បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-05

អស្ចារ្យមែន! កម្ពុជានៅតែបន្តជាប់ចំណាត់ថ្នាក់ល្អប្រសើរ ក្នុងសន្ទស្សន៍អភិវឌ្ឍន៍វិស័យទេសចរណ៍ឆ្នាំ២០២៤

#NEW NEWS# #សង្គម# #វិស័យទេសចរណ៍# #ព័ត៌មានសង្គម#

2901

ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងការធ្វើដំណើរកាន់តែល្អឡើងជាបន្តបន្ទាប់តាមតារាងសន្ទស្សន៍ Travel & Tourism Development Index 2024- TTDI របស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលចេញផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum - WEF)។

វេទិកាសេដ្ឋកិច្ចពិភពលោកបានផ្តល់ពិន្ទុល្អដល់កម្ពុជា លើការដាក់ចេញនូវគោលនយោបាយនិងផែនការសកម្មភាពត្រូវទិសដៅដែលជួយអភិវឌ្ឍវិស័យទេសចរណ៍របស់ខ្លួន ដោយទទួលបានពិន្ទុ៣,៥៧ លើ៧ និងពិន្ទុ ៦,១៤លើកត្តាសុវត្ថិភាពនិងសន្តិសុខតាមតារាងសន្ទស្សន៍ Travel & Tourism Development Index 2024- TTDI របស់វេទិកាសេដ្ឋកិច្ចពិភពលោក។ 

ការទទួលស្គាល់នេះ ត្រូវបានគូសបញ្ជាក់ក្នុងជំនួបរវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Miranda Andruccioli អ្នកជំនាញការពីវេទិកាសេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ ក្នុងជំនួបនោះភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍រវាងកម្ពុជា និង អង្គការអន្តរជាតិមានទីស្នាក់ការនៅប្រទេសស្វីស និងជាអ្នករៀបចំកិច្ចប្រជុំកំពូល Davos ប្រចាំឆ្នាំដ៏ល្បីល្បាញ។ 

ឆ្លៀតក្នុងឱកាសនេះលោកស្រីបានគោរពអញ្ជើញ លោក Børge Brende ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ជូនឯកឧត្តមរដ្ឋមន្រ្តីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (16th Annual Meeting of the New Champions) នាខែមិថុនា នៅទីក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស