បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-08

ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកឱ្យប្រើប្រាស់រយៈពេល ៧ថ្ងៃនាពេលឆាប់ៗខាងមុខនេះ ដើម្បីសម្រួលចរាចរណ៍ពលរដ្ឋទៅលេងស្រុកកំណើត

#ស្ពានខ្ពស់ជាងគេ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ឯកឧត្ដម ស៊ុន ចាន់ថុល#

2907

ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានចូលរួមក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ នៅមុនថ្ងៃបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដែលនឹងចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។  

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសារៈប្រយោជន៍ និងគុណសម្បត្តិនៃខ្សែផ្លូវជាតិលេខ១០ និងស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ សម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ទេសចរណ៍ និងការដឹកជញ្ជូនផ្សេងៗ។ លើសពីការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ផ្លូវមួយខ្សែនេះនឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចជាច្រើន តាមរយៈការកាត់បន្ថយពេលវេលា កាត់បន្ថយថ្លៃដើមក្នុងការដឹកជញ្ជូន និងសេវាភស្តុភារកម្ម ពិសេសក្នុងការដឹកជញ្ជូនកសិផល និងផលិតផលផ្សេងទៀតពីបណ្តាខេត្តជុំវិញទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិនានា ព្រមទាំងទៅកាន់កំពង់ផែទំនិញ កំពង់ផែទឹកជ្រៅ និងមជ្ឈមណ្ឌលភស្តុភារកម្ម ដោយមិនចាំបាច់ឆ្លងកាត់រាជធានីដែលនាំឱ្យមានការកកស្ទះចរាចរណ៍។ 

សូមបញ្ជាក់ដែរថា ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់៩០ម៉ែត្រ ទទឹង១០ម៉ែត្រ និងប្រវែងសរុប ៥៣៧ម៉ែត្រ ស្ថិតក្នុងគម្រោងខ្សែផ្លូវជាតិលេខ១០នេះ គឺជាស្ពានលេខ២៨ ស្ថិតក្នុងភូមិសាស្រ្តភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ២៥លានដុល្លារអាម៉េរិក។ ដោយសារស្ពាននេះស្ថិតក្នុងភូមិសាស្រ្តដែលមានទេសភាពធម្មជាតិអំណោយផលដ៏ស្រស់ត្រកាល ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងនាមម្ចាស់គម្រោងបានរៀបចំឱ្យមាននូវទីលានសម្រាប់សំចតថតរូបអនុស្សាវរីយ៍ នៅចំណុចកណ្តាលស្ពាន ដែលមានទទឹងសរុប១៥ម៉ែត្រ។ ជាមួយគ្នានេះក្រសួងក៏បានរៀបចំទីធ្លាសម្រាប់ចតយានយន្តនៅទាំងសងខាងក្បាលស្ពាន ដែលម្ខាងៗអាចចតរថយន្តប្រភេទទេសចរណ៍/គ្រួសារ បានប្រមាណពី ៦០-៧០ គ្រឿងផងដែរ៕  

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស