
TNAOT News
· 04-08
កម្លាំងសមត្ថកិច្ចជាង៣ពាន់នាក់ ត្រៀមជាស្រេចសម្រាប់ការពារសុវត្ថិភាពក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្ត
#កម្លាំងសមត្ថកិច្ច# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #សៀមរាប#
2941
សៀមរាបបានត្រៀមកងកម្លាំងប្រមាណជាង ៣០០០នាក់រួចជាស្រេចសម្រាប់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខ។
បើតាមប្រសាស់ន៍របស់លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាបបានឱ្យដឹងថា ក្នុងចំណោមកងកម្លាំងប្រមាណជាង ៣០០០នាក់ មានកម្លាំងនគរបាលប្រមាណ ២ ០០០នាក់ ដែលចូលរួមពីស្ថាប័នអង្គភាពពាក់ព័ន្ធចំណុះឱ្យបញ្ជាការឯកភាពខេត្ត នឹង បែងចែកទៅតាមគោលដៅធំៗចំនួន៦ ក្នុងនោះគោលដៅសំខាន់ៗដែលត្រូវដាក់កងកម្លាំងការពារសន្ដិសុខសុវត្ថិភាពនោះរួមមាន ក្នុងតំបន់អង្គរចំនួន២៥គោលដៅ និងក្នុងក្រុងសៀមរាបចំនួន ៣៤គោលដៅ។ ដោយឡែកនៅតាមបណ្ដារមណីយដ្ឋាន នៅតាមបណ្ដាក្រុងស្រុកផ្សេងៗទៀត ស្នងការដ្ឋានខេត្តសៀមរាប ក៏បានណែនាំឱ្យអធិការក្រុង ស្រុក ត្រៀមកម្លាំងការពារឱ្យរួចជាស្រេច ដើម្បីការពារដល់ភ្ញៀវទេសចរឱ្យមានសុវត្ថិភាពល្អ។
ស្នងការខេត្ដសៀមរាបរូបនេះបានបន្តទៀតថា សម្រាប់ក្នុងក្រុងសៀមរាប មានកងកម្លាំងសរុបប្រមាណ ៤០០នាក់ រួមមានកងកម្លាំងនគរបាល និងប្រជាការពារ សម្រាប់ត្រៀមជួយសម្រួលដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ខណៈដែលកម្លាំងអន្តរាគមន៍ចំនួន ២ក្រុម ព្រមទាំងម៉ូតូ១៤គ្រឿងទៀត សម្រាប់ត្រៀមទៅជួយសម្រួលបញ្ចៀសចរាចរណ៍ដែលមានការកកស្ទះនៅតាមដងផ្លូវផ្សេងៗទាំងក្នុងក្រុង និងក្រៅក្រុងសៀមរាប ដែលផែនការទាំងអស់បានដាក់ចេញរួចហើយត្រៀមតែអនុវត្តតែប៉ុណ្ណោះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)