TNAOT News

· 04-02

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#

5247

១. រដ្ឋមន្តីក្រសួងការពារជាតិ ចាត់ឲ្យអង្គភាពជំនាញបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីដាក់ទណ្ឌកម្មលើបុគ្គលឈ្មោះ ឈាវ មុន្និន 

ឯកឧត្តមរដ្ឋមន្តីក្រសួងការពារជាតិបានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយដែលបុគ្គលឈ្មោះ ឈាវ មុន្និន បានប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់នៃកងយោធពលខេមរភូមិន្ទ។

២. សមាគមឧកញ៉ាកម្ពុជា អំពាវនាវដល់គោរមវន្តទាំងអស់ប្រកាន់ខ្ជាប់នូវកិត្តិយស សេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម 

សមាគមឧកញ៉ាកម្ពុជា អំពាវនាវអ្នកដែលទទួលបានគោរមងារឧកញ៉ាទាំងអស់ ប្រកាន់ខ្ជាប់នូវកិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម ក្នុងការប្រកបមុខរបរនិងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងសូមមេត្តាយកចិត្តទុកដាក់ឱ្យបានខ្ពស់ជាទីបំផុត ចំពោះការប្រើប្រាស់បណ្តាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយនានា ជៀសវាងចែកចាយ ឬផ្សព្វផ្សាយនូវសកម្មភាព និង/ឬការប្រើពាក្យសម្ដីទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ងារជាកិត្តិយសដែលអង្គព្រះមហាក្សត្រ បានព្រះរាជទាន។

៣. សហព័ន្ធកីឡាប្រដាល់គុនខ្មែរ គ្រោងនឹងដឹកនាំអ្នកលេងគុនខ្មែរជួរមុខ៤រូប ទៅដណ្ដើមខ្សែរក្រវ៉ាត់លើទឹកដីសហរដ្ឋអាមេរិក  

ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងដឹកនាំកីឡាករកីឡាការិនីប្រដាល់គុនខ្មែរចំនួន ៤រូប ទៅប្រកួតនៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា នាវេលាម៉ោង ៦ល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ២០២៥ វេលាម៉ោង ៨ព្រឹក នៅកម្ពុជា។ 

៤. នៅក្នុងហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័ននៅម៉ាឡេស៊ី បណ្តាលឲ្យមនុស្សរងរបួសកើនដល់ ១៤៥នាក់ 

រដ្ឋមន្ត្រីក្រសួងសុខាភិបាល Dzulkefly Ahmad បាននិយាយថាមនុស្ស១៤៥ នាក់ក្នុងនោះមានកុមារ៣នាក់បានរងរបួស។ លោកបានបន្តថា មនុស្សចំនួន ៦៧ នាក់កំពុងត្រូវបានគេព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ភាគច្រើនដោយសាររលាកកម្រិតទី ២ និងទី ៣ ខណៈ ៣៧ នាក់ផ្សេងទៀតបានស្វែងរកការព្យាបាលពីគ្លីនិក និងមន្ទីរពេទ្យឯកជន។ នាយកដ្ឋានពន្លត់អគ្គិភ័យបានឲ្យដឹងថា អគ្គិភ័យនេះបានបំផ្លាញផ្ទះ ១៩០ ខ្នង និងរថយន្ត ១៤៨ គ្រឿង។ ការស៊ើបអង្កេតកំពុងធ្វើឡើងដើម្បីរកមូលហេតុនៃការឆេះនេះ ។  

៥. កាន់តែច្រើនទៅៗ! ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដី ត្រូវគេរំពឹងថានឹងកើនឡើងលើស៣,០០០នាក់ 

មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រកាលពីថ្ងៃសុក្រ ត្រូវបានគេរំពឹងថានឹងកើនលើស ៣,០០០នាក់ ដោយបានឡើងដល់ ២,៧១៩នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារ ដោយមនុស្សចំនួន ៤,៥២១នាក់បានរងរបួស និង ៤៤១នាក់បាត់ខ្លួន។ លោកបាននិយាយនៅក្នុងសុន្ទរកថាមួយថា ក្នុងចំណោមអ្នកបាត់ខ្លួន ភាគច្រើនត្រូវបានគេសន្មត់ថាបានស្លាប់ ដោយមានឱកាសតិចណាស់សម្រាប់ពួកគេដែលនៅរស់។ 

