បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-01

ឯកឧត្តម ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី ចូលរួមពិធីបុណ្យសពពលករខ្មែរដែលបានបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីនៅថៃ​

#NEW NEWS# #គ្រោះរញ្ជួយដី# #សង្គម# #ឯកឧត្តម អ៊ុំ រាត្រី# #ព័ត៌មានសង្គម# #ឯកឧត្តម ហេង សួរ#

3022

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបុណ្យសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង អាយុ២៣ឆ្នាំ ដែលបានទទួលមរណភាពដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ខណៈកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ។

ក្នុងឱកាសចូលរួមពិធីបុណ្យសព ដែលរៀបចំធ្វើនៅផ្ទះក្រុមគ្រួសារនៃសព ស្ថិតនៅក្នុងភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឯកឧត្តម ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី បានសម្តែងនូវសមានទុក្ខក្តុកក្តួលរន្ធត់ចិត្ត និងសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំ ជូនចំពោះលោក សែ វិត និងលោកស្រី ភិន រី ជាឪពុកម្តាយនៃសព ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ដែលបានលាចាកលោកដោយសារគ្រោះដ៏កំណាចនេះ។

នៅក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកបច្ច័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន១ម៉ឺនដុល្លារ រួមទាំងថវិការបស់ក្រសួងការងារ, ថវិការបស់ឯកឧត្តម អ៊ុំ រាត្រី និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) ព្រមទាំងថវិការបស់សមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។

សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ, អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ, ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត បានសម្របសម្រួលសាច់ញាតិទៅទទួលសព ដើម្បីយកមកធ្វើពិធីបុណ្យតាមប្រពៃណីសាសនានៅស្រុកកំណើត។ ទន្ទឹមគ្នានេះក្រសួងបានបង្កើតគណៈកម្មការរៀបចំបុណ្យសពពលកររងគ្រោះដោយសារការរញ្ជួយដី និងកំពុងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធនៃប្រទេសថៃ ដើម្បីរៀបចំផ្ដល់សំណងធានារ៉ាប់រង និងអត្ថប្រយោជន៍ផ្សេងៗ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស