បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-01

អាជីវកម្មកាត់ដេរ និង លក់សម្លៀកបំពាក់ប្រពៃណីខ្មែរ នៅតែពេញនិយមសម្រាប់ប្រជាជនកម្ពុជា អំឡុងជិតរដូវចូលឆ្នាំខ្មែរ

#កាត់ដេរ# #TNAOT FEATURE# #អាជីវកម្ម# #ចូលឆ្នាំខ្មែរ# #សំលៀកបំពាក់ខ្មែរ# #សង្គម# #ព័ត៌មានសង្គម#

2601

នៅបាំងតែរយៈពេលជិតពីរសប្ដាហ៍តែប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់។ យ៉ាងណាមិញ គេក្រលេកមើលឃើញថា អាជីវកម្មកាត់ដេរ ហូល ផាម៉ួង និងអាវប៉ាក់ ហាក់ត្រូវប៉ាន់ខ្លាំង ខណៈម្ចាស់អាជីវករមួយ អះអាងថា ពួកគេអាចលក់ក្នុងមួយថ្ងៃពី១០ទៅ១៥ឈុតក្នុងមួយថ្ងៃ។

សម្លៀកបំពាក់ប្រពណៃណីខ្មែរ មានរចនាបថច្រើន ដែលបែងចែកទៅតាមរស់និយមក្នុងសម័យកាលផ្សេងៗ សម្រាប់ប្រើប្រាស់ទៅតាមពេលវេលា និងកម្មវិធីសាសនានីមួយៗ។ ការស្លៀកសម្លៀកបំពាក់ប្រពៃណី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មិនត្រឹមតែជួយលើកសម្រស់ឱ្យកាន់តែស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជួយលើកស្ទួយវប្បធម៌របស់ខ្មែរ និងបង្ហាញពីភាពស្រស់ស្អាតដ៏សម្បូរបែបរបស់ជាតិខ្មែរ។

អាជីវករម្ចាស់តូបមានស្លាកយីហោឈ្មោះ ស្រ៊ាង ដានី នៅក្នុងផ្សាអូឬស្សី បានឲ្យដឹងថា ការលក់សម្លៀកបំពាក់ហូលផាមួងខ្មែរទាំងប្រុស និងស្រី ក្នុងឆ្នាំនេះហាក់មានការកាក់កបច្រើនជាងឆ្នាំកន្លងទៅ ដោយឆ្នាំនេះមិនថាថ្ងៃធម្មតា ឬថ្ងៃសៅរ៍-អាទិត្យ គឺមានការបញ្ជាទិញច្រើនជាងឆ្នាំមុន។

លោកបន្តថា ឆ្នាំមុនអាចលក់បានប្រមាណ ១៥ឈុតប៉ុណ្ណោះក្នុងមួយថ្ងៃ តែក៏ទៅតាមថ្ងៃដែរ ពោលគឺចំនួននេះអាចលក់បានតែក្នុងថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យតែប៉ុណ្ណោះ។ ក៏ប៉ុន្តែក្នុងឆ្នាំនេះ តម្រូវការមានការកើនឡើង ពោលគឺរៀងរាល់ថ្ងៃអាចលក់បានលើសពី ១៥ឈុត ខណៈថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ អាចលក់បានកាន់តែច្រើន។

លោកបន្ថែមថា តម្លៃសម្លៀកបំពាក់នៅក្នុងហាងរបស់លោកមានច្រើនម៉ូត និងច្រើនប្រភេទ ដែលមានចាប់ពី២៥ដុល្លារ រហូតដល់ជាង ១០០ដុល្លារ ទៅតាមប្រភេទសាច់ក្រណាត់ ប៉ាក់ និងម៉ូតដែលភ្ញៀវចង់បាន។

លោកក៏ផ្តាំផ្ញើឲ្យមានការចូលរួមស្លៀកសម្លៀកបំពាក់ខ្មែរឲ្យបានច្រើនជាផ្នែករួមចំណែកថែរក្សា អាវប៉ាក់ សំពត់ហូល ផាមួង ឬសំពត់ក្បាច់ធម្មតា របស់ខ្មែរតទៅទៀត។

ខណៈពេលដែល អាជីវករមួយរូបទៀត ដែលមានឈ្មោះថា ឈិន ស្រីលីន បានលើកឡើងផ្ទុយគ្នាថា ឆ្នាំនេះការលក់សម្លៀកបំពាក់ប្រពៃណីខ្មែរ អំឡុងពេលចូលឆ្នាំខ្មែរ ហាក់មិនជាសូវកាក់កបដូចឆ្នាំមុននោះទេ ដោយហេតុថាការលក់អនឡាញច្រើន ហើយអ្នកទិញភាគច្រើនជ្រើសរើសជម្រើសទិញតាមអនឡាញដោយសារតែភាពងាយស្រួល។

ជាមួយគ្នានេះ អ្នកនាងក៏បានសំណូមពរឲ្យប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រសម្លៀកបំពាក់ប្រពៃណីខ្មែរឲ្យបានច្រើន នាឳកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ ជាពិសេសពេលទៅកាន់វត្តអារាម ដើម្បីរួមចំណែកលើកកម្ពស់ ក៏ដូចជាថែរក្សាតម្លៃ និងលើកកម្ពស់វប្បធម៌ប្រពៃណីរបស់ខ្មែរ ឱ្យនៅតែល្អផូរផង់។

ជារួម ការស្លៀកបែបប្រពៃណីទៅទីវត្តអារាម នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរួមមាន៖ អាវប៉ាក់ សំពត់ហូល ផាមួង ឬសំពត់ក្បាច់ធម្មតា គឺសក្តិសមបំផុតសម្រាប់នារីខ្មែរ មានភាពសមរម្យ ថ្លៃថ្នូរ និងស្រស់ស្អាត ដែលដូនតាបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ សម្រាប់បង្ហាញពីវប្បធម៌និងប្រពៃណីរបស់ខ្មែរ។

គួរបញ្ជាក់ផងដែរថា សម្លៀកបំពាក់ប្រពៃណីខ្មែរ មានច្រើនប្រភេទទៅតាមសម័យកាលផ្សេងៗគ្នា និងកម្មវិធីខុសៗគ្នា។ ពោលគឺសម្លៀកបំពាក់ខ្មែរមានតាមប្រភេទកម្មវិធីដូចជា ៖ សម្លៀកបំពាក់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យសព ពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីសាសនាផ្សេងៗដទៃទៀតផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

កូដណែនាំ 91815366

· 04-03

👍👍

អូនតា លេខកូដ63230368

· 04-01

🥰🥰🥰

  • 1
ទៅកាន់

ការណែនាំពិសេស