៦. ថៃបើកការស៊ើបអង្កេតលើក្រុមហ៊ុនសំណង់ដែលដួលរលំ ចំពេលមានការសង្ស័យថាពួកគេបានប្រើដែកមិនមានស្តង់ដារ 

ស្ថានទូតចិននៅទីក្រុងបាងកកបានអំពាវនាវឲ្យក្រុមហ៊ុនចិនដែលកំពុងប្រតិបត្តិការនៅក្រៅប្រទេសគោរពតាមច្បាប់ក្នុងស្រុក បន្ទាប់ពីក្រុមហ៊ុនសំណង់ចិនមួយបានស្ថិតនៅក្រោមការត្រួតពិនិត្យសម្រាប់ការដួលរលំអគារដែលនាំឲ្យមានស្លាប់យ៉ាងរង្គាលនៅក្នុងការរញ្ជួយដីកាលពីសប្តាហ៍មុន។ អាជ្ញាធរថៃនិយាយថា ពួកគេកំពុងបើកការស៊ើបអង្កេតលើក្រុមហ៊ុនសំណង់ដែលទទួលខុសត្រូវចំពេលមានការសង្ស័យថាពួកគេបានប្រើដែកថែបដែលមិនមានស្តង់ដារក្នុងរចនាសម្ព័ន្ធ។ 

៧. អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត 

អ្នកភូមិប្រាសាទ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ចំនួនមួយគ្រួសារ បាននាំក្មេងប្រុស អាយុ៩ឆ្នាំ មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត តាមទំនៀម នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។

៨. ប្រទេសចិនបាននិយាយថា ការស៊ើបអង្កេតលើការនាំចូលសាច់គោនឹងមានភាពយុត្តិធម៌ 

ប្រទេសចិនបាននិយាយថា ខ្លួននឹងផ្តល់សេចក្តីសម្រេចយុត្តិធម៌ និងគោលបំណង បន្ទាប់ពីការស៊ើបអង្កេតដែលកំពុងបន្តរបស់ខ្លួនលើការនាំចូលសាច់គោ ដែលអាចនាំឱ្យមានពន្ធខ្ពស់ ឬកម្រិតការនាំចូល ប្រសិនបើរកឃើញថាអ្នកផលិតក្នុងស្រុកមានហានិភ័យ។ 

៩. អ្នកនាំពាក្យក្រសួងកសិកម្ម ច្រានចោលព័ត៌មានដែលថាកម្ពុជាមិនមានលទ្ធភាពផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី តាមតម្រូវការក្រុមហ៊ុនតៃវ៉ាន់ 

ដើម្បីជៀសវាងការយល់ច្រលំ ក្នុងនាមជាអ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ បានធ្វើការបំភ្លឺ និងកែតម្រូវឡើងវិញចំពោះព័ត៌មានចេញផ្សាយដោយសារពត៍មានក្នុងស្រុក ដែលបានដកស្រង់ពាក្យសម្ដីរបស់លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ដោយលើកឡើងថា កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣០០០តោន/ឆ្នាំនោះទេ។ 

១០. គ្រោះថ្នាក់ណាស់! អ្នកដែលចូលចិត្ត សាច់ និងគ្រឿងក្នុងជ្រូក ខណៈអាជ្ញាធរបង្រ្កាប និងដុតគ្រឿងក្នុងជ្រូកខូចគុណភាពប្រមាណ ១៤០០គីឡូក្រាម 

មន្រ្តីអធិការកិច្ចម្ហូបអាហារនៃសាខា កបប ខេត្តបាត់ដំបងបានចូលរួមសហការណ៍ជាមួយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តបាត់ដំបង ធ្វើការត្រួតពិនិត្យសាច់ជ្រូក គ្រឿងក្នុងជ្រូកនិងខួរជ្រូកដឹកតាមរថយន្ត pick up នាំចូលពីច្រកប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យដែលនគរបាលសេដ្ឋកិច្ចស្ទាក់ឃាត់ចាប់តាមដងផ្លូវបញ្ជូនទៅស្នងការខេត្តបាត់ដំបង កាលពីថ្ងៃទី១ ខែ មេសា ឆ្នាំ២០២៥។ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស