បង្ហោះផ្សាយ

ខ្មែរ

Sokhanya

· 2019-07-06

វត្តមាន​ថ្មី​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​ចូល​មក​កម្ពុជា​ បង្ហាញ​ពី​ភាពរឹងមាំ​ក្នុង​វិស័យ​មួយ​នេះ

#ថ្នាក់ដឹកនាំ​កំពូល​# #សង្គម# #អចលនទ្រព្យ#

0

ភ្នំពេញ​ ៖ តាម​ការ​អះអាង​របស់​ថ្នាក់ដឹកនាំ​កំពូល​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន​ Century​ 21​ Cambodia​ បាន​បញ្ជាក់​ថា​ នៅក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ក្រុមហ៊ុន​សម្ព័ន្ធ​ និង​ជា​ដៃគូ​ ក្នុង​វិស័យ​អចលនទ្រព្យ​លំដាប់​ពិភពលោក​ថ្មី​មួយទៀត​ មាន​ប្រភព​មក​ពី​សហរដ្ឋអាមេរិក​ ដែល​មាន​អាយុកាល​ជាង​ ១១០ឆ្នាំ​នោះ​ នឹង​បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​កម្ពុជា​។

ការសម្រេច​ចិត្ត​ចូលខ្លួន​មកកាន់​ទីផ្សារ​កម្ពុជា​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ​ គឺ​បន្ទាប់ពី​បាន​សម្លឹងឃើញ​យ៉ាង​ច្បាស់​ពី​ភាព​វិជ្ជមាន​ និង​ភាពរឹងមាំ​នៃ​វិស័យ​សំណង់​នៅតែ​បន្ត​ក្នុងរយៈពេល​ដ៏​យូរអង្វែង​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ប្រចាំ​ប្រទេស​ Century​ 21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ពី​ព្រឹក​ថ្ងៃទី៦​ ខែកក្កដា​ ឆ្នាំ២០១៩​ នេះ​ថា​ នៅ​ត្រឹម​រយៈពេល​ដ៏​ខ្លី​ឆាប់​ៗខាងមុខនេះ​ ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​លំដាប់​ពិភពលោក​មួយទៀត​មាន​ប្រភព​នៅ​សហរដ្ឋអាមេរិក​ នឹង​ចូល​មកកាន់​ទីផ្សារ​កម្ពុជា​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “នៅពេល​ដែល​មាន​វត្តមាន​ក្រុមហ៊ុន​អន្តរជាតិ​លំដាប់​ពិភពលោក​ចូល​មកកាន់​ទីផ្សារ​កម្ពុជា​ វា​គឺជា​សញ្ញា​មួយ​ដ៏​ល្អ​ ដែល​បង្ហាញ​ពី​ទំនុកចិត្ត​ខ្ពស់ទៅ​លើ​ការ​អភិវឌ្ឍ​ ភាព​រីកចម្រើន​ក្នុង​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ក៏ដូចជា​ភាពល្អ​ប្រសើរ​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​ផង​ដែរ​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​មួយ​នេះ​ មាន​ប្រភព​នៅ​សហរដ្ឋអាមេរិក​ និង​មាន​អាយុកាល​ជាង​ ១១០ឆ្នាំ​ (បង្កើត​នៅ​ឆ្នាំ១៩០៦​) ដោយ​បាន​ពង្រីក​វិសាលភាព​របស់​ខ្លួន​ចំនួន​ជាង​ ១០០ប្រទេស​ទូទាំង​សាកលលោក​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ជា​ធម្មតា​ មុន​ពេល​គេស​ម្រេច​ចិត្ត​មក​បង្ហាញខ្លួន​នៅ​ប្រទេស​ណាមួយ​ គឺ​ពួកគេ​បាន​សិក្សា​យ៉ាង​ច្បាស់​ពី​ស្ថានភាព​នយោបាយ​ ស្ថានភាព​សេដ្ឋកិច្ច​ ក៏​ដូច​ជា​សក្តា​នុ​ពល​ផង​ដែរ​”។

លោកស្រី​បន្ត​ថា​ “ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​ Century​ 21​ Cambodia​ ជាដើម​ មុន​ពេល​ទទួល​បាន​សិទ្ធិ​ ធ្វើជា​ការិយាល័យ​តំណាង​ប្រចាំ​នៅ​កម្ពុជា​ គឺ​ក្រុមហ៊ុនមេ​បាន​សិក្សា​យ៉ាង​លម្អិត​ ទាំង​កេរ្តិ៍ឈ្មោះ​របស់​អ្នកតំណាង​ស្នើសុំ​ ទាំង​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​ ជាពិសេស​ ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ កម្រិត​ GDP​ ក្នុង​ស្រុក​ផង​ដែរ​ រួម​ដែល​សមស្រប​ជាមួយ​ល័ក្ខខ័ណ្ឌ​ និង​គោលការណ៍​របស់​គេ​ផង​ដែរ​”។ លោកស្រី​បាន​បង្ហើប​ថា​ “ក្រុមហ៊ុន​ដែល​មាន​ប្រភព​មក​ពី​សហរដ្ឋអាមេរិក​មួយ​នេះ​ ជា​ដៃគូ​សម្ព័ន្ធ​ដ៏​ជិតស្និទ្ធ​របស់​ក្រុមហ៊ុន​ Century​ 21​ Cambodia​ ” ។

បច្ចុប្បន្ន​នេះ​ នៅ​លើ​ទីផ្សារ​កម្ពុជា​ ក្រុមហ៊ុន​អចលនទ្រព្យ​បាន​ និង​កំពុងតែ​រីក​ដុះដាល​យ៉ាង​ខ្លាំង​ ដែល​ក្នុង​នោះ​មាន​ទាំង​ក្រុមហ៊ុន​ក្នុង​ស្រុក​ និង​ក្រុមហ៊ុន​អន្តរជាតិ​ ជាពិសេស​មាន​ក្រុម​ហ៊ុន​ធំៗ​លំដាប់​ពិភពលោក​ផង​ដែរ​ ដូចជា​ ក្រុមហ៊ុន​ Century​ 21​ Cambodia​ ក្រុមហ៊ុន​ CBRE​ Cambodia​ ក្រុមហ៊ុន​ Knight​ Frank​ ក្រុមហ៊ុន​ (KW​) Keller​ Williams​ ក្រុមហ៊ុន​ The​ Prince​ រួម​ជាមួយនឹង​ក្រុម​ហ៊ុន​ធំៗ​មួយចំនួន​ទៀត​មក​ពី​ប្រទេស​ចិន​ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស