតិថិជនសម្រាប់យកទៅលេងក្នុងពិធីបុណ្យចូលឆ្នាំ។

លោកបានបន្ថែមថា មុខរបរលក់កាំភ្លើងបាញ់ទឹកនេះ គឺលោកចាប់ផ្ដើមលក់តាំងពីដើមខែមីនា ហើយរំពឹងថាអាជីវកម្មលក់កាំភ្លើងបាញ់ទឹក និងម្សៅហុយ នៅឆ្នាំនេះ គឺនៅតែពេញនិយមនិងគាំទ្រច្រើនពីអតិថិជន ត្បិតលោកមើលឃើញថារដ្ឋាភិបាលអាណត្តិទី០៧ សម្ដេចបវរធិបតី អនុញ្ញាតអោយប្រជាពលរដ្ឋលេងសប្បាយ តែត្រូវមានទំនួលខុសត្រូវ។

អាជីវកររូបនេះ បានសង្កត់ធ្ងន់ថា កាលពីឆ្នាំទៅ អាជីវកម្មលក់កាំភ្លើងបាញ់ទឹក និងម្សៅហុយ ហាក់ពុំសូវទទួលបានការកម្មង់ទិញច្រើននោះទេ ខណៈឆ្នាំនេះ លោកមើលឃើញថាអាជីវកម្មនេះ ហាក់កាក់កបនិងទទួលកម្មង់យកទៅលក់បន្តនៅតាមបណ្ដាខេត្តមានចំនួនច្រើន។

លោកបានលើកឡើងថា កាំភ្លើងបាញ់ទឹកភាគច្រើននាំចូលមកពីប្រទេសចិន ហើយឆ្នាំនេះលោកបានបញ្ជាទិញកាំភ្លើងបាញ់ទឹកមានចំនួនច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងចែកចាយទៅដេប៉ូលក់រាយនៅតាមបណ្ដាខេត្ត។

បើទោះប្បីជា កាលពីឆ្នាំ២០២៤ កន្លងទៅរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់បានចាត់វិធានការហាមឃាត់ មិនឲ្យមានការលេងបាញ់ទឹក និងប៉ាតម៉្សៅក៏ពិតមែន តែនៅឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំក៏បានបញ្ជាក់ថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ គឺមិនមានការហាមប្រាមលេងបាញ់ទឹកទេ ប៉ុន្ដែសម្ដេចបានស្នើរសុំអោយប្រជាពលរដ្ឋ ត្រូវលេងដោយប្រយ័ត្នប្រយែង ប្រកបដោយទំនួលខុសត្រូវខ្ពស់ កុំឱ្យមានគ្រោះថ្នាក់។

គួរបញ្ជាក់ផងដែរថា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីណែនាំ ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ដោយបានហាមដាច់ខាតនូវ ការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ នៅតាមដងផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អាយុជីវិត និងបង្កឱ្យមានរបួស ឬខូចខាតទ្រព្យសម្បត្តិផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស