បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-02

ប្រទេសលុចសំបួ ផ្តល់ថវិកាជំនួយជាង ២លានដុល្លារគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

#DEVELOPING NWS# #ប្រទេសលុចសំបួ# #មនុស្សធម៌# #សង្គម# #ថវិកាជំនួយ# #ព័ត៌មានសង្គម# #សកម្មភាពមីន#

1892

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតី និងសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយប្រមាណជាង ២លានដុល្លារអាម៉េរិក របស់ប្រទេសលុចសំបួ សម្រាប់គាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ និងទី៥ ដែលពិធីនេះបានចុះហត្ថលេខា រវាងព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅដល់ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie និងប្រជាជនលុចសំបួ ចំពោះសេចក្តីសប្បុរស។ ការចូលរួមចំណែកពីប្រទេសលុចសំបួ នឹងជំរុញដល់ភាពជោគជ័យរបស់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ដែលអនុវត្តដោយអាជ្ញាធរមីន និង UNDP តាមរយៈការបង្កើនសមិទ្ធផលនៃការបោសសម្អាតមីន និងកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន។

លោកបន្តថា តាមការប៉ានស្មាន ថវិកាជំនួយនេះ នឹងផ្តល់ផលដល់ប្រជាជានប្រមាណ ២៣,០០០នាក់ តាមរយៈការទទួលបានដីសុវត្ថិភាព និងការស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារមីន។

លោកបានសង្កត់ធ្ងន់ថា ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ សម្តេចធិបតី ក្នុងការធានាសុខសុវត្ថិភាពរបស់ប្រជាជន និងអភិវឌ្ឍន៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការបោសសម្អាតមីន និងកិច្ចសហប្រតិបត្តិការអន្តរជាតិនានា នៅក្នុងសកម្មភាពមីននៅកម្ពុជា ព្រមទាំងបានប្រែក្លាយពីប្រទេសដែលរងគ្រោះធ្ងន់ធ្ងរដោយសារមីន ទៅជាប្រទេសឈានមុខគេក្នុងសកម្មភាពមីន ទូទាំងពិភពលោក។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie បានយាងមកបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ហើយនឹងមានជំនួបទ្វេភាគីជាច្រើនជាមួយថ្នាក់ដឹកនាំកម្ពុជា ព្រមទាំងរំពឹងថានឹងទទួលបានលទ្ធផលផ្លែផ្កាជាទីមោទកផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

SorSophorn

· 04-02

អរអរសាទរ

  • 1
ទៅកាន់

ការណែនាំពិសេស