បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-04

រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាសម្រេចឱ្យបាននូវពិភពលោកមួយដែលគ្មានមីននៃទិវា អន្តរជាតិយល់ដឹងអំពីមីន ៤ មេសា

#សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត# #រដ្ឋាភិបាលកម្ពុជា# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2483

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ បានផ្ញើសារលិខិតអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៥ ដែលប្រារព្ធឡើងក្រោមប្រធានបទ "ការពារជីវិត កសាងសន្តិភាព" ។

សម្តេចមហាបវរធិបតីបានគូសបញ្ជាក់ថា ទិវានេះរៀបចំឡើងក្នុងគោលបំណងរំលឹកអំពីសារៈសំខាន់ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមកំហែងដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មកលើប្រជាពលរដ្ឋស្លូតត្រង់នៅទូទាំងពិភពលោក។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានរំលឹក និងនឹកដល់វីរៈជន និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដែលបានលះបង់កម្លាំងកាយចិត្តប្រកបដោយភាពក្លាហាន ក្នុងការបោសសម្អាតមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីធានាបាននូវសុខសុវត្ថិភាព និងវិបុលភាពរបស់មនុស្សជាតិ។

សម្តេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា គ្រាប់មីនបានបង្កការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនស្លូតត្រង់ និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបង្កការឈឺចាប់ និងការបាត់បង់អាយុជីវិតរាប់មិនអស់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកសម្រេចបាននូវពិភពលោកមួយដែលគ្មានមីន ហើយលោកបានអំពាវនាវឱ្យមានការជម្នះបញ្ហាប្រឈមដែលបង្កឡើងដោយគ្រាប់មីន និងប្រែក្លាយចក្ខុវិស័យពិភពលោកគ្មានមីនឱ្យក្លាយជាការពិត ដើម្បីធានាឱ្យមនុស្សជំនាន់ក្រោយអាចរស់នៅដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។


គួរបញ្ជាក់ថា ទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញសកម្មភាពប្រឆាំងនឹងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅទូទាំងពិភពលោក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស