
TNAOT News
· 2020-05-27
អាមេរិក ភ័យបះសក់នឹងទង្វើប្រកបដោយគ្រោះថ្នាក់របស់យន្តហោះចម្បាំងរុស្ស៊ី Su-35
#P-8A Poseidon# #រុស្ស៊ី# #សង្គម# #Su-35# #នយោបាយជាតិ#
10521
សារព័ត៌មានsputnik បានផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ថា កងទ័ពជើងទឹកអាមេរិកបានរិះគន់ទង្វើប្រកបដោយគ្រោះថ្នាក់ និងមិនទទួលខុសត្រូវរបស់យន្តហោះចម្បាំងរុស្ស៊ី Su-35 នៅពីលើសមុទ្រមេឌីទែរ៉ាណេ ដែលហោះទៅស្ទាក់យន្តហោះស៊ើបការណ៍អាមេរិក P-8A Poseidon ខណៈកំពុងល្បាត កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។
កម្លាំងជើងទឹកអាមេរិកអះអាងថា សកម្មភាពមិនទទួលខុសត្រូវ និងគ្រោះថ្នាក់បែបនេះរបស់រុស្ស៊ី បានកើតឡើង៣លើករួចមកហើយ ក្នុងរយៈពេល២ខែកន្លងមកនេះ ។ ប្រភពថា អាកាសយានិករុស្ស៊ី បានហោះហើរក្នុងលក្ខណៈអសុវត្ថិភាព មិនទទួលខុសត្រូវ ទៅស្ទាក់យន្តហោះស៊ើបការណ៍ និងល្បាត P-8A របស់កម្លាំងជើងទឹកអាមេរិក ។
យន្តហោះរុស្ស៊ីពីរគ្រឿងហោះស្ទាក់យន្តហោះចារកម្មអាមេរិកប្រហែល៦៥នាទី នៅលើដែនទឹកអន្តរជាតិ ។ ការហោះតាម និងមានរយៈចម្ងាយខ្លីពីគ្នានោះ ត្រូវបានចាត់ទុកថា ជាអំពើប្រកបដោយគ្រោះថ្នាក់ មិនមានអាជីព នោះឡើយ ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់កម្លាំងជើងទឹកអាមេរិក ។ ប្រភពថា ទង្វើបែបនេះរបស់អាកាសយានិករុស្ស៊ី មិនស័ក្តិសម ឬស្របទៅតាមច្បាប់ទម្លាប់ស្តីអំពីការហោះហើរនៅលើផ្លូវអន្តរជាតិនោះទេ ។
គួរបញ្ជាក់ថា ករណីស្រដៀងគ្នានេះដែរ បានកើតឡើងកាលពីពីខែមេសា ឆ្នាំ២០២០ កាលណោះកម្លាំងជើងទឹកអាមេរិកបានរិះគន់ទង្វើអាកាសយានិកយន្តហោះចម្បាំងរុស្ស៊ី Su-35s ដែលបានហោះស្ទាក់យន្តហោះស៊ើបការណ៍អាមេរិក តែចម្ងាយប្រហែល២៥ម៉ែត្រប៉ុណ្ណោះពីគ្នា ។
ក្រសួងការពារជាតិរុស្ស៊ី នៅគ្រានោះបានចេញមុខអះអាងថា ប្រព័ន្ធរ៉ាដារុស្ស៊ីចាប់បានយន្តហោះសត្រូវកំពុងហោះចូលកៀកដែនអាកាសរបស់ខ្លួន ទើបនាំឲ្យមានការចេញយន្តហោះចម្បាំងSu -35s ទៅស្ទាក់និងបណ្តេញចេញយ៉ាងដូច្នោះ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)