បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-05

តុលាការចិន​ដោះលែង​មេធាវីការពារសិទ្ធិមនុស្ស Wang Quanzhang

#ដោះលែង# #Wang Quanzhang# #សង្គម# #សិទ្ធិមនុស្ស# #នយោបាយជាតិ# #មេធាវី#

1733

មេធាវី​ការពារ​សិទ្ធិមនុស្ស​ម្នាក់ ឈ្មោះ Wang Quanzhang ត្រូវបានតុលាការ​ចិន​ដោះលែង​ឲ្យមានសេរីភាព​វិញហើយ បន្ទាប់ពី​ជាប់ពន្ធនាគារ​រយៈពេល​ជិត​៥ឆ្នាំ ។ 

ភរិយា​របស់មេធាវី​ការពារសិទ្ធិមនុស្សរូបនេះ គឺអ្នកស្រី Li Wenzu បានថ្លែង​កាលពីថ្ងៃអាទិត្យ តាមរយៈវីដេអូ​នៅលើបណ្តាញទំនាក់ទំនងសង្គម​របស់ខ្លួនថា ប្តីរបស់​អ្នកស្រី​ត្រូវបានដោះលែងវិញហើយ។ 

អ្នកស្រី អះអាងថា កាលពីព្រឹកមិញនេះ បានទទួលទូរស័ព្ទ​ពីប្តីរបស់គាត់​ដែល​បាននិយាយថា ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ ។ ប៉ុន្តែ​អ្នកស្រី​មិនទាន់បានជួប​ស្វាមី​ដោយផ្ទាល់នៅឡើយទេ ។ 


មេធាវី​ការពារសិទ្ធិមនុស្ស Wang Quanzhang អាយុ៤៤ឆ្នាំ គឺជាមេធាវី ដ៏ល្បីឈ្មោះម្នាក់ ធ្លាប់បានចេញមុខ ការពារក្តីជួយប្រជាជនចិន ដែលត្រូវគេរិបអូសយកដីធ្លី ផ្ទះសម្បែង។ នៅរវាងខែកក្កដា ឆ្នាំ២០១៥ អាជ្ញាធរចិន បានចេញប្រតិបត្តិការ តាមចាប់អ្នកច្បាប់ មេធាវី និងសកម្មជនសិទ្ធិមនុស្ស ប្រមាណជាង២០០នាក់ ។ 

លោក Wang Quanzhang បានរត់គេចខ្លួន ក៏ប៉ុន្តែមួយខែក្រោយមក លោកត្រូវបាននគរបាល ​ចាប់ខ្លួនបាន នៅស្រុកកំណើត ក្នុងខេត្ត ឆាងតុង។ បន្ទាប់ពីត្រូវ​បានឃុំខ្លួននៅក្នុងផ្ទះ នៅដើមឆ្នាំ ២០១៦ លោកមេធាវី​ ត្រូវបានតុលាការចិន ចោទប្រកាន់ជាផ្លូវការ ពីបទធ្វើសកម្មភាពវិទ្ធង្សនា ប្រឆាំងអំណាចរដ្ឋ ហើយត្រូវ បានគេយកទៅឃុំខ្លួន នៅទីកន្លែងសំងាត់មួយកន្លែង ។

អ្នកស្រី Li Wenzu បានថ្លែង​នៅក្នុងវីដេអូ​ផ្សាយ​ថា «យើងបានរង់ចាំពេលវេលានេះ​ជិត​៥ឆ្នាំ​កន្លងមកហើយៗទីបំផុត​បាន​ឃើញថ្ងៃ​នេះ​ វិលត្រឡប់​មកប្រាកដមែន» ។​ «ប៉ុន្ត​ខ្ញុំមិនអាច​មើលឃើញ​គាត់​​នៅពេលដំបូងគេភ្លាមៗនេះបានទេ, មិនអាច​នាំគាត់​ចេញពីពន្ធនាគារ​ត្រឡប់មកផ្ទះ​នៅឡើយទេ, ខ្ញុំកាន់តែគិតច្រើន​ចំពោះ​បញ្ហានេះ គឺកាន់តែរវើររវាយ»។ 

អង្គការ​អ្នកច្បាប់ខ្លះ​អះអាងថា ខណៈដែល​មេធាវីការពារសិទ្ធិមនុស្សរូបនេះ​ត្រូវបានដោះលែង​ពីពន្ធនាគារ​ក៏ពិតមែន ប៉ុន្តែ​ច្បាស់ណាស់ថា គាត់មិនទទួលបានសេរីភាព​ពេញលេញពិតប្រាកដនៅឡើយទេ ហើយអាច​នឹងស្ថិតក្រោម​ទម្រង់​ឃុំខ្លួននៅក្នុងផ្ទះ ឬស្ថិតក្រោមការត្រួតពិនិត្យ​មើលអំពីសកម្ម​​យ៉ាងយកចិត្តដាក់ពី​សំណាក់អាជ្ញាធរមិនខាន ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)