បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-04

កម្ពុជា នឹងចូលរួមក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកាកាន់សៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា

#ប្រទេសកម្ពុជា# #ពិភពលោក# #ប្រទេសជប៉ុន# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ពិព័រណ៍#

3340

កម្ពុជា នឹងចូលរួមក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកាកាន់សៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន តំណាងដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ប្រទេសជប៉ុនជាម្ចាស់ផ្ទះទទួលរៀបចំពិព័រណ៍ពិភពលោក ២០២៥ អូសាកា ក្រោមប្រធានបទ "រៀបចំ សង្គមសម្រាប់អនាគតដើម្បីជីវិតរស់នៅ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដោយមានរយៈពេល៦ខែ នៅលើផ្ទៃដីទំហំ១៥៤ហិកតា ដោយទទួលបានការ អនុញ្ញាតពីការិយាល័យពិព័រណ៍អន្តរជាតិ (Bureau International des Epositions-BIE) នៃប្រទេសបារាំង និងមានប្រទេសចូលរួមជាផ្លូវការចំនួន១៥៨ប្រទេស និងអង្គការអន្តរជាតិធំៗចំនួន៧។

ក្នុងនោះផងដែរ ប្រទេសជប៉ុន រំពឹងថានឹងទទួលបានភ្ញៀវចូលទស្សនាប្រមាណ២៨លាននាក់ ដែលក្នុងនោះអាចមានភ្ញៀវបរទេស ប្រមាណ៣.៥លាននាក់។ ក្នុងការចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកានេះ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំ សាងសង់ពន្លាជាតិកម្ពុជាដោយរំលេចអំពី "ប្រាសាទកោះកេរ” ជាគោល ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ ការណ៍នេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអភិរក្សបេតិកភណ្ឌ វប្បធម៌ដ៏សម្បូរបែប និងបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរដ៏ល្អឯក។

បន្ថែមលើនេះ ពន្លាជាតិ កម្ពុជាក៏មានរំលេចនូវរូបសំណាកសត្វគោព្រៃ ដែលជាសត្វតំណាងជាតិ និងជីវចម្រុះដែលជានិមិត្តរូបនៃឧត្តមភាព ដ៏សម្បូរបែបនៃធនធានធម្មជាតិរបស់កម្ពុជា អមដោយការសាងសង់ថែវប្រាសាទអង្គរវត្តនៅផ្នែកខាងឆ្វេង ដោយបានរំលេចផ្ទាំងទស្សនីយភាពកូរសមុទ្រទឹកដោះនៅលើជញ្ជាំងថែវខាងកើតនៃប្រាសាទ និងនៅខាងស្តាំមានសំណង់ផ្ទះខ្មែរធ្វើអំពីឫស្សី និងនៅចំណុចកណ្ដាលមានរៀបចំឱ្យមានជាទិដ្ឋភាពវាលស្រែដែលស្តែងឱ្យឃើញពីសក្តានុពលកសិកម្ម និងផលិតផលអង្ករដ៏មានឱជារសរបស់កម្ពុជា និងមានម៉ាកែតប្រាសាទអង្គរវត្ត។ កម្ពុជាក៏បាននាំយកផលិតផលខ្មែរទៅតាំងបង្ហាញជូនភ្ញៀវជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំដែលនឹងអញ្ជើញចូលរួមពិព័រណ៍នេះផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស