បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-09

កាន់តែងាយស្រួល! ទេសចរម៉ាឡេស៊ីអាចទូទាត់ប្រាក់រៀលបាន ពេលមកលេងកម្ពុជាចាប់ពីពេលនេះតទៅ

#NEW NEWS# #សង្គម# #ទេសចរម៉ាឡេស៊ី# #ព័ត៌មានសង្គម# #KHQR# #លោកជំទាវបណ្ឌិត ជា សិរី#

2826

ចាប់ពីពេលនេះតទៅ ភ្ញៀវទេសចរមកពីប្រទេសម៉ាឡេស៊ីអាចទូទាត់តាម KHQR នៅកម្ពុជាបានយ៉ាងងាយស្រួល ខណៈមុខងារនេះត្រូវបានសម្រេចដាក់ឲ្យដំណើរការជាផ្លូវការក្រោយអធិបតីរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Dato’ Seri Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដំណាក់កាលទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលតំបន់អាស៊ាន។

យោងតាមគណនីបណ្តាញសង្គមផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ជូនថា ការដាក់ឱ្យដំណើរការនេះនឹងពង្រីកលទ្ធភាពនៃការទូទាត់ឆ្លងដែនបន្ថែមទៀតសម្រាប់ប្រជាជនម៉ាឡេស៊ីដែលធ្វើដំណើរមកប្រទេសកម្ពុជា ដោយផ្ដល់នូវបទពិសោធន៍ក្នុងការទូទាត់ឆ្លងដែនដែលឆាប់រហ័ស និងងាយស្រួល តាមរយៈការប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅប្រទេសម៉ាឡេស៊ី ដែលជាសមាជិកនៃគម្រោងដើម្បីស្កេនខេអេចឃ្យូអរកូត (KHQR) របស់ពាណិជ្ជករកម្ពុជា។ 

តាមប្រភពដដែកបានបន្ថែមទៀតថា លើសពីនេះពាណិជ្ជករក្នុងស្រុកទាំងនៅប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ីជាង៧លាននាក់ នឹងមានលទ្ធភាពក្នុងការពង្រីកទីផ្សារបានកាន់តែទូលំទូលាយជាងមុនដែលការណ៍នេះនឹងផ្ដល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ។ 

លោកជំទាវបណ្ឌិត ជា សិរី ក៏បានបង្ហោះសារក្នុងគណនីបណ្តាញសង្គមដែរថា «ទេសចរពីប្រទេសម៉ាឡេស៊ីអាចទូទាត់តាម KHQR នៅកម្ពុជាបានចាប់ពីពេលនេះទៅ។ ហើយខ្ញុំក៏បាននាំទេសាភិបាលធនាគារកណ្តាលប្រទេសម៉ាឡេស៊ីទិញទំនិញខ្មែរពី Color Silk ដែលតាំងពិព័រណ៍នៅទីក្រុងកូឡាឡំពួរដោយទូទាត់តាម KHQR ដែរ»។ 

លោកជំទាវបណ្ឌិតក៏បានលើកទឹកចិត្តដល់អ្នកលក់ទាំងអស់ដាក់តម្លៃជាប្រាក់រៀល និងទទួលការទូទាត់ជាប្រាក់រៀល ដើម្បីអាចទទួលការទូទាត់ងាយស្រួលពីទេសចរម៉ាឡេស៊ី, ថៃ, ចិន វៀតណាម និងឡាវ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស