TNAOT News

· 04-07

សម្ដេចធិបតីលើកទឹកចិត្តដល់រដ្ឋបាលរាជធានី-ខេត្ត បន្តរៀបចំឲ្យមានផ្លូវថ្មើរជើង

#សម្ដេចធិបតី ហ៊ុន ម៉ាណែត# #ផ្លូវថ្មើរជើង# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

2052

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា លើកទឹកចិត្តដល់រដ្ឋបាលរាជធានី-ខេត្ត បន្តរៀបចំឲ្យមាន ផ្លូវថ្មើរជើង (Walk Street) ខណៈការដាក់ឲ្យប្រើប្រាស់ ផ្លូវថ្មើរជើងនៅភ្នំពេញកន្លងមកនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានអាកាសមរតកតេជោ” ក្បាលថ្នល់ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបញ្ជាក់ថា ការណែនាំឲ្យរៀបចំផ្លូវថ្មើរជើង ឬ Walk Street ជាការលើកកម្ពស់សុខុមាលភាព ជីវភាពប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ខណៈការដាក់ឱ្យប្រើប្រាស់ ផ្លូវថ្មើរជើង Walk Street កន្លងមកនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។

សម្តេចថ្លែងថា៖«ឥលូវនៅWalk Street មិនមែនមានតែខ្មែរទេមានបរទេសទៅរាំនៅទីនោះ ហើយខ្ញុំប្រាប់ថាជាបទពិសោធន៍ទេសចរក្នុងប្រទេសនាំមុខទេសចរក្រៅប្រទេស [….] ការរៀបចំនៅនឹងកន្លងនេះគឺជាអ្វីដែលយើងត្រូវគិតគូ»។គួរឲ្យដឹងដែរថា ផ្លូវថ្មើរជើង ឬWalk Street នៅរាជធានីភ្នំពេញ ផ្លូវថ្មើរជើងធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងមានសន្ទុះប្រជាពលរដ្ឋ ក្មេង ចាស់ប្រុស ស្រី ទេសចរជាតិ អន្តរជាតិ ដើរកម្សាន្តយ៉ាងច្រើនកុះករពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ខណៈជិតដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ផ្លូវថ្មើរជើង (Walk Street) នឹងមានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស