TNAOT News

· 04-07

អភិបាលខេត្តកំពង់ស្ពឺ សង្ឃឹមយ៉ាងមុតមាំថា ពិធីប្រណាំងរទេះសាឡី គោលឿន នឹងអាចឈានដល់កម្រិតប្រកួតថ្នាក់ជាតិនៅពេលអនាគត

#ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ# #សង្គម# #ពិធីប្រណាំងរទេះសាឡី# #DEVELOPING NEWS# #ព័ត៌មានសង្គម#

3060

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំពិធីប្រណាំងរទេះសាឡី គោលឿន និងសង្ឃឹមថា ពិធីដ៏អស្ចារ្យនេះនឹងអាចឈានដល់កម្រិតថ្នាក់ជាតិនៅពេលអនាគត។ 

ឯកឧត្តមបណ្ឌិតថ្លែងបែបនេះក្នុងឱកាសចូលរួមពិធីប្រណាំងរទេះសាឡីគោលឿន នៅភូមិស្នោទី២ សង្កាត់រការធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ក្រោមការចូលរួមពីឯកឧត្តម សុន ជា សមាជិក្រុមប្រឹក្សាខេត្ត ព្រមទាំងមានថ្នាក់ដឹកនាំខេត្ត និងក្រុមកីឡាករប្រណាំងរទេះសាឡី គោលឿនជាច្រើនរូបទៀត។

លោកបានបន្ថែមថា អស់រយៈពេល ១១ឆ្នាំហើយ ដែលរដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿននេះឡើងក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍន៍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ នូវប្រពៃណីដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ ខណៈឆ្នាំនេះដែរ ក៏មានបេក្ខជនដាក់ពាក្យចូលរួមប្រកួតមកពីតាមបណ្តា រាជធានី ខេត្ត សរុបចំនួន ៦៧នឹម ក្នុងនោះមានគោធំចំនួន ៤៤នឹម គោតូចចំនួន ២៣នឹម។

ទន្ទឹមនឹងនេះ លោកបានវាយតម្លៃខ្ពស់ និងកោតសរសើរគ្រប់ភាគីពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងបង្កើតឲ្យមានពិធីនេះកើតឡើង ពោល គឺ លោកសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងអាចឈានដល់ កម្រិតថ្នាក់ជាតិជាក់ជាពុំខាន ដែលទាំងអស់នេះកើតចេញឡើងពីគំនិតផ្ដើមផ្ដើមរបស់ប្អូនអ្នកខេត្តកំពង់ស្ពឺ។ លោកបានគូសបញ្ជាក់ថា «នៅឆ្នាំក្រោយៗទៀត និងមានការរៀបចំអោយល្អប្រសើរជាងនេះ ទាំងទីលានប្រកួត ការចូលរួមរបស់បេក្ខជន ក៏ដូចជាប្រាក់រង្វាន់ផ្សេងៗ ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលទស្សនាផងដែរ»៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស