
TNAOT News
· 2020-09-03
ជ្រុង១នៃព្រេងនិទានដែលទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ
#ចំណេះដឹង# #ព្រេងនិទាន# #ភ្ជុំបិណ្ឌ# #ចាស់ព្រឹទ្ធាចារ្យ# #អប់រំ និងការងារ#
19410
បុណ្យភ្ជុំបិណ្ឌប្រារព្ធធ្វើពីថ្ងៃ១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ។ ក្នុងរយៈពេលភ្ជុំបិណ្ឌនេះចាស់មួយចំនួនបានលះបង់ផ្ទះសម្បែង កូនចៅទៅស្នាក់នៅឯវត្ដ សមាទានសីល៥ចាំសីល៨ បម្រើព្រះសង្ឃ សម្អាតទីអារាម ។ ចំណែកឯពុទ្ធបរិស័ទចែកវេនគ្នាជាវេនបិណ្ឌចំនួន១៥ថ្ងៃ ។
ក្នុងបិណ្ឌនីមួយៗ គេតែងធ្វើដូចជា ពេលយប់ជួបជុំពុទ្ធបរិស័ទ ប្រគេនភេសជ្ជៈចំពោះព្រះសង្ឃ និងជូនចំពោះចាស់ព្រឹទ្ធាចារ្យ នមស្ការ គោរពព្រះរតនត្រ័យ និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ដ និងសម្ដែងធម៌ទេសនា ។ ពេលព្រឹកប្រគេនអាហារចំពោះព្រះសង្ឃឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ បុព្វការីជន ដែលធ្វើមរណកាលទៅហើយភ្ជុំបិណ្ឌជាបុណ្យបែបព្រះពុទ្ធសាសនាជាប្រពៃណីធំជាងគេរបស់ខ្មែរ មានលក្ខណៈជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធដល់បុព្វបុរស ញាតិសន្ដានដែលធ្វើមរណកាលទៅ និងជាពិធីជួបជុំគ្នានៃញាតិសន្ដាន សាច់ញាតិទាំងអស់ដែលនៅទីឆ្ងាយៗ ។
យោងតាមឯកសារប្រជុំទំនៀមទម្លាប់ខ្មែរបានសរសេរថា ពិធីបុណ្យភ្ជុំបិណ្ឌ មានប្រវត្តិទាក់ទងនឹងរឿងព្រេងនិទាន ។ រឿងព្រេងតំណាលថា មានឈ្មួញសំពៅ៥០០ ធ្វើដំណើរចេញទៅជួញតាមសមុទ្រ ។ លុះទៅដល់កោះមួយនោះជួនជាល្ងាច និងធ្វើដំណើរទៅមុខទៀតក៏ស្ទើរ ទើបនាំគ្នាចូលចតសំពៅនៅទីនោះ ។ កោះនោះជាកោះដាច់ស្រយាលឥតមានមនុស្សនៅទេ ហើយពេលយប់តែងតែមានពួកប្រេតនាំគ្នាដើរទៅរកស៊ី ។ ពួកប្រេតទាំងនោះ លុះដើរក្រវែលរកអាហារឃើញមនុស្សដេកក្នុងសំពៅក៏ចាប់មនុស្សកំពុងដេកលក់យកទៅឱ្យចៅហ្វាយខ្លះ គិតនឹងហែកស៊ីខ្លះ ។ ពួកមនុស្សដេកលក់ដោយសារឮសំឡេងប្រេតនិយាយគ្នា ក៏ភ្ញាក់ឡើងភ័យស្លុត យំសោកទ្រហឹង ខំអង្វរករដូចម្តេចក៏ពួកប្រេតពុំព្រម ហើយគិតតែពីចាប់នាំទៅប្រគល់ឱ្យចៅហ្វាយនាយ ។
សម្រែកយំសោកបណ្តាលឱ្យផ្អើលមនុស្សអស់ទាំង៥០០សំពៅ ។ ពេលនោះនាយសំពៅម្នាក់ជាអ្នកឈ្លាសវៃនឹកឃើញថា «បើទោះជាត្រូវស្លាប់ក៏ត្រូវតែហ៊ានប្រថុយនិយាយតវ៉ាឱ្យអស់ចិត្តសិន មិនត្រូវឱ្យគេផ្តាច់ជីវិត ទទេៗឡើយ» ។ គិតហើយ នាយសំពៅក៏តាំងស្មារតីអង់អាចនិយាយទៅកាន់ស្តេចប្រេត សូមឱ្យលែងពួកខ្លួន តែស្តេចប្រេតឆ្លើយថា «យើងនឹងលែងពួកឯងទៅវិញមិនបានទេ ព្រោះពួកយើងស្រេកឃ្លានណាស់ បើលែងពួកអ្នកឯងទៅ មិនដឹងជាកាលណានឹងបានទៀតទេ ពួកយើងខ្សត់អាហារណាស់ !» ។
