បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-11

រាជរដ្ឋាភិបាលអនុម័តផែនការអភិវឌ្ឍន៍តំបន់ខ្នងផ្សារដើម្បីលើកកម្ពស់ជីវភាពប្រជាជនតាមរយៈការបង្កើតគោលដៅលំហែបៃតង

#NEW NEWS# #សង្គម# #តំបន់ខ្នងផ្សារ# #ព័ត៌មានសង្គម# #រាជរដ្ឋាភិបាល#

2145

រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តផែនការអភិវឌ្ឍន៍តំបន់ខ្នងផ្សារ ឱ្យក្លាយជាគោលដៅលំហែបៃតងគំរូដំបូងគេបង្អស់នៅកម្ពុជា ក្នុងគោលដៅលើកកម្ពស់ជីវភាពប្រជាសហគមន៍ បង្កភាពងាយស្រួលក្នុងការធ្វើដំណើរ និងទាក់ទាញទេសចរណ៍ ដោយនៅតែរក្សាបាននូវតុល្យភាពនៃបរិស្ថាន និងសោភ័ណភាពធម្មជាតិ។

នៅក្នុងកិច្ចប្រជុំពិភាក្សា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្តីពីការសាងសង់ផ្លូវទៅកាន់តំបន់ខ្នងផ្សារ ក្នុងគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា CSLEP ក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងធនាគារពិភពលោក បានពិនិត្យទៅលើលទ្ធភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដោយចាប់ផ្តើមពីការជួសជុលកែលម្អផ្លូវជាយុទ្ធសាស្ត្រឱ្យមានភាពធន់ និងមាននិរន្តរភាព ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍មកកាន់តំបន់ភ្នំខ្នងផ្សារ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសអនុម័តគម្រោងអភិវឌ្ឍន៍ដ៏សំខាន់មួយនេះ។


ក្រៅពីការសាងសង់ផ្លូវ គម្រោងនេះក៏រួមបញ្ចូលទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ទីតាំងចតរថយន្ត បន្ទប់ទឹក និងកន្លែងងូតទឹក មជ្ឈមណ្ឌលព័ត៌មាន មជ្ឈមណ្ឌលសង្គ្រោះបឋម អាហារដ្ឋាន និងការអភិវឌ្ឍទីតាំងសម្រាប់បោះតង់ជាដើម ដែលការរចនាគិតគូរបញ្ចូលស្ថាបត្យកម្មខ្មែរ និងនឹងប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ ជំនួសឱ្យថាមពលអគ្គិសនី។ ទន្ទឹមនឹងនោះ ការដាំដើមឈើឡើងវិញក៏ត្រូវបានបញ្ចូលផងដែរ ដើម្បីបង្កើនសោភ័ណភាពធម្មជាតិនៃតំបន់នេះផងដែរ។រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ និងអាទិភាពនៃគម្រោងអភិវឌ្ឍន៍មួយនេះ ដោយតម្រូវឱ្យក្រសួង ស្ថាប័ន រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ និងសហការយ៉ាងជិតស្និត ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់និងបន្ទាន់របស់រាជរដ្ឋាភិបាល ដើម្បីបម្រើឱ្យប្រយោជន៍សហគមន៍មូលដ្ឋាន។

គូសបញ្ជាក់ផងដែរថា សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានកំណត់យកគម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារឱ្យក្លាយជាគោលដៅលំហែបៃតងគំរូដំបូងគេបង្អស់នៅកម្ពុជា ដោយរាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ បង្កភាពងាយស្រួលក្នុងការធ្វើដំណើរ និងទាក់ទាញទេសចរណ៍ ដោយនៅតែរក្សាបាននូវតុល្យភាពនៃបរិស្ថាន និងសោភ័ណភាពធម្មជាតិ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស