TNAOT News

· 2020-04-05

ប៉ះទង្គិច​រវាង​ក្រុមប្រដាប់អាវុធ នៅម៉ិកស៊ិក ស្លាប់​ច្រើននាក់

#ក្រុមឧក្រិដ្ឋកម្ម# #សង្គម# #ការវាយប្រហារ# #ប្រតិបត្តិការ# #ម៉ិកស៊ីក# #នយោបាយជាតិ#

6676

ប្រតិបត្តិការរួម​មួយ​របស់កងកម្លាំងសន្តិសុខចម្រុះ​​ រួមមាន​កងកម្លាំង​សន្តិសុខសាធារណៈ និងយោធា​ម៉ិកស៊ិក​ត្រូវបានធ្វើឡើង​ ដើម្បីស្វែងរកថា តើ​ក្រុមខ្មាន់កាំភ្លើងដែលពាក់ព័ន្ធ​ការប៉ះទង្គិច​ប្រដាប់អាវុធ​នោះ​ បាននិងកំពុងស្ថិតនៅទីកន្លែងណា ។ 

ការិយាល័យរដ្ឋអាជ្ញាជាតិ​របស់ម៉ិកស៊ិក​កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ បានប្រកាសថា យ៉ាងតិច​មនុស្ស១៩នាក់បានស្លាប់ ក្នុងការប៉ះទង្គិច​រវាង​ក្រុមប្រដាប់អាវុធ ស្ថិតនៅតំបន់ Madera រដ្ឋ Chihuahua របស់ម៉ិកស៊ិក ។ 

សេចក្តីថ្លែងការណ៍​របស់​ការិយាល័យអគ្គ​រដ្ឋអាជ្ញា(FGE)​​ខេត្ត Chihuahua បានបញ្ជាក់ថា «កងកម្លាំងប្រតិបត្តិការ​ត្រូវបាន​ដាក់ពង្រាយ​ភ្លាមៗ ក្រោយពេលទទួលព័ត៌មាននៅវេលាម៉ោង​៦និង​៣៥នាទីយប់ ដែលថា អាចនឹងមានការប៉ះទង្គិចគ្នាទៀត ​រវាង​គូប្រឆាំង​ទាក់ទង​នឹង​ក្រុមឧក្រិដ្ឋកម្ម នៅទីកន្លែងមួយ ដែលចាប់ផ្តើមពីចំណុច Las Varas ទៅដល់ចំណុច Largo Maderal» ។

កងកម្លាំងប៉ូលិស​បាន​មកដល់ទីកន្លែងកើតហេតុ បានឃើញសាកសពជនស៊ីវិល​យ៉ាងតិច​១៨នាក់, កាំភ្លើងវែង​១៨ដើម, រថយន្ត២គ្រឿង, គ្រាប់បែកដៃ២គ្រាប់ ត្រូវបាន​រិបអូស​ ។​ បុរសរងរបួស​២នាក់​ ត្រូវបានប៉ូលិសបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែ​ម្នាក់បានបាត់បង់ជីវិត ធ្វើឲ្យការប៉ះទង្គិច​នោះ​ស្លាប់មនុស្ស​កើនឡើង១៩នាក់ ។ ខ្មាន់កាំភ្លើងខ្លះទៀត​ត្រូវចាប់ដាក់គុក ។ 

ការវាយប្រហាររវាងក្រុមប្រដាប់អាវុធ​បែបនេះ​មិនមែនជារឿងចម្លែក​កើតឡើងនៅម៉ិកស៊ិកនោះឡើយ ។ ប្រទេសនេះ​មានអំពើហិង្សា​រវាង​ក្រុមឧក្រិដ្ឋកម្ម​ បងធំបងតូចប្រដាប់អាវុធជាហូរហែ និងបង្កឲ្យ​មាន​ភាពសោកសៅ​ដ៏ពិតប្រាកដ​មួយសម្រាប់ប្រជាពលរដ្ឋ​ ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស