បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-09

សាហាវមែន! ករណីបុរសម្នាក់ស្រវឹងបើករថយន្តដេញបំបុកជនរងគ្រោះ នៅក្រុងតាខ្មៅ អាចចាត់ទុកជាករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា

#NEW NEWS# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ក្រុងតាខ្មៅ# #ព័ត៌មានសង្គម#

2357

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល បានឲ្យដឹងថា សមត្ថកិច្ចអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សែម វិចទ័រ អាយុ ៣៨ ឆ្នាំ ពីបទប៉ុនប៉ងមនុស្សឃាដ ( បើករថយន្តដេញបំបុកជនរងគ្រោះ ) នៅចំណុច ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល វេលាម៉ោង២១:៥០នាទី យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។ 

បន្ទាប់ពីឃាត់ខ្លួនរួចមក សមត្ថកិច្ចបានវាស់ជាតិអាល់កុលរកឃើញថា ឈ្មោះ សែម វិចទ័រ បានផឹកគ្រឿងស្រវឹងលើសច្បាប់កំណត់ ខណៈតាមចម្លើយសារភាពរបស់ឈ្មោះ សែម វិចទ័រ បានអោយដឹងថា មុនកើតហេតុខ្លួនបានបើករថយន្តពីស្តុបស្ពានព្រែកហូរឆ្ពោះទៅទិសខាងកើត ពេលមកជិតដល់ស្តុបកាកបាទក្រហមខេត្តកណ្ដាល មានម៉ូតូមួយគ្រឿងជិះគ្នា ២នាក់ បានគោះឡានខ្លួន ខ្លួនខឹងក៏បើករថយន្តដេញបំបុកតែម្ដង ។  

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ដោយឡែកជនបង្ករ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។  

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ បានបញ្ជាក់បន្ថែមថា ករណីនេះ មិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ទេ ប៉ុន្តែជាករណីប៉ុនប៉ងមនុស្សឃាដដោយចេតនា ដែលមិនអាចអត់ឱនអោយបានឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)