ឮដូចនេះនាយសំពៅអង្វរថា៖ «សុំលោកលែងពួកយើងទាំងអស់វិញចុះ យើងសន្យាថា នឹងទទួលរកអាហារជូនលោករាល់ឆ្នាំ លុះត្រាតែអស់ជីវិត បើលោកពិសាយើងទៅនោះ លោកបានឆ្អែតតែមួយគ្រាប៉ុណ្ណោះ អំណើះតទៅលោកនឹងត្រូវអត់ឃ្លានទៀត ។ បើពួកយើងសន្យានឹងលោកយ៉ាងនេះ តើលោកយកផ្លូវណា ? លោកសុខចិត្តពិសារូបយើងឱ្យបានតែមួយចម្អែត ឬក៏សុខចិត្តទុកជីវិតពួកយើងដើម្បីឱ្យទៅរកអាហារជូនលោកវិញ ?» ។
ពួកប្រេតឮសំណើនៃនាយសំពៅដូច្នេះ ក៏គិតគ្នាមួយសន្ទុះ ទើបព្រមដោះលែងពួកឈ្មួញ ហើយផ្តាំផ្ញើថា «កាលបើពួកអ្នកបានទៅដល់ស្រុកទេសខ្លួនហើយ កាលណាមានខ្យល់ជំនោរធ្លាក់មកពីទិសខាងជើង អ្នកទាំងអស់គ្នាត្រូវធ្វើក្បូនផ្ទុកធញ្ញជាតិ និងអាហារគ្រប់យ៉ាង មានលាជ សណ្តែក ល្ង ដូង អំបុក ចេក ជាដើម បណ្តែតតាមខ្សែទឹកមកឱ្យយើងចុះ មិនបាច់នាំមកផ្ទាល់ទេ ជំនោរខ្យល់នឹងបញ្ជូនមកដល់យើងហើយ» ។
ឮតែប៉ុណ្ណេះ ពួកអ្នកសំពៅត្រេកអររកអ្វីប្រៀបពុំបាន ហើយក៏នាំគ្នាចុះសំពៅយ៉ាងខ្ញៀវខ្ញារបើកចេញផុតពីនោះយ៉ាងប្រញាប់ ។ លុះទៅដល់ភូមិស្រុកជួបជុំគ្រួសារហើយត្រូវនឹងពេលជិតដល់រដូវភ្ជុំដែលទឹកឡើងជាលំដាប់ផង អ្នកដែលបានសន្យានឹងប្រេតទាំងនោះក៏នាំគ្នាធ្វើនំនែក រកចេកអំពៅ លាជ ស្រូវ អង្ករ ផ្លែឈើ ដែលមានក្នុងរដូវនោះធ្វើពោងពាយ ហើយដាក់បណ្តែតបញ្ជូនទៅឱ្យប្រេតតាមខ្សែទឹករាល់ឆ្នាំ ។
មនុស្សជាន់ដើមកាន់ពាក្យសច្ចៈល្អណាស់ បើនិយាយសន្យាថាដូចម្តេចហើយ មិនហ៊ានបំពានទេ ។ ចំណេរតមក អ្នកស្រុកក៏នាំគ្នាធ្វើតៗមក ទៅជាទំនៀមទម្លាប់ដោយយល់ថា «ធ្វើបុណ្យបណ្តែតស្រូវអង្ករទៅឱ្យដូនតា ដែលទៅកើតជាប្រេត ស្ថិតនៅឯស្រុកទន្លេស្ងួត កន្តួតមួយដើម» នោះវិញ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើសាលប្រកួតកីឡារដូវរងាអាស៊ីមានរូបរាងយ៉ាងណា?

ពិតជាសាហាវមែន! ករណីជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន និងត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ក្រុង Huainan ខេត្ត Anhui៖ សេដ្ឋកិច្ចពេលយប់នៅតំបន់ទេសចរណ៍វប្បធម៌ Chunshenli មានសន្ទុះខ្លាំង

មនុស្ស៣ប្រភេទ រស់នៅច្រើនតែមិនសប្បាយចិត្ត និងវេទនាពេញមួយជីវិត

យោបល់ទាំងអស់ (0)