
TNAOT News
· 2020-04-07
ជប៉ុនប្រកាសអាសន្ន៧ខេត្ត ដើម្បីទប់ស្កាត់ឆ្លងកូវីដ-១៩
#COVID-19# #នាយករដ្ឋមន្ត្រី# #ប្រកាសអាសន្ន# #សង្គម# #ជប៉ុន# #ព័ត៌មានសង្គម#
1265
នៅថ្ងៃទី៧ ខែមេសានេះ ជប៉ុនបានប្រកាសអាសន្នចំនួន៧ខេត្ត ក្រុង ក្នុងនោះមានទាំងទីក្រុងតូក្យូ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពបំផុត ក្រោយការឆ្លងរាលដាលកើនឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្ស៊ូអាបេ បានប្រកាសថា ការប្រកាសអាសន្នមានរយៈពេល១ខែ នៅបណ្តាខេត្ត ក្រុង ដែលរងគ្រោះខ្លាំង ដោយកូវីដ-១៩ ក្នុងនោះមាន Tokyo, Kanagawa, Saitama, Chiba, Osaka, Hyogo, Fukuoka ។ ពលរដ្ឋនៅតំបន់ខាងលើត្រូវនៅក្នុងផ្ទះ ហើយទីតាំងរកស៊ីតូចធំ ក៏ត្រូវបិទទ្វារផងដែរ ។
លោក ស៊ីនហ្ស៊ូ អាបេ បានបញ្ជាក់ទទួលស្គាល់ផងដែរថា ការបិទខេត្តក្រុង ជារឿងមួយដ៏លំបាកសម្រាប់ជប៉ុន ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន លោក Yasutoshi Nishimura បានអំពាវនាវដល់ពលរដ្ឋ មិនត្រូវផ្លាស់ទីកន្លែងទៅកាន់តំបន់ផ្សេង នៅពេលនេះឡើយ ព្រោះវាអាចបង្កឲ្យមានការរាតត្បាតកូវីដ-១៩កាន់តែខ្លាំងឡើង។
បច្ចុប្បន្ន ជប៉ុនមានករណីឆ្លងកូវីដ-១៩បានកើនឡើងដល់ទៅជាង៣៦០០នាក់ និងស្លាប់៧៣នាក់ ។ ក្រៅពីនេះក៏មានអ្នកជំងឺព្យាបាលជាសះស្បើយ ៥៩២នាក់ផងដែរ ៕ ប្រែសម្រួលដោយ៖MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)