TNAOT News

· 2020-05-07

សភាអ៊ីរ៉ាក់​គាំទ្របញ្ជីរដ្ឋមន្ត្រី​​រៀបចំដោយនាយករដ្ឋមន្ត្រី Mustafa Kadhemi

#គណៈរដ្ឋមន្ត្រីថ្មី# #សង្គម# #អ៊ីរ៉ាក់# #Mustafa Kadhemi# #នយោបាយជាតិ#

6990

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ាក់ បានផ្សាយថា សភារបស់អ៊ីរ៉ាក់បានគាំទ្រដល់បញ្ជីបេក្ខជនរដ្ឋមន្ត្រី ស្នើដោយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Mustafa Kadhemi នោះហើយ ។ ប៉ុន្តែ​សភា​បានពន្យារពេលបោះឆ្នោត​ ជ្រើសរើស​រដ្ឋមន្ត្រី​ក្រសួងថាមពលប្រេង និងក្រសួងការបរទេស​ ។

ទីភ្នាក់ងារព័ត៌មាន INA បានរាយការណ៍ កាលពីល្ងាច ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ថា នៅពេលដំណាលគ្នានោះ សមាជិកសភា​បានពន្យារពេលការបោះឆ្នោតលើបេក្ខជនតំណែងរដ្ឋមន្រ្តីក្រសួងថាមពលប្រេង និងរដ្ឋមន្រ្តីក្រសួងការបរទេស ។

ប្រព័ន្ធផ្សព្វផ្សាយ al-Sumaria បានផ្សាយថា រដ្ឋមន្ត្រី​ដែលបានលើកឡើងនេះ មិនរាប់បញ្ចូល​បញ្ជី​បេក្ខភាព​រដ្ឋមន្ត្រីចំនួន​២០រូប ដែលបានស្នើឡើង ដោយនាយករដ្ឋមន្ត្រី Kadhimi នោះឡើយ ។ 

គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ប្រធានាធិបតី អ៊ីរ៉ាក់ លោក Barham Salih បានតែងតាំងប្រធានផ្នែកស៊ើបការណ៍សម្ងាត់ គឺលោក Kadhemi ឲ្យក្លាយជានាយករដ្ឋមន្រ្តីរបស់ប្រទេសនេះ បន្ទាប់ពីអ្នកកាន់តំណែងមុន គឺលោក Adnan Zurfi បានបរាជ័យ​ក្នុងការបង្កើតរដ្ឋាភិបាល ដោយសារតែកង្វះការគាំទ្រពីសមាជិកសភា។ 

នៅមុនពេលលោក Adnan Zurfi នោះ គឺលោក Mohammed Tawfiq Allawi អតីតរដ្ឋមន្រ្តីក្រសួងគមនាគមន៍ ក៏មិនអាចបង្កើត​បាន​គណៈរដ្ឋមន្រ្តីថ្មីមួយផងដែរ ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រី Adel Abdul Mahdi បានលាលែងពីតំណែង​​ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសារតែមានមហាបាតុកម្ម​​​ទាមទាររំលាយរដ្ឋាភិបាល ទាមទារ​ឲ្យ​ការរស់នៅរបស់ពួកគេ​មានជីវភាពធូរធារ និងបញ្ចប់​នូវអំពើពុករលួយ​ ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស