
TNAOT News
· 04-13
ក្រុមការងារអាជ្ញាធរជាតិអប្សរា ត្រៀមជាស្រេចដើម្បីសម្រួលសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
#ក្រុមការងារអាជ្ញាធរជាតិអប្សរា# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត#
2011
ក្រុមការងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនជាស្រេច និងពង្រឹងបន្ថែមទៀត ដើម្បីសម្រួលសណ្តាប់ធ្នាប់សាធារណៈ ការចតយានជំនិះ ព្រមទាំងការលក់ដូររបស់អាជីវករ ធ្វើយ៉ាងណាឱ្យមានសណ្តាប់ធ្នាប់ល្អ ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
ថ្លែងនៅលើគណនីបណ្តាញសង្គមអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៣ ខែមេសានេះ លោក ណន តូនី ប្រធានគ្រប់គ្រងរួមភ្នាក់ងារសណ្តាប់ធ្នាប់នៅរមណីយដ្ឋានអង្គរ បានឱ្យដឹងថា «ជាធម្មតាអាជ្ញាធរជាតិអប្សរាបានរៀបចំឱ្យមានក្រុមការងារប្រចាំការតាមគោលដៅសំខាន់ៗមួយចំនួន នៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ដើម្បីជួយសម្រួលការធ្វើដំណើរតាមដងផ្លូវ ឬតាមទីតាំងចំណតនីមួយៗរួចទៅហើយ»។
ជាមួយគ្នានេះលោកបានបញ្ជាក់ថា «រយៈពេល៣ថ្ងៃនេះអាជ្ញាធរជាតិអប្សរាកាន់តែពង្រឹងបន្ថែម រួមទាំងបន្ថែមកម្លាំងផង ដើម្បីសម្រួលការធ្វើចរាចរណ៍ បញ្ចៀសការកកស្ទះ ការលក់ដូរ និងតាមទីតាំងចំណតនានា សម្រាប់ទេសចរដ៏ច្រើនកុះករដែលគ្រោងមកកម្សាន្តរមណីយដ្ឋានអង្គរ។ ជាពិសេសទីតាំងប្រារព្ធពិធីសំខាន់ គឺនៅខាងមុខប្រាសាទអង្គរវត្ត នៅទីនោះមានចំណតដ៏ធំមួយសម្រាប់ចតយានជំនិះគ្រប់ប្រភេទ»។ បើទោះជាយ៉ាងនេះក្តី លោកប្រធានគ្រប់គ្រងរួមភ្នាក់ងារសណ្តាប់ធ្នាប់នៅរមណីយដ្ឋានអង្គរ សំណូមពរដល់ប្រជាពលរដ្ឋ និងក្រុមអាជីវករ ឬអ្នកប្រកបរបរដឹកជញ្ជូននានា សូមចូលរួមអនុវត្តតាមការណែនាំរបស់ភ្នាក់ងារសណ្តាប់ធ្នាប់ ចៀសវាងកុំចតយានជំនិះនៅតាមដងផ្លូវ ជាមូលហេតុនៃការកកស្ទះ ដោយត្រូវចូលទៅកាន់ទីតាំងចំណតដែលអាជ្ញាធរជាតិអប្សរាបានរៀបចំ។ សូមបញ្ជាក់រាល់ទីតាំងចំណតរបស់អាជ្ញាធរជាតិអប្សរា មិនមានការតម្រូវឱ្យបង់ថវិកាឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)