
TNAOT News
· 04-10
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥
#ហ៊ុន ម៉ាណែត# #បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #នេត ភក្ត្រា# #ព័ត៌មានសង្គម# #ស៊ុន ចាន់ថុល#
3290
សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖
១. រាជរដ្ឋាភិបាលកម្ពុជាទទួលបានចម្លើយជាវិជ្ជមានពីភាគីអាមេរិកលើសំណើសុំបើកការចរចាការអនុវត្តពន្ធគយស្វែងរកដំណោះស្រាយរួម
រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងបន្តផ្តល់ ការយកចិត្តទុកដាក់យ៉ាងគត់មត់តាមដានការវិវត្តនៃការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាមេរិក និងត្រៀមរៀបចំយន្តការស្វែងរកដំណោះស្រាយសមស្រប។
២, ក្រុមហ៊ុន BYD Auto Industry នឹងបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តខ្លួននៅក្នុងប្រទេសកម្ពុជាឆាប់ៗនេះ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន BYD Auto Industry Co., Ltd. ដឹកនាំដោយលោក Xiao Haiping នាយកប្រតិបត្តិ នៃទីស្នាក់ការកណ្តាលសម្ព័ន្ធ BYD ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
៣,ក្រសួងព័ត៌មានដាក់ចេញ «យុទ្ធសាស្ត្រ ម៣-១ផ» ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ
យុទ្ធសាស្ត្រ ម៣-១ផ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយនិងផ្តល់សុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋប្រើប្រាស់និងសម្រេចចិត្ត គឺ ១-មិនបង្កើតព័ត៌មានក្លែងក្លាយ ២-មិនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ៣-មិនចែករំលែកព័ត៌មានក្លែងក្លាយ និង ១-ផ្សព្វផ្សាយតែព័ត៌មានពិត ត្រឹមត្រូវ មានប្រភពច្បាស់លាស់។ នេះបើតាមការលើកឡើង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។
៤. ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជាអនុម័តគម្រោងវិនិយោគទុនវិនិយោគសរុបជាង ២,៥ពាន់លានដុល្លារ
គម្រោងវិនិយោគចំនួន១៧២ ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥។
៥. មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ ក្នុងហេតុការណ៍ភ្លើងឆេះមណ្ឌលថែទាំមនុស្សចាស់ជរានៅភាគខាងជើងប្រទេសចិន
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន បានឲ្យដឹងកាលពីថ្ងៃពុធថា មនុស្សចំនួន ២០នាក់បានស្លាប់នៅក្នុងអគ្គីភ័យនៅឯមណ្ឌលថែទាំមនុស្សចាស់ជរាមួយនៅខេត្ត Hebei ភាគខាងជើងប្រទេសចិន។
៦. អភិបាលខេត្តព្រះសីហនុហាមមិនឱ្យប្រើប្រាស់ខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទនៅតំបន់សមុទ្រក្នុងវិស័យសំណង់នៅខេត្តព្រះសីហនុ
រដ្ឋបាលខេត្តព្រះសីហនុណែនាំដល់ម្ចាស់ដេប៉ូខ្សាច់ អាជីវកម្មផលិតបេតុងលាយស្រេច និងសាធារណជនទាំងអស់ពីការហាមឃាត់ប្រើប្រាស់ខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទក្នុងវិស័យសំណង់នៅខេត្តព្រះសីហនុ ប្រសិនបើរកឃើញមានលក់ដូរ ឬប្រើប្រាស់ខ្សាច់ប្រភេទនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការម៉ឺងម៉ាត់តាមនិតិវិធី។
៧. សហគមន៍កសិកម្មទំនើបចំនួន២ ក្នុងខេត្តសៀមរាប ត្រៀមពួ្រតដៃគ្នារៀបចំផលិតកម្មបន្លែសុវត្ថិភាពរួមគ្នា
សហគមន៍កសិកម្មទំនើបបន្លែសសី និងសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅខេត្តសៀមរាប គ្រោងនឹងរៀបចំផលិតកម្មបន្លែសុវត្ថិភាពរួមគ្នា តាមរយៈការវិនិយោគលើផ្ទះសំណាញ់ ១០០ខ្នង ដែលអាចនឹងគាំទ្រជាថវិកាបដិភាគដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)។
៨. មន្រ្តីជំនាញ ក.ប.ប ពិនិត្យឃើញថាគ្រឿងសមុទ្រ នៅតំបន់ត្រឡោកបែក ពុំមានសាតុគីមីហាមឃាត់នោះទេ
មន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភំ្នពេញបានសហការជាមួយ មន្ទីរពិសោធន៍ នែអគ្គនាយកដ្ឋាន ក.ប.ប.និងមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បាននាំយករថយន្តចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសមុទ្រនៅ តាមបណ្ដោយផ្លូវ៥៩៨ (ត្រឡោកបែក) ក្នុងខណ្ឌសែនសុខ ដោយបានស្រង់យកសំណាកគំរូចំនួន ៣២គំរូ មានដូចជា មឹក បង្គារ បង្កង មឹកបំពុង មឹកស្នូក ដើម្បីធ្វើវិភាគរកសារធាតុគីមីហាមឃាត់ នៅព្រឹកថ្ងៃពុធ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។
៩. សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
១០. មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន អះអាងថាសកម្មភាពផ្តល់ប័ណ្ណសរសើរមេត្រីបរិស្ថានដល់រូបវន្តបុគ្គល ឬនីតិបុគ្គល ជាសកម្មភាពល្មើសទៅនឹងច្បាប់
សកម្មភាពផ្តល់បណ្ណសរសើរមេត្រីបរិស្ថានជូនរូបវន្តបុគ្គលឬនីតិបុគ្គល ដោយអង្គការថែរក្សាបរិស្ថាននិងកសិកម្ម គឺជាសកម្មភាពល្មើសទៅនឹងច្បាប់ ហេតុនេះ ម្ចាស់ក្រុមហ៊ុន សហគ្រាសទាំងអស់ សូមប្រុងប្រយ័ត្នចំពោះការបោកប្រាស់ និងការជាប់ពាក់ព័ន្ធ។ នេះបើតាមការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)