
TNAOT News
· 2020-05-21
យោធាវេណេហ្ស៊ុយអេឡាអមការពារនាវាអ៊ីរ៉ង់ដឹកជញ្ជូនប្រេងឥន្ធនៈ
#វេណេហ្ស៊ុយអេឡា# #អ៊ីរ៉ង់# #សង្គម# #នាវាដឹកប្រេង# #នយោបាយជាតិ#
10154
លោក Vladimir Padrino រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃប្រទេសវេណេហ្ស៊ុយអេឡា បានបង្ហើបឲ្យដឹង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ថា យោធារបស់ប្រទេសវេណេហ្ស៊ុយអេឡា នឹងអមការពារនាវាអ៊ីរ៉ង់ ដែលដឹកប្រេងយកទៅចែកចាយ នៅប្រទេសនេះ ពេលចូលដល់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុ នៃប្រទេសវេណេហ្ស៊ុយអេឡា ។
នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍រដ្ឋ លោក Padrino បានថ្លែងថា ការអមការពារនោះ ជាការស្វាគមន៍ដល់ពួកគេ និងអរគុណដល់ប្រជាជនអ៊ីរ៉ង់ ចំពោះសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនេះ ។ លោក Padrino បានថ្លែងផងដែរថា រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានទាក់ទងជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Amir Hatami ផងដែរ។
ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើប្រទេសវេណេហ្ស៊ុយអេឡា បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ ។ កាលពីខែមករា ឆ្នាំ២០២០ ប្រទេសនេះ ត្រូវបានបង្ខំឱ្យបិទរោងចក្រចម្រាញ់ប្រេងចុងក្រោយរបស់ខ្លួន ។ បើទោះជាការពិតដែលថា វេណេហ្ស៊ុយអេឡា ជាប្រទេសនាំចេញប្រេងក៏ដោយ ប៉ុន្តែប្រទេសនេះកំពុងជួបប្រទះនឹងកង្វះខាតប្រេងយ៉ាងខ្លាំង ក៏ព្រោះតែទណ្ឌកម្មរបស់អាមេរិក។
មន្រ្តីអាមេរិកម្នាក់ បាននិយាយថា គេមាន “ភាពប្រាកដប្រជាខ្ពស់” ដែលថា ប្រទេសវេណេហ្ស៊ុយអេឡា កំពុងចំណាយមាសទៅឲ្យអ៊ីរ៉ង់ ជាថ្នូរនឹងការទទួលបានប្រេងឥន្ធនៈ។
កាសែតរ៉យទ័របានផ្សាយថា មន្ត្រីអាមេរិករូបនេះបានបញ្ជាក់ថា “វាមិនត្រឹមតែ មិនទទួលបានការស្វាគមន៍ពីសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទាំងមិនទទួលបានការស្វាគមន៍ នៅក្នុងតំបន់ទាំងមូល ហើយយើងកំពុងពិនិត្យមើលវិធានការដែលអាចអនុវត្តបាន” ។
មន្ត្រីរូបនេះមិនបានបញ្ជាក់ពីវិធានការណាមួយដែលត្រូវបានពិចារណានោះទេ ប៉ុន្តែបាននិយាយថា ជម្រើសទាំងអស់នឹងត្រូវបញ្ជូនទៅឲ្យលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីសម្រេច។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានផ្សាយព្រមានដល់សហរដ្ឋអាមេរិក ប្រឆាំងនឹងការចាត់វិធានការទៅលើនាវាដឹកប្រេងអ៊ីរ៉ង់ ដែលកំពុងតែធ្វើនាវាចរណ៍ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា។
សារព័ត៌មាន Nour របស់អ៊ីរ៉ង់បានផ្សាយថា “ ប្រសិនបើសហរដ្ឋអាមេរិក មានចរិតដូចចោរប្លន់ បង្កបញ្ហាអសន្តិសុខ នៅតាមផ្លូវទឹកអន្តរជាតិនោះ វាច្បាស់ណាស់ថា នឹងមានហានិភ័យដ៏គ្រោះថ្នាក់មួយកើតឡើង ហើយវាពិតណាស់ថា នាវាដឹកប្រេងទាំងនោះ ធ្វើដំណើរទៅដោយមិនមានការប្រុងប្រយ័ត្ននោះឡើយ” ។ កាសែតនេះ បានដកស្រង់ព័ត៌មានដែលថា នាវាចម្បាំងអាមេរិកបាននិងកំពុងស្ថិតនៅលើដងផ្លូវ ដើម្បីស្ទាក់ចាប់នាវាដឹកប្រេងអ៊ីរ៉ង់ នៅតំបន់សមុទ្រការ៉ាបៀន ។
លោក Abbas Mousavi អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃទី១៧ ខែឧសភា បានព្រមានដែរថា “សហរដ្ឋអាមេរិកខ្លួនឯងនឹងត្រូវទទួលរងនូវផលប៉ះពាល់ កើតឡើងពីវិធានការ ដែលមិនអាចនឹកស្មានដល់” ចំពោះការប្រឆាំងនឹងនាវាដឹកប្រេងឥន្ធនៈអ៊ីរ៉ង់ ឆ្ពោះទៅកាន់វេណេហ្ស៊ុយអេឡា។
លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្រុងតេអេរ៉ង់ ថា“ ប្រសិនបើអាមេរិកចាត់វិធានការណាមួយប្រឆាំងនឹងការធ្វើនាវាចរណ៍ ដោយសេរី និងស្របច្បាប់របស់នាវាអ៊ីរ៉ង់នោះ អាមេរិក នឹងប្រឈមមុខការឆ្លើយតបដ៏ម៉ឺងម៉ាត់ពីយើងវិញយ៉ាងសមរម្យបំផុត” ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តារាសម្ដែងកូរ៉េខាងត្បូងនាង Kim Min Hee សរសើរមិត្តប្រុសវ័យ ៦៣ឆ្នាំ ក្នុងកម្មវិធី Locarno Film Festival

តើមានចម្ងល់ឬទេ ហេតុអ្វីបានជាអ្នកដទៃ ចាក់ក្រឡេករសើប ដល់ចាក់ខ្លួនឯង មិនរសើប?

បុរាណបានបង្រៀនថា មានរឿង៣យ៉ាងដែលអ្នកមិនគួរធ្វើចំពោះអ្នកដទៃ បើមិនចង់បាត់បង់លាភ និងលុយកាក់

៥ យ៉ាង កុំធ្វើឲ្យសោះមុនចូលគេង ព្រោះដូចកំពុងបន្ថយអាយុខ្លួនឯង

យោបល់ទាំងអស់ (0)