TNAOT News

· 04-05

រដ្ឋាភិបាលកម្ពុជា ស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក

#ប្រទេសកម្ពុជា# #NEW NEWS# #រដ្ឋាភិបាលកម្ពុជា# #សង្គម# #ពន្ធគយថ្មី# #ព័ត៌មានសង្គម# #សហរដ្ឋអាមេរិក#

2606

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃម្សិលមិញនេះ បានផ្ញើលិខិតទៅកាន់ លោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់អាមេរិកនៅថ្ងៃទី២ ខែមេសា។

ដោយយោងតាមខ្លឹមសារលិខិត សម្ដេចធិបតី បានលើកឡើងថា កាលពីពេលថ្មីៗនេះ លោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក បានប្រកាសនូវការដាក់ឱ្យអនុវត្តនូវអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ, កម្ពុជាសូមស្នើបើកការចរចាជាមួយរដ្ឋាភិបាលរបស់លោក Donald J. Trump ក្នុងពេលដ៏ឆាប់បំផុត តាមដែលអាចធ្វើទៅបាន និងសូមស្នើរដ្ឋាភិបាលរបស់អាមេរិកពន្យារការអនុវត្តអត្រាពន្ធនាំចូលថ្មីនេះ ដោយក្តីអនុគ្រោះ។

ខ្ញុំសូមជម្រាបជូនលោក Donald J. Trump ផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុត ដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។

ក្នុងស្មារតីនេះ ខ្ញុំបានប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ខ្ញុំ ធ្វើការទាក់ទង ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិករបស់លោក ដើម្បីអនុវត្តកិច្ចការនេះ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសន្ទនា ក្នុងន័យស្ថាបនា និង ប្រកបដោយលទ្ធផលផ្លែផ្កា ជាមួយរដ្ឋាភិបាលអាម៉េរិក ដើម្បីជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត សំដៅឱ្យប្រជាជាតិ និង ប្រជាជនទាំងពីរ អាចទទួលបានផលប្រយោជន៍ជាក់ស្តែង ពីទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់នេះផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស