បង្ហោះផ្សាយ

ខ្មែរ

Prak

· 2019-04-29

ហេតុអ្វីចូលចិត្តរត់តាមស្នេហាដែលមិនមែនជារបស់ខ្លួនឯង ហើយស្រែកថាហត់?

11

មនុស្សមួយចំនួន ប្រើពេលសឹងមួយជីវិតដើម្បីរត់តាមស្រមោលមនុស្សម្នាក់ តែគ្មានពេលណាតាមទាន់ទាំងអស់។ ហើយចុងបញ្ចប់ នៅពេលដែលហួសពេលអស់ហើយ ទើបត្អូញថា ខ្ញុំហត់ហើយ។

ក្នុងរឿងស្នេហា នឹងមានកាលៈទេសៈខ្លះដែលនឹងត្រូវបង្ខំឲ្យអ្នកឈរនៅចន្លោះជម្រើស២នោះគឺ បន្តមនោសញ្ចេតនានោះ ឬបញ្ចប់។ ដោយសារតែរវាងអ្នកទាំង២ ស្នេហាបានសាបរលាប ក៏អាចដោយសារម្នាក់ ក្នុងចំណោមអ្នកទាំង២ លែងស្រលាញ់គ្នាដូចមុន ដែលធ្វើឲ្យម្នាក់ទៀតនឿយហត់។ បន្ទាប់ពីដឹងការពិតនៃការផ្លាស់ប្ដូរនេះហើយ ក៏នៅមិនហ៊ានហាមាត់និយាយដើម្បីបញ្ចប់ចំណងមួយនេះ។

ហេតុអ្វីពួកយើងចូលចិត្តឱបក្រសោបស្នេហាមួយដែលខ្លួនដឹងច្បាស់ហើយថា នឹងមិនដើរដល់ណានោះ? ដោយសារតែប្រាប់ខ្លួនឯងថា ព្យាយាមបន្តិចទៀត នឹងត្រូវបានគេតបស្នង ឬស្ដាយពេលវេលាធ្លាប់ចំណាយរួមគ្នា ទើបមិនហ៊ានដោះដៃ?

ចង់បន្តផង ចង់បញ្ចប់ផង អារម្មណ៍មួយនេះគឺពិតជាហត់ខ្លាំងណាស់។ ស្នេហាប្រៀបដូចដើរចូលផ្លូវទាល់ ទោះដើរយូរយ៉ាងណាក៏គ្មានផ្លូវចេញ។ មនុស្ស២នាក់ស្រលាញ់គ្នា ត្រូវសម្លឹងទៅទិសដៅតែមួយ តែត្រូវធ្វើយ៉ាងម៉េច បើម្នាក់ទៀត លែងមើលទៅទិសដៅអ្នកទៅហើយនោះ? ក្នុងស្នេហា ឬគ្រប់ចំណងអ្វីទាំងអស់ បើមានអ្នកណាមិនស្មោះនោះ អ្វីគ្រប់យ៉ាងនឹងត្រូវរលាយ។

ការពិតទៅ គម្លាតរបស់ពួកយើង ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែធំឡើង តែយើងនៅតែបន្លប់ចិត្តថា នឹងមានឱកាសមួយ ដែលគេនឹងប្រែទៅជាដូចដើម តែកាន់តែរំពឹង កាន់តែឈឺ ព្រោះវាមិនអាចក្លាយជាការពិត។

មានអារម្មណ៍ថាខ្លួនឯង ដូចកំពុងរត់ប្រណាំងនឹងពេលវេលា ហើយគ្មានថ្ងៃឈ្នះ ព្រោះម្នាក់ប្រឹងរត់ ម្នាក់ប្រឹងថយក្រោយ។ នៅពេលដែលបេះដូងយើង ជ្រុលដាក់លើគេអស់ហើយ នឹងពិបាកខ្លាំងណាស់ដើម្បីបញ្ចប់មនោសញ្ចេតនាមួយ។ តែបើមិនបញ្ចប់ អ្នកដែលហត់ជាងគេ គឺមានតែខ្លួនឯង ព្រោះប្រឹងឈោងដៃឆ្ងាយយ៉ាងណា ក៏នៅតែមិនដល់ ព្រោះគេបានដកដៃចេញយូរមកហើយ។

មានមនុស្សជាច្រើន ដឹងថាការរត់តាមគេដូចនេះ គឺជាការល្ងង់ តែនៅតែមិនអាចបញ្ឈប់បាន ព្រោះស្រលាញ់គេខ្លាំងពេក។ ពាក្យបែក គឺពិបាកនិយាយខ្លាំងណាស់ ជាពិសេសសម្រាប់មនុស្សស្រី។ តែត្រូវចាំថា បើប្រឹងអស់សមត្ថភាពហើយ តែនៅតែគ្មានប្រសិទ្ធភាព គួរតែសម្រាកទៅ កុំឲ្យហត់ខ្លាំងពេក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស