
TNAOT News
· 04-15
ឯកឧត្តម ជុំ កុសល រំលឹកដាស់តឿនដល់មនុស្សមួយចំនួន ដែលចូលចិត្តបើកបរបំពានច្បាប់ រំលោភសិទ្ធិអាទិភាពអ្នកដទៃ
#NEW NEWS# #អ្នកបើកបរ# #សង្គម# #ឯកឧត្តម ជុំ កុសល# #ព័ត៌មានសង្គម#
2060
ឯកឧត្តម ជុំ កុសល ជួបរឿងហួសចិត្ត និងបានបង្ហោះសារស្នើរសុំដល់ម្ចាស់រថយន្តមួយគ្រឿងដែលបានបើកបរដោយគ្មានទំនួសខុសត្រូវបំពានច្បាប់ រំលោភសិទ្ធិអាទិភាពអ្នកដទៃ ខណៈលោកកំពុងធ្វើដំណើរតាមដងផ្លូវ។
នេះបើយោងតាមសំណេររបស់ ឯកឧត្តម ជុំ កុសល បានបញ្ជាក់ជុំវិញរឿងរ៉ាវនេះថា៖ «ម្សិលមិញជួបរឿងហួសចិត្ត ហើយក៏ត្រូវនិយាយដោយចំហចំពោះម្ចាស់រថយន្តFord Everest ពាក់ស្លាកលេខ « ភ្នំពេញ 2 BX-3930» ផ្ទាល់ ព្រោះរថយន្តនេះបានសាងកំហុសមកលើខ្ញុំ។ ករណីនេះប្រសិនបើម្ចាស់ជាអ្នកបើកបរផ្ទាល់ ខ្ញុំស្នើសុំឲ្យប្តូរឥរិយាបថ និងទម្លាប់អាក្រក់បែបនេះចេញ តែបើតៃកុងជាអ្នកបើក សុំឲ្យម្ចាស់ណែនាំផងកុំបើកបរបែបដូចជាមិនធ្លាប់ចូលសាលាបើកបរបែបនេះទៀត ។
ខ្ញុំកំពុងឆ្លងស្ពានអាកាសលោកសង្ឃ ក្នុងល្បឿនធម្មតា20km/h ដោយស្ថានភាពផ្លូវមានរថយន្ត៣-៤នៅខាងមុខ ស្រាប់តែរថយន្តនេះបើកពីក្រោយមក ក៏ វ៉ៃភ្លើង និងសុីផ្លេផ្ទួនៗ មិនមើលស្ថានភាពផ្លូវនៅខាងមុខ មិនខ្វល់ការវ៉ាជែងនៅលើស្ពានគឺបើកទាំងបំពានតែម្តង ! ឃើញការបើកបរទាំងកំរោលបែបនេះ ខ្ញុំក៏បើកកញ្ចក់ស្រែកសួរ « តើបើកប្រញ៉ាប់ទៅណា បានជាវ៉ាបំពានលើស្ពាន ហើយចុចសុីផ្លេផ្អើលគេឯងបែបនេះ ? » អ្នកបើកបរមិនហ៊ានបើកកញ្ចក់ឆ្លើយតបខ្ញុំវិញទេ ព្រោះដឹងថាខ្លួនខុស ហើយប្រហែលជាគេស្គាល់ខ្ញុំផង ក៏បត់ចូលផ្លូវមួយទៀត » ។
ឯកឧត្តមក៏បានបន្តទៀតថា៖ « នេះគឺជាសារចូលរួមដាស់តឿនដល់មនុស្សមួយចំនួន ដែលចូលចិត្តបើកបរបំពានច្បាប់ រំលោភសិទ្ធិអាទិភាពអ្នកដទៃ បង្កគ្រោះថ្នាក់ចរាចរណ៍ ។ មនុស្សខ្លះអាងខ្លួនមានរថយន្តទំនើបចូលចិត្តធ្វើចរិតទំនើងធ្វើដូចផ្លូវជាកម្មសិទ្ធិរបស់ខ្លួនយ៉ាងដូច្នោះ !។
ខ្ញុំសូមរម្លឹកប្រសាសន៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ៖ « សង្គមសុីវិល័យ មិនមែនជាសង្គមដែលប្រជាពលរដ្ឋអ្នកមានលុយ ធ្វើខ្លួនហុឺហារ បង្ហាញភាពទំនើបនិយមនោះទេ គឺប្រជាជនមានសីលធម៌ សុជីវធម៌ គុណធម៌ ចេះយោគយល់អធ្យាស្រ័យគ្នា »។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)