បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-02

ថ្នាក់ដឹកនាំរដ្ឋសភា ដាស់តឿនពលរដ្ឋ កុំឲ្យពិសារភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិស្ករខ្ពស់

#រដ្ឋសភា# #NEW NEWS# #សង្គម# #ពលរដ្ឋ# #ភេសជ្ជៈប៉ូវកម្លាំង# #អាហារមានជាតិស្ករខ្ពស់# #ព័ត៌មានសង្គម#

2957

ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា ដាស់តៀនប្រជាពលរដ្ឋឲ្យការពារសុខភាព កុំពិសារភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិស្ករខ្ពស់ ដើម្បីជៀសផុតពីជំងឺរ៉ាំរ៉ៃ ក្រោមក្រោមពាក្យស្លោក “បង្ការការពារ ប្រសើរជាងការព្យាបាល” ពីព្រោះការព្យាបាល មានតម្លៃខ្ពស់ និងមានរយៈពេលយូរអង្វែង។

នេះបើតាមការលើកឡើងរបស់ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី«បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន» កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

លោកជំទាវ ឡោក ខេង មានប្រសាសន៍ថា ការពិសាភេសជ្ជៈប៉ូវកម្លាំង ដែលមានជាតិស្ករខ្ពស់ម្នាក់មួយកំប៉ុងយ៉ាងតិចក្នុងមួយថ្ងៃដើម្បីបំពេញកម្លាំងឱ្យធ្វើការបានច្រើនម៉ោង បើទោះបីជាមិនទាន់ប៉ះពាល់សុខភាព ភ្លាមៗមែន ប៉ុន្តែវានឹងជះផលប៉ះពាល់នៅថ្ងៃខាងមុខជាមិនខាន ដូចជាបង្កជាជំងឺទឹក នោមផ្អែម ជំងឺធាត់ ឬលើសទម្ងន់ និងជំរុញដល់ជំងឺដាច់សសៃឈាមខួរក្បាល និងគាំងបេះដូង។ល។

លោកជំទាវបន្តថា ប្រសិនបើយើងមិនផ្លាស់ប្តូរទម្លាប់មិនល្អទាំងនេះចេញទេ គឺយើងនឹងខាតបង់ធ្ងន់ធ្ងរនៅថ្ងៃអនាគត ដែលបានដាក់បន្ទុកដ៏យូរអង្វែងសម្រាប់ក្រសួងសុខាភិបាល បេឡាជាតិរបបសន្តិសុខសង្គម និងប្រព័ន្ធគាំពារសង្គម និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលធ្វើឱ្យបាត់លទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

គួរបញ្ជាក់ថា គណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា សហការជាមួយក្រសួងសុខាភិបាល បានរៀបចំសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន» ដោយមានការចូលរួមពីសមាជិកសភានៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភាកម្ពុជា ក្រសួងសុខាភិបាល តំណាងក្រសួងពាក់ព័ន្ធ តំណាងអង្គការសុខភាពពិភពលោក វិស័យឯកជន សមាគម អង្គការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ ព្រមទាំងដៃគូពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស